មោទកភាព! ល្ខោនខោលកម្ពុជា ត្រូវបានបង្ហាញវត្តមាននៅប្រទេសកូរ៉េខាងត្បូង
S
Sreyleak Yith
•
6 ម៉ោងមុន

ខេត្តខ្យង់គីដូ៖ សិល្បៈល្ខោនខោលកម្ពុជា បានលេចវត្តមានក្នុងពិធីបុណ្យបេតិកភណ្ឌវប្បធម៌អរូបីយូណេស្កូ-ខ្យង់គី ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសិល្បៈខ្យង់គី ខេត្តខ្យង់គីដូ ប្រទេសកូរ៉េខាងត្បូង...។

ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី៤ ខែតុលានេះ បានឱ្យដឹងថា ពិធីបុណ្យបេតិកភណ្ឌវប្បធម៌អរូបីយូណេស្កូ មានការចូលរួមពីក្រុមសម្ដែងសិល្បៈប្រពៃណីរបស់ប្រទេសចំនួន​៤ រួមមាន៖ កម្ពុជា កូរ៉េ ចិន និងវៀតណាម។ សិល្បៈសម្ដែង ដែលបានលើកយកមកបង្ហាញក្នុងឱកាសនេះ សុទ្ធតែត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ក្រុមសម្ដែងរបស់ប្រទេសកម្ពុជា ដឹកនាំដោយ លោកស្រី ជ័យ ច័ន្ទកិត្យា អគ្គនាយករងនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកយកការសម្ដែងល្ខោនខោល ត្រង់ឈុតហនុមានរំដោះព្រះរាមពីស្ថានបាតាល និងឈុតចម្បាំងរវាងហនុមាន និងក្រុងមារ យកមកបង្ហាញជូនទស្សនិកជនជាតិ និងអន្តរជាតិទស្សនា។ ជាមួយគ្នា ល្ខោនខោលកម្ពុជា ក៏បានទាក់ទាញទឹកចិត្តអ្នកទស្សនាឱ្យស្លុងអារម្មណ៍ ទៅនឹងការសម្ដែងរបស់តួអង្គ។ 

លើសពីនេះ ក៏ទទួលបានការកោតសរសើរចំពោះសមត្ថភាព ក៏ដូចជាភាពលេចធ្លោនៃសិល្បៈសម្ដែងរបស់កម្ពុជា។ គួរជ្រាបថា ល្ខោនខោល ជាស្នាដៃសិល្បៈបុរាណរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអរូបីនៃមនុស្សជាតិ នាកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ ល្ខោននេះ មានអាយុកាលតាំងពីសតវត្សរ៍ទី១០ ហើយលក្ខណៈពិសេសរបស់ល្ខោនខោល គឺត្រូវបានគេរៀបចំសម្ដែងតែនៅក្នុងរឿងរាមកេរ្តិ៍ខែ្មរមួយគត់ ដោយមិនយករឿងអ្វីផ្សេងមកសម្ដែងឡើយ។ ក្នុងនោះ អ្នកសម្ដែងភាគច្រើនជាបុរស ទោះបីជាតួអង្គស្រី ក៏យកប្រុសមកសម្ដែងដែរ។ ការសម្ដែងដែលមានពាក់មុខខ្មុក ជារបាំងមុខ ជារូបក្បាលនៃតួអង្គផ្សេងៗ ដូចជា រូបក្បាលមេទ័ពស្វា ពលស្វា មេទ័ពយក្ស សេនាយក្ស តាឥសី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត