មានអាការហើមជើង ជារោគសញ្ញាប្រាប់ថា រាងកាយជួបបញ្ហា៤យ៉ាង
S
Sreyleak Yith
15 ម៉ោងមុន


សុខភាព៖ ពេលខ្លះ ការហើមជើង (Edema) អាចមកពីដើរច្រើន ឬឈរយូរពេក។ តែពេលខ្លះ មិនដើរ ឬឈរយូរ ក៏ហើមដែរ ដោយកត្តានេះ អាចជាសញ្ញាបង្ហាញឱ្យដឹងថា សុខភាពរាងកាយកំពុងមានបញ្ហាហើយ។ នេះបើតាមការផ្សាយរបស់មន្ទីរពេទ្យបង្អែកស្អាង

មូលហេតុដែលបង្កឱ្យហើមជើង រួមមាន៖ សរសៃឈាមវ៉ែន នៅជើងចុះខ្សោយ មិនអាចរុញឈាមត្រឡប់ទៅបេះដូងវិញបានល្អ។ នៅពេលបេះដូងចុះខ្សោយ ការច្របាច់ឈាមទៅចិញ្ចឹមរាងកាយមិនបានល្អ បណ្ដាលឱ្យមានការកកស្ទះជាតិទឹកនៅផ្នែកខាងក្រោមនៃរាងកាយ (ជាពិសេស គឺជើង)។ ជំងឺថ្លើមរ៉ាំរ៉ៃ អាចប៉ះពាល់ដល់ការផលិតជាតិប្រូតេអ៊ីនអាល់ប៊ុមីន (Albumin) ដែលជួយរក្សាជាតិទឹកក្នុងសរសៃឈាម ជាហេតុធ្វើឱ្យជាតិទឹកជ្រាបចេញមកក្រៅបង្កជាការហើមជើង។ តម្រងនោមមានតួនាទីបញ្ចេញជាតិទឹក និងជាតិប្រៃលើស។ បើតម្រងនោមមានបញ្ហា វានឹងធ្វើឱ្យជាតិទឹកដក់ក្នុងខ្លួន បណ្ដាលឱ្យហើមជើង និងពេលខ្លះហើមទាំងមុខ ឬភ្នែក។

​មួយវិញទៀត ផលវិបាកនៃឱសថនោះ គឺថ្នាំបញ្ចុះសម្ពាធឈាមមួយចំនួន ឬថ្នាំបំបាត់ការឈឺចាប់ ក៏អាចបណ្ដាលឱ្យមានអាការហើមជើងដែរ។ ក្នុងករណីមានអាការហើមជើង អមដោយការហត់ ឬការថប់ដង្ហើមពេលដេក ហើមជើងតែម្ខាង និងឈឺចាប់ខ្លាំង ស្បែកត្រង់កន្លែងហើមឡើងក្រហម ឬក្ដៅ ត្រូវទៅជួបគ្រូពេទ្យជំនាញដើម្បីពិនិត្យ និងព្យាបាលឱ្យបានត្រឹមត្រូវ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត