
ខេត្តសៀមរាប៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងស្នើសុំចុះបញ្ជីប្រាសាទកោះកេរ ដែលស្ថិតក្នុងខេត្តព្រះវិហារ ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកថែមទៀត ខណៈប្រាសាទផ្សេងៗ ក៏កំពុងស្ថិតក្នុងការគិតគូរចុះបញ្ជីជាបន្តបន្ទាប់ផងដែរ។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋផ្លាស់លំនៅមករស់នៅភូមិធម្មជាតិរុនតាឯក នាព្រឹកថ្ងៃទី០១ ខែតុលា ២០២២នេះ...។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ករណីដែលអង្គការយូណេស្កូ គណៈកម្មការបេតិកភណ្ឌពិភពលោកសម្រាប់ការវាយតម្លៃឱ្យចូល ទាមទារនូវការគ្រប់លក្ខណៈសម្បត្តិ បើមិនគ្រប់លក្ខណៈសម្បត្តិ គេមិនទទួល ឬគេទទួលហើយត្រូវបានបណ្តេញចេញវិញ វាជាការខាតបង់។ យើងបានដាក់ប្រាសាទអង្គរ បន្ទាប់ទៅដាក់ប្រាសាទព្រះវិហារ បន្ទាប់ទៅដាក់ប្រាសាទសម្បូរព្រៃគុក ឥឡូវយើងកំពុងដាក់ប្រាសាទមួយចំនួនទៀត យើងដាក់ប្រាសាទកោះកេរ យើងដាក់ជាបន្តបន្ទាប់ នេះជាការយកចិត្តទុកដាក់»។ ទន្ទឹមនឹងនេះ សម្ដេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សាប្រាសាទបុរាណ ដែលជាមរតកដូនតាខ្មែរ ខិតខំកសាងបន្សល់ទុកឱ្យបានគង់វង្ស។ សម្ដេចបានបញ្ជាក់ទៀតថា ទោះបីជាប្រាសាទមួយចំនួនរបស់កម្ពុជា បានចុះបញ្ជីចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករួចមែន តែនៅពេលចុះបញ្ជីបានហើយ ក៏អាចលុបចេញពីបញ្ជីវិញដែរ ប្រសិនបើមិនអនុវត្តតាមលក្ខខណ្ឌតម្រូវនោះ។

ដោយឡែក បើតាមការបញ្ជាក់ពីឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ លោកបានឱ្យដឹងថា កម្ពុជាក៏កំពុងតែរៀបចំនាំយកមរតកវប្បធម៌អរូបីចំនួនពីរ គឺនំបញ្ចុក និងគុនល្បុក្កតោ ដើម្បីចុះបញ្ជីទៅក្នុងសម្បត្តិបេតិកភណ្ឌអរូបីរបស់អង្គការយូណេស្កូផងដែរ។
គួររំលឹកថា បច្ចុប្បន្ន កម្ពុជាមានសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានចុះបញ្ជីដោយអង្គការ យូណេស្កូចំនួន៨ ក្នុងនោះចែកជាសម្បត្តិវប្បធម៌រូបីចំនួន៣ និងសម្បត្តិវប្បធម៌អរូបីចំនួន៥ រួមមាន៖ តំបន់អង្គរ របាំព្រះរាជទ្រព្យ ប្រាសាទព្រះវិហារ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង តំបន់ប្រាសាទសម្បូរព្រៃគុក និងល្ខោនខោលវត្តស្វាយអណ្ដែត៕




