
(សិល្បៈ)៖ ពិតជាពិសេស មិនធ្លាប់មានពីមុនមកនោះទេ សម្រាប់ការប្រគំតន្ត្រីសម័យ ដែលមានដាក់បង្ហាញនៅទស្សនីយភាពបែបបុរាណ ដែលជាកេរ្តិ៍តំណែល បន្សល់ពីដូនតាខ្មែរយើញ។ តួយ៉ាងកាលពីល្ងាចថ្ងៃទី ៦ខែកុម្ភៈ ឆ្នាំ២០២៣នេះ ផលិតកម្ម «Galaxy Navatra» សហការជាមួយដៃគូពាក់ព័ន្ធបានប្រកាសពីការរៀបចំ ការប្រគំតន្ត្រីធ្វើដំណើរទូទាំងប្រទេសកម្ពុជា ដ៏ធំអស្ចារ្យមិនធ្លាប់មាន ព្រមទាំងមានការសម្តែងនៅទស្សនីភាព ល្ខោនខោល និងមរតកក្បាច់គុនបុរាណខ្មែរ យុទ្ធក្រមខម ថែមទៀត...។

គួរបញ្ជាក់ថា ការប្រគំតន្ត្រីនេះ និងរៀបចំឡើងនៅថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នាទឹកដីខេត្តកណ្តាល ដោយមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា។ ដែលនេះ ស បញ្ជាក់ឱ្យឃើញថា ទោះសិល្បៈសម័យដើរដល់ជំនាន់ណា ក៏កូនខ្មែរមិនដែលភ្លេច ពីការចូលរួមថែរក្សាអភិរក្សសិល្បៈបុរាណខ្មែរ ឱ្យនៅឋិតថេរគង់វង្ស ដើម្បីឱ្យក្មេងជំនាន់ក្រោយបានស្គាល់បន្ថែមទៀត។

សូមជម្រាបថា “យុទ្ធក្រមខម” គឺជាក្បាច់ប្រយុទ្ធ និងជាអាវុធដ៏សម្បើមរបស់ខ្មែរជំនាន់ដើម ដែលកូនខ្មែរបច្ចុប្បន្នភាគច្រើនមិនសូវស្គាល់ទេ។ ក្បាច់គុនយុទ្ធក្រមខម ត្រូវបានបង្កើតឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គបានប្រមូលផ្តុំ ក្បួនខ្នាត៣សម័យកាលបញ្ចូលគ្នា គឺសម័យកាលនគរភ្នំ សម័យនគរចេនឡា និងសម័យមហាអាណាចក្រអង្គរ ដោយទ្រង់ប្រសិទ្ធនាមថា មហាមឆវៈគុនមហាយុទ្ធក្រមខម ឬក្បួនពិជ័យសង្រ្គាមខ្មែរមហានគរ។ យុទ្ធក្រមខមនេះ គឺជាអាវុធដ៏សម្បើមសម្រាប់ការពារជាតិ ទឹកដីនគរ និងសាសនា ពីពួកបច្ចាមិត្តដែលចូលមកឈ្លានពានទឹកដីរបស់យើង។

«ល្ខោនខោល» គឺជាល្ខោនពាក់របាំងមុខរបស់កម្ពុជា ដែលមានដើមកំណើតសម្តែងក្នុងអំឡុងស.វទី១០ ក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៥ (គ.ស ៩៦៨-១០០១)។ ហើយ«ល្ខោនខោល» ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូជាផ្លូវការ នាសម័យប្រជុំលើកទី១៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល សម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ..៕






