អាហារ​ និង​ភេសជ្ជៈ​ ៨​ប្រភេទ​ដែលអ្នកមាន​ជំងឺ​រលាក​សន្លាក់​​គួរ​ចៀសវាង​
SBM News
25 កក្កដា 2022 11:30 PM

ជំងឺរលាកសន្លាក់ គឺជាស្ថានភាពសុខភាពដែលពាក់ព័ន្ធនឹងការរលាករ៉ាំរ៉ៃនៅក្នុងសន្លាក់របស់អ្នក។ វាបណ្តាលឱ្យមានការឈឺចាប់ និងខូចខាតដល់សន្លាក់ ឆ្អឹង និងផ្នែកផ្សេងៗនៃរាងកាយ។ ការស្រាវជ្រាវបង្ហាញថា ការចៀសវាងអាហារ និងភេសជ្ជៈមួយចំនួន អាចកាត់បន្ថយភាពធ្ងន់ធ្ងរនៃរោគសញ្ញាជំងឺ​រលាក​សន្លាក់​ ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតទាំងមូលរបស់ពួកគេ។ ខាង​ក្រោម​នេះ​ជា​អាហារ និង​ភេសជ្ជៈ ៨ប្រភេទ​ដែល​អ្នក​គួរ​ចៀសវាង​ប្រសិន​បើ​អ្នក​មាន​ជំងឺ​រលាក​សន្លាក់៖

១. ជាតិស្ករ៖ អ្នកគួរតែកំណត់ការទទួលទានជាតិស្ករ ជាពិសេសប្រសិនបើអ្នកមានជំងឺរលាកសន្លាក់។ ជាតិស្ករត្រូវបានរកឃើញនៅក្នុងស្ករគ្រាប់ សូដា ការ៉េម និងអាហារជាច្រើនទៀត រួមទាំងរបស់ដូចជា ទឹកជ្រលក់សាច់អាំងជាដើម។

២. សាច់កែច្នៃ និងសាច់ក្រហម៖ សាច់ក្រហម និងសាច់កែច្នៃ អាចបង្កើនរោគសញ្ញានៃជំងឺរលាកសន្លាក់។

៣. អាហារដែលមានជាតិ Gluten៖ Gluten គឺជាក្រុមនៃប្រូតេអ៊ីននៅក្នុងស្រូវសាលី (នំប៉័ង,បឺហ្គឺរ...) ដែលនាំឱ្យកើនឡើងនៃការរលាកសន្លាក់។

៤. អាហារកែច្នៃ៖ អាហារកែច្នៃកម្រិតខ្ពស់ដូចជា អាហាររហ័ស ធញ្ញជាតិអាហារពេលព្រឹក និងនំដុត ជាធម្មតាមានធញ្ញជាតិចម្រាញ់ខ្ពស់ បន្ថែមជាតិស្ករ សារធាតុរក្សាទុក និងគ្រឿងផ្សំដែលអាចធ្វើឱ្យរោគសញ្ញារលាកសន្លាក់កាន់តែអាក្រក់។

៥. គ្រឿងស្រវឹង៖ ដោយសារគ្រឿងស្រវឹងអាចធ្វើឱ្យរោគសញ្ញារលាកសន្លាក់កាន់តែអាក្រក់ អ្នកដែលមានជំងឺរលាកសន្លាក់គួរតែកំហិតការសេព ឬជៀសវាងវាតែម្ដង។

៦. ប្រេងបន្លែមួយចំនួន៖ របបអាហារដែលមានជាតិខ្លាញ់អូមេហ្គា ៦ ខ្ពស់ និងខ្លាញ់អូមេហ្គា ៣ ទាប អាចធ្វើឱ្យរោគសញ្ញានៃជំងឺរលាកសន្លាក់កាន់តែអាក្រក់។ កាត់បន្ថយការទទួលទានអាហារសម្បូរជាតិខ្លាញ់អូមេហ្គា ៦ ដូចជាប្រេងបន្លែ ខណៈបង្កើនការទទួលទានអាហារសម្បូរអូមេហ្គា ៣ ដូចជាខ្លាញ់ត្រី អាចធ្វើឱ្យរោគសញ្ញារលាកសន្លាក់ប្រសើរឡើង។

៧. អាហារដែលមានអំបិលច្រើន៖ ការកាត់បន្ថយអំបិលអាចជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមានជំងឺរលាកសន្លាក់។ អាហារដែលមានអំបិលខ្ពស់ រួមមានបង្គា ម្សៅស៊ុប ភីហ្សា ឈីសមួយចំនួន សាច់កែច្នៃ និងរបស់កែច្នៃជាច្រើនទៀត។

៨. អាហារដែលមានglycation កម្រិតខ្ពស់៖ ផលិតផល glycation កម្រិតខ្ពស់ [Advanced glycation end products (AGEs)] ជាម៉ូលេគុលដែលបង្កើតឡើងតាមរយៈប្រតិកម្មរវាងជាតិស្ករ និងប្រូតេអ៊ីន ឬខ្លាញ់។ សាច់គោ សាច់ជ្រូក សាច់ចៀម ស្បែកបក្សី ប្រហិត ផលិតផលទឹកដោះគោមានជាតិខ្លាញ់ខ្ពស់ ប៊ឺ ទឹកជ្រលក់ អាហារចៀន និងអាហាររហ័សភាគច្រើន គឺជាប្រភពអាហារសម្បូរបំផុតនៃ glycation កម្រិតខ្ពស់៕ source: healthline

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត