ក្រោយទាហានដើរជាន់មី.នដា.ច់កជើង នាយករដ្ឋមន្រ្តីថៃ ប្រកាសផ្អាកប្រតិបត្តិការដោះស្រាយបញ្ហាព្រំដែន រួមទាំងពន្យារពេលដោះលែងវីរកងទ័ពកម្ពុជាផងដែរ
ហៀប ស៊ីថេត
10 វិច្ឆិកា 2025 07:28 AM

រាជធានីបាងកក៖ នាយក​រដ្ឋមន្ត្រី​ថៃ លោក អានុទីន ឆានវីរគុល បានប្រកាសផ្អាក​ប្រតិបត្តិសកម្មភាពដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា បន្ទាប់​ពី​ទាហាន​ថៃ​ម្នាក់ដើរជាន់មីនផ្ទុះដាច់កជើងនៅទល់មុខប្រាសាទព្រះវិហារ​ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ណាត់ថៈផុន ណាក់ផានិច្ច ក៏បានបញ្ជាឱ្យពន្យារពេលដោយគ្មានកាលកំណត់នៃការដោះលែងទាហានកម្ពុជាទាំង១៨នាក់។ នេះបើយោងតាមកាសែតថៃ The Nation។ 

លោក អានុទីន ឆានវីរគុល
លោក អានុទីន ឆានវីរគុល

លោក អានុទីន បាននិយាយអំពីឧបទ្ទវហេតុដែលទាហានថៃបានជាន់មីន ខណៈកំពុងដើរល្បាតនៅជិតតំំបន់ហួយតាម៉ារៀ (Huai Ta Maria) ក្នុងខេត្តស៊ីសាកេត ទល់មុខប្រាសាទព្រះវិហារ។ ជុំវិញឧប្បត្តិហេតុនេះ លោក អានុទីន អះអាង​ថា រាល់​ប្រតិបត្តិការ​ដោះស្រាយបញ្ហាព្រំដែន​ជាមួយ​កម្ពុជា រួម​ទាំង​ផែនការដោះលែងទាហានកម្ពុជា​ទាំង ១៨​នាក់ត្រូវ​ផ្អាក។ ជាមួយគ្នានេះ លោក បានបោះសម្តីថា ៖«អ្វីដែលបានកើតឡើងធ្វើឱ្យយើងដឹងថា អរិភាពចំពោះប្រទេសថៃ និងការគំរាមកំហែងដល់សន្តិសុខជាតិរបស់យើងមិនមានការថមថយនោះទេ។ ដោយសារបញ្ហានេះ យើងមិនអាចបន្តសកម្មភាពណាមួយ[ជាមួយកម្ពុជា]បន្ថែមទៀតបានទេ»។

រូបភាព៖ Thai PBS
រូបភាព៖ Thai PBS

គេគ្រប់គ្នាដឹងថា ក្រសួងការពារជាតិថៃបានកំណត់ពេលវេលាដោះលែងទាហានកម្ពុជាចំនួន១៨នាក់នៅថ្ងៃពុធទី១២ ខែវិច្ឆិកាខាងមមុខនេះ បន្ទាប់ពីកម្ពុជាបានបំពេញលក្ខខណ្ឌសំខាន់ៗចំនួន២ គឺការបញ្ចប់ដំណាក់កាលទី១ នៃការដកអាវុធធុនធ្ងន់ និងការអនុញ្ញាតឱ្យយោធាថៃប្រតិបត្តិការបោសសម្អាតមីននៅក្នុងតំបន់ដែលបានកំណត់ចំនួន៥។

លោក ណាត់ថៈផុន ណាក់ផានិច្ច
លោក ណាត់ថៈផុន ណាក់ផានិច្ច

យ៉ាងណា នោព្រឹកថ្ងៃចន្ទទី១០ ខែវិច្ឆិកា យោធាថៃ២នាក់បានដើរជាន់មីននៅតំបន់មុខប្រាសាទព្រះវិហារ ដោយម្នាក់ដាច់កជើង និងម្នាក់ទៀតរបួសត្រង់ទ្រូង។ បានលេសនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបញ្ជាឱ្យពន្យារពេលដោះលែងវីរកងទ័ពកម្ពុជាភ្លាម។ ជាមួយគ្នានេះ លោក ណាត់ថាក់ផុន បានសង្កត់ធ្ងន់ថា ៖«ខ្ញុំបានបញ្ជាឱ្យត្រួតពិនិត្យឡើងវិញ។ អ្វីដែលប្រាកដនោះគឺថាការដោះលែងយោធាកម្ពុជានឹងត្រូវផ្អាក»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត