
សុខភាព៖ អ្នកដែលមានបញ្ហាសន្លាក់ មិនត្រូវពិសាថ្នាំគ្មានវេជ្ជបញ្ជា ឬថ្នាំលក់តាមអនឡាញឡើយ ព្រោះភាគច្រើនថ្នាំទាំងនេះ មានលាយសារធាតុស្តេរ៉ូអ៊ីត (Steroids) ខ្ពស់ នាំឱ្យមានផលប៉ះពាល់ដល់សុខភាពកាន់តែធ្ងន់ធ្ងរ។ នេះបើតាមការផ្សាយរបស់មន្ទីរពេទ្យបង្អែកស្អាង។

ផលវិបាកដែលទទួលបានពីការលេបថ្នាំមានលាយសារធាតុស្តេរ៉ូអ៊ីត រួមមាន៖ មុខឡើងប៉ោង, ឡើងបាយភ្នែក, ពុកឆ្អឹង, ប្រព័ន្ធការពាររាងកាយចុះខ្សោយងាយនឹងឆ្លងមេរោគផ្សេងៗ, ធ្វើឱ្យខូចតម្រងនោមធ្ងន់ធ្ងរ, រហូតដល់ត្រូវលាងឈាម, រលាក ឬធ្លាយក្រពះ, និងហូរឈាមក្នុងបំពង់អាហារ ។ល។ ដូច្នេះ ត្រូវឈប់ទិញថ្នាំគ្រាប់ផ្សំស្រាប់ៗ ឬថ្នាំដែលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។ ត្រូវប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីរកមូលហេតុពិតប្រាកដនៃជំងឺសន្លាក់។ ប្រើប្រាស់ថ្នាំតាមកម្រិត និងពេលវេលាដែលគ្រូពេទ្យកំណត់ឱ្យបានត្រឹមត្រូវ។ គួរជម្រាបថា មូលហេតុដែលបង្កឱ្យឈឺសន្លាក់ មានដូចជា៖ ទទួលទានភេសជ្ជៈមានជាតិកាហ្វេអ៊ីនច្រើនជ្រុល, អង្គុយ ឬឈររយៈពេលយូរ, ទទួលទានជាតិកាល់ស្យូមមិនគ្រប់គ្រាន់, ទទួលទានទឹកមិនគ្រប់គ្រាន់ និងពាក់ស្បែកជើងកែងញឹកញាប់។

ចំពោះអាហារដែលអ្នកជំងឺសន្លាក់មិនគួរទទួលទាន រួមមាន៖ ជាតិស្ករ សាច់កែច្នៃ និងសាច់ក្រហម អាហារដែលមានអំបិលច្រើន អាហារកែច្នៃ គ្រឿងស្រវឹង ប្រេងបន្លែមួយចំនួន អាហារដែលមានអំបិលច្រើន និងអាហារដែលមានសារធាតុហ្ក្លាយខេសិន ( glycation) កម្រិតខ្ពស់។ ចំណែកអាហារគួរបរិភោគ មានដូចជា៖ ខ្ទឹមស ខ្ញី ផ្កាខាត់ណាខៀវ ផ្លែបឺរី ទំពាំងបាយជូ ទឹកឈឺរី ស្ពៃខ្មៅ ត្រីខ្លាញ់ និងប្រេងអូលីវ៕



