បញ្ជាការសន្តិសុខផ្ទៃក្នុងថៃ បន្លឺស៊ីរ៉ែនចំពោះ​​ដ្រូនអត្តឃាត
N
Nary Vann
10 ធ្នូ 2025 08:00 AM

រាជធានីបាងកក៖ បញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុងរបស់ប្រទេសថៃ ហៅកាត់ថា ISOC បានបញ្ជាឱ្យបង្កើនការឃ្លាំមើលយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ និងដ្រូនអត្តឃាត (Kamikaze Drone) ដែលមានផ្ទុកដោយគ្រឿងផ្ទុះ នៅក្នុងខេត្តចំនួន៧តាមព្រំដែនកម្ពុជា-ថៃ ដោយព្រមានថា បច្ចេកវិទ្យាបែបនេះអាចគំរាមកំហែងដល់សន្តិសុខជាតិ និងសុវត្ថិភាពសាធារណៈ។

អ្នកនាំពាក្យ ISOC លោក ធម្មនូន ម៉ៃសុនធិ (Thammanoon Maisonthi) កាលពីថ្ងៃទី៩ ខែធ្នូ បាននិយាយថា អគ្គលេខាធិការ ISOC លោក ឆៃយ៉ាព្រឹក ដួងប្រាផាត់ (Chaiyaphreuk Duangpraphat) បានណែនាំមេបញ្ជាការសន្តិសុខផ្ទៃក្នុងខេត្តទាំងអស់ ជាពិសេសនៅក្នុងខេត្តជាប់ព្រំដែនឧប្បលរាជធានី ស៊ីសាកេត សុរិន្ទ បុរីរម្យ ស្រះកែវ ចន្ទបុរី និងខេត្តត្រាច ឱ្យរឹតបណ្តឹងសកម្មភាពត្រួតពិនិត្យយ៉ាងតឹងរ៉ឹង។ ប្រធាន ISOC បានសង្កត់ធ្ងន់ថា ស្ថានភាពសន្តិសុខនៅតាមបណ្តោយព្រំដែនមានភាពរសើប និងមានហានិភ័យនៃការប្រើយន្តហោះគ្មានមនុស្សបើក សម្រាប់គោលបំណងអរិភាព។

ISOC ក៏អំពាវនាវឱ្យមានការប្រុងប្រយ័ត្នជាសាធារណៈ ជាពិសេសនៅតាមតំបន់ព្រំដែន ដោយផ្តល់គោលការណ៍ណែនាំសម្រាប់ការរាយការណ៍ពីសកម្មភាពយន្តហោះគ្មានមនុស្សបើកដែលគួរឱ្យសង្ស័យ ដូចជាការហោះហើរខុសប្រក្រតី ឬវត្តមាននៅក្នុងតំបន់ហាមឃាត់។ ប្រជាពលរដ្ឋ​ត្រូវ​បាន​ណែនាំ​កុំ​ឱ្យ​ប៉ះពាល់​យន្តហោះ​ដ្រូ​ន​ដែល​ធ្លាក់ ឬ​វត្ថុ​ពាក់ព័ន្ធ​ណាមួយ​ដោយសារ​គ្រោះថ្នាក់​ដែល​អាច​កើត​មាន ហើយ​គួរ​រាយការណ៍​ពី​ការ​រក​ឃើញ​បែប​នេះ​ទៅ​អាជ្ញាធរ​មូលដ្ឋាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត