
រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៧មិថុនា ឆ្នាំ២០២៥នេះ បានសម្រេចបញ្ជូនមន្ត្រីនគរបាលជាន់ខ្ពស់៦រូប នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទៅប្រចាំការ ដើម្បីជួយដោះស្រាយបញ្ហាដែលអាចកើតមាននៅតាមព្រំដែន។ នេះបើតាមការឱ្យពី លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យផ្ទាល់ខ្លួនរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា។

បើតាម លោក រ៉េន រតនៈ ការបញ្ជូនមន្ត្រីនគរបាលជាន់ខ្ពស់ទៅតាមព្រំដែន ធ្វើឡើងតាមបទបញ្ជារបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ លោកទាំង២ ចាត់តាំងក្រុមការងារប្រចាំការចំនួន៦នាក់ រួមមាន លោក ឡោ សុខឡេង អគ្គស្នងការរងនគរបាលជាតិ ជាប្រធាន និងលោក ប៊ុនប៉ា ម៉ារីលុច ជាអគ្គស្នងការរងនគរបាលជាតិដែរនោះ ជាអនុប្រធាន ព្រមទាំងថ្នាក់ឧត្តមសេនីយ៍៤រូបជាសមាជិក ឱ្យទៅជួយគាំទ្រដល់កម្លាំងនគរបាលការពារព្រំដែន ដែលកំពុងឈរជើងប្រចាំទិសភូមិភាគ៣ ភូមិភាគ៤ និងភូមិភាគ៥ តាមខ្សែបន្ទាត់ព្រំដែនភាគខាងលិចនៃប្រទេស ដែលជាប់ជាមួយថៃ។ ក្រុមការងារទាំង៦រូប ត្រូវសហការជាមួយ លោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិដែលទទួលដឹកនាំ ការងាររបស់នាយកដ្ឋានកណ្តាលនគរបាលព្រំដែន ដើម្បីសិក្សាអំពីតម្រូវការចាំបាច់នានា មានដូចជា មធ្យោបាយ ឧបករណ៍ សម្ភារៈបច្ចេកទេស អាវុធ គ្រាប់ ជួសជុលលេណដ្ឋាន នៅសមរភូមិជួរមុខ។

ក្រុមការងារនេះ ក៏មានតួនាទីស្នើសុំគោលការណ៍ដោះស្រាយ ផ្គត់ផ្គង់ ព្រមទាំងត្រូវទាក់ទងជាមួយក្រសួង-ស្ថាប័ន ដើម្បីកៀរគរសម្ភារៈ ថវិកា ស្បៀងអាហារ និងថ្នាំសង្កូវ សម្រាប់ផ្ដល់ជូនកងកម្លាំងនគរបាលការពារព្រំដែនផងដែរ។ ចំណែក អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ក៏បញ្ជាក់ឱ្យដឹងដែរថា ក្រៅពីបញ្ជូនមន្រ្តីនគរបាលទៅជួយគាំទ្រនៅតាមព្រំដែន ក្រសួងមហាផ្ទៃ ក៏បានបញ្ជូនជំនួយមួយចំនួនទៅឱ្យកងកម្លាំងនៅតាមព្រំដែនដែរ ដូចជាសម្ភារៈបំពាក់បម្រើឱ្យការប្រយុទ្ធរបស់នគរបាលការពារព្រំដែន ស្បៀងអាហារ ឱសថ និងមធ្យោបាយទំនាក់ទំនងនានា។ គួររម្លឹកខ្លីថា គិតរសៀលថ្ងៃទី៧មិថុនា ឆ្នាំ២០២៥នេះ ស្ថានភាពរវាងកម្ពុជា-ថៃ កាន់តែមានភាពតានតឹង ក្រោយថៃប្រកាសជាឯកតោភាគីសម្រេចចិត្តបិទច្រកព្រំដែនមួយចំនួនដែលជាប់កម្ពុជា ជាបណ្តោះអាសន្ន៕




