
សុខភាព៖ មហារីកឆ្អឹង ជាជំងឺសាច់កាចដែលកើតនៅលើឆ្អឹង ភាគច្រើនកើតលើក្មេងជំទង់អាយុចន្លោះពី១៣ ទៅ១៦ឆ្នាំ តែករណីខ្លះ ក៏អាចកើតមានលើមនុស្សពេញវ័យដែរ។ មហារីកឆ្អឹង ច្រើនកើតនៅលើឆ្អឹងវែង ដូចជា ឆ្អឹងដើមដៃ ឆ្អឹងភ្លៅ និងឆ្អឹងស្មងជើង។ នេះបើតាមការឱ្យដឹងពីគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត…។

មហារីកឆ្អឹង មានរោគសញ្ញាទាំងនេះ ៖ ១. ពិបាកធ្វើចលនា, ២. ហើម ឬឡើងដុំពកឆ្អឹងបន្តិចម្ដងៗ, ៣. ងាយបាក់ឆ្អឹង (បាក់ដោយឯងៗ ឬនៅពេលប៉ះទង្គិចអ្វីមួយតិចតួច), ៤. ឈឺចាប់នៅកន្លែងដុំមហារីក។ បើសិនកូនលោកអ្នក មានរោគសញ្ញាសង្ស័យដូចរៀបរាប់នេះ ត្រូវនាំមកពិគ្រោះប្រឹក្សាយោបល់ ជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសជំនាញផ្នែកជំងឺមហារីក ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឱ្យទាន់ពេលវេលា។

ដើម្បីធ្វើរោគវិនិច្ឆ័យរកជំងឺមហារីកឆ្អឹង គ្រូពេទ្យ ត្រូវច្រឹបយកជាលិកាដែលសង្ស័យយកទៅវិភាគ។ ក្រៅពីនេះ ត្រូវធ្វើការវិភាគ ដើម្បីកំណត់ទីតាំង ទំហំ និងការរីករាលដាលនៃជំងឺ ដូចជា ការថតវិទ្យុសាស្រ្ត ប្រើ Scaner (ស្កេននើ) និងប្រើ IRM (អាយ អរអ៊ឹម) ជាដើម។ ជំងឺមហារីកឆ្អឹង ត្រូវព្យាបាលដោយចាក់ថ្នាំគីមី និងវះកាត់ដោយវេជ្ជបណ្ឌិតជំនាញ។ ការព្យាបាលមានប្រសិទ្ធិភាពខ្ពស់បំផុត នៅពេលជំងឺស្ថិតក្នុងដំណាក់កាលដំបូង មិនទាន់មានការរីករាលដាលទៅសរីរាង្គដទៃ និងទទួលបានការវះកាត់ត្រឹមត្រូវ៕




