
រាយការណ៍ពីរាជធានីភ្នំពេញ៖ ស្ថិតក្នុងសម្លៀកបំពាក់នគរបាល លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលជាអាណាព្យាបាលរបស់កម្លាំងនគរបាលជាតិទូទាំងប្រទេស បានចុះជួបសំណេះសំណាល និងនាំយកអំណោយមួយចំនួនធំ ទៅជូនកម្លាំងនគរបាលកំពុងឈរជើងតាមព្រំដែនក្នុងខេត្តព្រះវិហារ ស្របពេលព្រំដែនកម្ពុជា-ថៃស្ថិតក្នុងស្ថានការណ៍មិនសូវល្អ។ ដំណើររបស់លោករដ្ឋមន្រ្តីមហាផ្ទៃ ឆ្ពោះទៅជួបកម្លាំងនគរបាលនៅព្រំដែន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ មានមេនគរបាលខ្ពស់បំផុត គឺលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អមដំណើរទៅជាមួយ។ លោកស្រី កែ សួនសុភី ភរិយារបស់លោករដ្ឋមន្រ្តីមហាផ្ទៃ ក៏ទៅដែរ។

អំណោយដែលលោក ស សុខា យកទៅជូនកម្លាំងនគរបាលតាមព្រំដែន មានដូចជា ថវិកា អង្ករ មី ត្រីខ ជាដើម។ មិនមែនតែកងកម្លាំងនគរបាលនោះទេ ក្រុមគ្រូពេទ្យមួយចំនួននៅតំបន់នោះ ក៏ទទួលបានអំណោយជាថវិកាដែរ។ មុនចុះទៅខ្លួនឯងផ្ទាល់ លោក ស សុខា កាលពីថ្ងៃទី៧មិថុនា បានបញ្ជូនមេប៉ូលិសជាន់ខ្ពស់៦រូប ដោយក្នុងនោះ មានទាំងថ្នាក់អគ្គស្នងការរង២រូប នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យទៅប្រចាំការនៅព្រំដែន ដើម្បីជាកម្លាំងជំនួយបន្ថែមក្នុងការជួយដល់លោកនាយឧត្តមសេនីយ៍ ខេង សុមេត អគ្គស្នងការរងនគរបាលជាតិ ដែលកំពុងដឹកនាំកម្លាំងនគរបាលស្រាប់ នៅតាមព្រំដែនជាប់ប្រទេសថៃ។

ជាមួយគ្នានេះ នៅថ្ងៃទី១០មិថុនា លោករដ្ឋមន្រ្តីមហាផ្ទៃ ទើបបានផ្ញើលិខិតទៅកាន់អភិបាលខេត្តទាំងអស់នៅជាប់ព្រំដែនថៃ ឱ្យរៀបចំផែនការឱ្យហើយជាមុន ដើម្បីអាចជម្លៀសប្រជាជនខ្មែរចេញពីទឹកដីថៃ ឬប្រជាជនខ្មែររស់នៅតាមព្រំដែន បានទាន់ពេល បើមានការផ្ទុះអាវុធកើតឡើងជាយថាហេតុរវាងកងកម្លាំងកម្ពុជា-ថៃ។ មិនត្រឹមតែផែនការជម្លៀសនោះទេ លោករដ្ឋមន្រ្តី ថែមទាំងប្រាប់អភិបាលខេត្តទាំងនោះ ឱ្យត្រៀមអ្វីៗគ្រប់យ៉ាងឱ្យរួចរាល់ជាមុនផងដែរ ដូចជា មធ្យោបាយដឹកជញ្ជូន មធ្យោបាយជួយសង្គ្រោះ កន្លែងស្នាក់នៅ ស្បៀងអាហារ ថ្នាំសង្កូវ ទឹក និងភ្លើងអគ្គិសនី ជាដើម។

កម្ពុជា-ថៃ ចាប់ផ្តើមមានរឿងជាមួយគ្នាឡើងវិញ ចាប់តាំងពីផ្ទុះអាវុធដាក់គ្នានៅតំបន់មុំ៣-ឆងបក (តាមព្រំដែនប្រទេសទាំង២) កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ កងទ័ពកម្ពុជាម្នាក់ បានបាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះអាវុធនេះ។ ចាប់តាំងពីពេលនោះមក ចលនាជួយឧបត្ថម្ភដល់កងទ័ពកម្ពុជាក៏កើតឡើង។ ស្ថានការណ៍តាមព្រំដែនកម្ពុជា-ថៃ មិនទាន់ល្អដូចដើមឡើយ ដោយថៃសម្រេចចិត្តខ្លួនឯង បិទច្រកព្រំដែនខ្លះ និងច្រកព្រំដែនខ្លះទៀត បើកយឺតជាងមុន បិទលឿនជាងមុន ធ្វើឱ្យប៉ះពាល់ដល់ការចេញចូលរបស់ប្រជាជន និងរំហូរទំនិញទៅមកនៃប្រទេសទាំង២៕

អត្ថបទទាក់ទង៖
រដ្ឋមន្ត្រីមហាផ្ទៃ បញ្ជូនមេប៉ូលិសធំៗ ទៅប្រចាំការតាមព្រំដែនជាប់ប្រទេសថៃ


