
រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងវប្បធម៌ ឯកឧត្តម ឡុង ប៉ុណ្ណាសិរីវត្ថ បានបង្ហើបពីវឌ្ឍនភាពមួយចំនួន ស្របនឹងខួប៤ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្តែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។
ថ្លែងប្រាប់ SBM News តាមទូរសព្ទ នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម ឡុង ប៉ុណ្ណាសិរីវត្ថ បានឱ្យដឹងថា បន្ទាប់ពីល្ខោនខោលត្រូវបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌហើយ កម្ពុជាទទួលបានវឌ្ឍនភាពច្រើន ហើយជាពិសេសក្នុងសហគមន៍វត្តស្វាយអណ្ដែត ក៏មានកំណើនសិស្សល្ខោនខោលជាបន្តបន្ទាប់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ឯកឧត្តម ឡុង ប៉ុណ្ណាសិរីវត្ថ បញ្ជាក់ថា៖ «ដល់សព្វថ្ងៃនេះ យើងឃើញថា មានសិស្សានុសិស្ស យុវជនស្វែងយល់ ហើយទៅរៀនមានចំនួនកើនឡើងច្រើនក្នុងសហគមន៍វត្តស្វាយអណ្ដែត ដើម្បីទៅរៀនល្ខោនហ្នឹង»។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមបានឱ្យដឹងថាមានយុវជនមួយចំនួន បានបង្កើតជា «ក្រុមយុវជនល្ខោនខោលកម្ពុជា», «ក្រុមសិល្បៈវប្បធម៌ល្ខោនខោលជំនាន់ថ្មី» ជាដើម និងផ្នែកផ្សេងៗទៀតដែលបាននឹងកំពុងចូលរួមថែរក្សា និងលើកស្ទួយលើវិស័យសិល្បៈរបស់ខ្មែរយើង។ បេតិកភណ្ឌវប្បធម៌អរូបីមួយនេះ បានរួមចំណែកធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់កម្ពុជា ល្បីរន្ទឺនៅលើឆាកអន្តរជាតិ ព្រមទាំងជាតួអង្គមួយដ៏លេចធ្លោនៅលើវេទិការបេតិកភណ្ឌពិភពលោកថែមទៀតផង។

យ៉ាងណាមិញ មន្ត្រីនាំពាក្យរួបនេះ បានលើកឡើងនូវកត្តាគាំទ្រសំខាន់ៗចំនួន ៣ រួមមាន៖ តម្លៃធំទី១. គឺសហគមន៍ ដែលប្រមូលផ្តុំទៅដោយអ្នកមានចំណេះ និងជំនាញសម្ដែង ដែលជាអ្នកថែរក្សាផ្ទាល់ក្នុងសហគមន៍។ ទី២. ការចូលរួមពីសំណាក់ប្រជាជន ឯកឧត្តមថា នៅពេលដែលមានការសម្ដែងសូមចូលរួមទស្សនា ទាំងការចូលរួមទស្សនាដោយឥតគិតថ្លៃក្ដី ទាំងការលក់សំបុត្រក្ដី ព្រោះបើការសម្តែងមានការលក់សំបុត្រ ការជាវសំបុត្រទស្សនានឹងជួយឱ្យការសម្តែងចេះតែមានសកម្មភាពដំណើរការទៅមុខ។ រីឯទី៣. មានជាការគាំទ្រ ឬឧបត្តម្ថផ្សេងៗ ដូចជាថវិកា ឬសម្ភារៈ ដើម្បីឱ្យអ្នកសម្តែងមានទឹកចិត្តបន្តទៅមុខ។

អ្នកនាំពាក្យក្រសួងវប្បធម៌រូបនេះ បានអំពាវនាវថា៖ «សូមឱ្យប្រជាពលរដ្ឋ ប្រជាជន យុវជនទាំងអស់នាំគ្នា ចូលរួមក្នុងការអភិរក្ស ថែរក្សា និងលើកស្ទួយបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់កម្ពុជា ដែលយើងបានចុះបញ្ជីក្នុងបេតិកភណ្ឌពិភពលោក»។ ឯកឧត្តម ឡុង ប៉ុណ្ណាសិរីវត្ថ ក៏បានលើកផងដែរ ចំពោះឱពុកម្ដាយ អាណាព្យាបាលដែលកូនៗ មានដុងក្នុងវិស័យសិល្បៈ ឬមាននិស្ស័យជាមួយល្ខោនខោល សូមលើកទឹកចិត្តឱ្យពួកគាត់ចូលរួមហាត់រៀនសិល្បៈមួយនេះ ទោះបីជាអនាគតមិនមែនយកជំនាញនេះធ្វើជាអាជីព ប៉ុន្តែក៏បានស្គាល់ពីតម្លៃ បណ្ដុះចិត្តស្រឡាញ់ ថែរក្សា និងអភិរក្សល្ខោនខោលផងដែរ។ ក្នុងថ្ងៃដដែលនេះ ដើម្បីអបអរសាទរខួប៤ឆ្នាំ វត្តស្វាយអណ្តែតនឹងមានការបើកពិធីរំលឹកខួបល្ខោនខោលវត្តស្វាយអណ្តែត ដែលបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីពិភពលោក ហើយក៏មានការសម្តែងជាសាច់រឿងរាមកេរ្តិ៍ ឈុត(ភិភេកព្រាត់លង្ការ) ឱ្យបងប្អូនប្រជាពលរដ្ឋបានទស្សនាទៀតផង។

គួររំលឹកថា ល្ខោនខោល ត្រូវបានអនុម័តយល់ព្រមចុះចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មការអន្តររដ្ឋាភិបាល សម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស។ ការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី គឺជាមោទកភាពជាតិដ៏ធំធេងមួយ ដែលកើតចេញពីការខិតខំប្រឹងប្រែង ពុះពារចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានកិច្ចសហការគាំទ្រយ៉ាងផុសផុលពីសិល្បករ អង្គការសមាគម សង្គមស៊ីវិល ក្នុងវិស័យ សិល្បៈវប្បធម៌ និងការជួយគាំទ្រលើកទឹកចិត្តពីមហាជន ប្រជាជន និងស្រទាប់យុវជនកម្ពុជាទាំងមូល ទើបយើងទទួលបាននូវលទ្ធផលជោគជ័យនៃការដាក់បញ្ចូល ល្ខោនខោល នៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដ៏ត្រចះត្រចង់នេះ។
បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា កំពុងស្នើសុំចុះបញ្ជីប្រាសាទកោះកេរ ដែលស្ថិតក្នុងខេត្តព្រះវិហារ ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកថែមទៀត ខណៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏កំពុងតែរៀបចំនាំយកមរតកវប្បធម៌អរូបីចំនួនពីរ គឺនំបញ្ចុក និងគុនល្បុក្កតោ ដើម្បីចុះបញ្ជីទៅក្នុងសម្បត្តិបេតិកភណ្ឌអរូបីរបស់អង្គការយូណេស្កូ ផងដែរ៕


