នាយករដ្ឋមន្ត្រីម៉ាឡេស៊ីអះអាង​ថា វិបត្តិព្រំដែនកម្ពុជា-ថៃ​ នឹង​ត្រូវ​រលត់​ក្នុង​ពេល​ឆាប់ៗ​
ហៀប ស៊ីថេត
24 តុលា 2025 02:30 AM

រាជធានីគូឡាំពួរ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានអះអាងថា លក្ខខណ្ឌលម្អិតសម្រាប់ដំណោះស្រាយជម្លោះព្រំដែនថៃ-កម្ពុជា ត្រូវបានគេរំពឹងថា នឹងបញ្ចប់ក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃទៀត។ ទន្ទឹមនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសក្បែរខាងទាំង២ នឹងត្រូវសម្រេចបាន ដោយមានវត្តមាននាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ចូលខ្លួនធ្វើជាសាក្សីផ្ទាល់។ នេះបើតាមកាសែតម៉ាឡេស៊ី BERNAMA ចុះផ្សាយនាថ្ងៃទី២៣​តុលា...។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម
លោក អាន់វ៉ា អ៊ីប្រាហ៊ីម

លោក អាន់វ៉ា បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ទី២៣តុលាថា៖«រដ្ឋមន្ត្រីការពារជាតិកម្ពុជា-ថៃ នឹងបញ្ចប់លក្ខខណ្ឌលម្អិត ហើយប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវបានសម្រេចក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃបន្ទាប់ ការចុះហត្ថលេខានឹងធ្វើជាសាក្សីដោយរូបខ្ញុំ និងប្រធានាធិបតី ដូណាល់ ត្រាំ ផ្ទាល់ ដែលគាំទ្រដំណោះស្រាយ[សន្តិភាព]នេះផងដែរ»។ ជាការពិត លោក អាន់វ៉ា បានលើកឡើងថា ប្រទេសម៉ាឡេស៊ីបានដើរតួនាទីជាអ្នកសម្រុះសម្រួលដោយជោគជ័យ ក្នុងការជួយដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។ បន្ថែមលើនេះ លោក អាន់វ៉ា បានសង្កត់ធ្ងន់ថា៖«ដូចដែលខ្ញុំបានលើកឡើងពីមុន ការចរចាមិនមែនធ្វើឡើងតែម្ដងទេ ប៉ុន្តែម្ដងហើយម្ដងទៀត រួមទាំងកិច្ចប្រជុំរវាងប្រមុខកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំង២ នៅរដ្ឋធានីគូឡាឡាំពួរ បន្ទាប់មកដោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងថ្មីៗនេះ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ»។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

គួរបញ្ជាក់ថា សន្តិភាពសម្រាប់រដ្ឋមក្សត់កម្ពុជាកាន់តែបញ្ចេញរស្មី និងមានពន្លឺ ក្រោយប្រធានអាស៊ានប្តូរម៉ាឡេស៊ីព្យាយាមខ្នះខ្នែងក្នុងការស្វែងរកដំណោះស្រាយក្រោយមានជម្លោះឈ្លានពានរបស់ថៃមកលើកម្ពុជា។ អ្វីដែលជាអម្រែកដ៏ធ្ងន់សង្កត់-ក ទៅដល់ភាគីថៃ ក្នុងការស៊ីញ៉េលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជានាពេលខាងមុខ គឺឥទ្ធិពលរបស់មហាអំណាចលេខ១លើលោក សហរដ្ឋអាម៉េរិក ដឹកនាំដោយស្តេចឥន្ទ្រីចំពុះមុត ដូណាល់ ត្រាំ ផ្ទាល់។ យើងនឹងរង់ចាំមើលថា តើថៃនឹងមានលេសអ្វី ឬលេងល្បែងថ្ពិនភ្នែកអ្វីទៀត ដើម្បីដើរចេញពីការស៊ីញ៉េលើកិច្ចព្រមព្រៀងសន្តិភាព នាពេលឆាប់ៗខាងមុខនេះ...?...៕

ជំនួបចរចាបទឈប់បាញ់បន្ទាន់រវាងសម្តេចធិបតី និងលោកភូមិធម្ម
ជំនួបចរចាបទឈប់បាញ់បន្ទាន់រវាងសម្តេចធិបតី និងលោកភូមិធម្ម
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត