អបអរសាទរ ខួប៥ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
អ
អុន សម្ផស្ស
•
28 វិច្ឆិកា 2023 11:23 AM

រាជធានីភ្នំពេញ៖ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាខួប៥ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្តែតក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូកាលពីថ្ងៃទី២៨ វិច្ឆិកា ២០១៨។

ល្ខោនខោលវត្តស្វាយអណ្តែតរបស់កម្ពុជា ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនាឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស។ មិនខុសពីឆ្នាំមុនៗ នៅថ្ងៃនេះទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបង្ហោះឃ្លីបវីដេអូ ដើម្បីអបអរសាទរខួប៥ ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្ដែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដោយភ្ជាប់នូវពាក្យស្លោកថា៖«កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»។ ការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្តែត ទៅក្នុងបញ្ជីអរូបីនៃមនុស្សជាតិនាពេលនោះ គឺជាការរួមចំណែកធ្វើឱ្យកេរ្តិ៍ឈ្មោះ របស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឱ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោរថែមទៀត នៅលើវេទិកាបេតិកភ័ណ្ឌពិភពលោក។ «ការសម្រេចរបស់គណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូ គឺជាមោទកភាពជាតិដ៏ធំ ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលតែងផ្តល់អាទិភាពខ្ពស់ចំពោះបេតិកភណ្ឌវប្បធម៌ជាតិ»។

គួរបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាមានសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានចុះបញ្ជីដោយអង្គការយូណេស្កូចំនួន១០ ក្នុងនោះចែកជាសម្បត្តិវប្បធម៌រូបីចំនួន៤ និងសម្បត្តិវប្បធម៌អរូបីចំនួន៦ រួមមាន៖ តំបន់អង្គរ ប្រាសាទព្រះវិហារ តំបន់ប្រាសាទសម្បូរព្រៃគុក រមណីយដ្ឋានបុរាណវិទ្យាកោះកេរ របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោលវត្តស្វាយអណ្ដែត និងគុនល្បុក្កតោ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត