
រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រាប់ទៅគ្រប់អភិបាលខេត្តទាំងអស់ដែលនៅជាប់ព្រំដែនជាមួយថៃ ត្រូវត្រៀមលក្ខណៈឱ្យរួចរាល់ហើយ ដើម្បីអាចជួយប្រជាជនខ្មែរទាន់ពេលវេលា ដូចជា ការជម្លៀសពួកគាត់ចេញពីទឹកដីថៃ ជាដើម បើសិនជាការផ្ទុះអាវុធកើតឡើងរវាងកងកម្លាំងប្រទេសទាំង២។ បទបញ្ជារបស់លោករដ្ឋមន្រ្តីមហាផ្ទៃ ធ្វើឡើងតាមរយៈលិខិតរួមមួយច្បាប់ ជូនទៅបណ្តាអភិបាលខេត្តជាប់ព្រំដែនថៃ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ។
លោក ស សុខា ផ្តល់ការណែនាំដូច្នេះថា៖«ត្រូវរៀបចំទុកជាមុននូវផែនការជម្លៀសប្រជាពលរដ្ឋដែលត្រឡប់ពីថៃចូលមកក្នុងប្រទេសវិញ និងប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែន ក្នុងករណីមានការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់អាវុធកម្ពុជា-ថៃ ដែលអាចកើតឡើងជាយថាហេតុ ឬមានការបិទច្រកព្រំដែន ហើយត្រូវរៀបចំទុកជាមុននូវទីជម្រកសុវត្ថិភាពបណ្ដោះអាសន្ន មធ្យោបាយដឹកជញ្ជូន ជំនួយសង្គ្រោះ ស្បៀងអាហារ ថ្នាំសង្កូវ ទឹកស្អាត អគ្គិសនី។ល។»។

កម្ពុជាមានខេត្ត៧ដែលជាប់ព្រំដែនជាមួយថៃ គឺ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង បៃលិន ពោធិ៍សាត់ និងកោះកុង។ ក្នុងលិខិត លោក ស សុខា ប្រាប់អភិបាលទាំង៧រូប ត្រូវខិតខំការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការងារ រកស៊ី និងរស់នៅក្នុងទឹកដីថៃ ព្រមទាំងត្រៀមវិធានការជម្លៀសប្រជាពលរដ្ឋខ្មែរដែលកំពុងនៅប្រទេសថៃ ឱ្យវិលចូលក្នុងប្រទេសវិញក្នុងករណីមានការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់វុធនៅតាមខ្សែបន្ទាត់ព្រំដែន។

ផ្នែកតាមការណែនាំរបស់រដ្ឋមន្រ្តីមហាផ្ទៃដដែល អភិបាលខេត្តទាំង៧រូប ត្រូវអប់រំណែនាំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋខ្មែរ កុំឱ្យឆ្លងដែនចូលទៅប្រទេសថៃជាបណ្តោះអាសន្ន បើមិនចាំបាច់។ សូមជម្រាបថា ចាប់តាំងពីផ្ទុះអាវុធដាក់គ្នាតំបន់មុំ៣-ឆងបក កម្ពុជា-ថៃ ក៏ចាប់ផ្តើមប្រឈមុខដាក់គ្នា រហូតដល់ថៃសម្រេចចិត្តខ្លួនឯង ផ្លាស់ប្តូរម៉ោងបើក-បិទច្រកព្រំដែន គឺបើកយឺនជាងមុន និងឆាប់បិទលឿនជាងមុន។ យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលប្រទេសទាំង២ សុទ្ធតែបង្ហាញសុឆន្ទៈរៀងខ្លួន ចង់ឱ្យស្ថានការណ៍វិលមករកប្រក្រតីភាពឡើងវិញ៕



