កម្ពុជាកំពុងរៀបចំស្នើចុះបញ្ជី[នំបញ្ចុក] និង[គុនល្បុក្កតោ] ដាក់ចូលជាសម្បត្តិអរូបីរបស់អង្គការយូណេស្កូ
K
Kimhuoy Klaing
•
22 កញ្ញា 2022 08:00 PM

រាជធានីភ្នំពេញ៖ កម្ពុជាកំពុងរៀបចំនាំយកមរតកវប្បធម៌អរូបីចំនួនពីរ គឺនំបញ្ចុក និងគុនល្បុក្កតោ ដើម្បីចុះបញ្ជីទៅក្នុងសម្បត្តិបេតិកភណ្ឌអរូបីរបស់អង្គការយូណេស្កូ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ កន្លងមក របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ» នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានឱ្យដឹងថា ក្រៅពីមរតកវប្បធម៌អរូបី ក្រសួងវប្បធម៌ ក៏បានត្រៀមស្នើសុំចុះបញ្ជីប្រាសាទកោះកេរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។ លើសពីនេះ ឯកឧត្តម បានបន្ថែមថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏កំពុងពិនិត្យសម្បត្តិវប្បធម៌រូបីមួយចំនួនទៀត ដូចជាក្រុមប្រាសាទបន្ទាយឆ្មារ រមណីយដ្ឋានអង្គរបុរី ភ្នំដា រមណីយដ្ឋានគូលែន ក្រុមប្រាសាទបេងមាលា ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ រមណីយដ្ឋានឧត្តុង្គ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងអតីតមន្ទីរឃុំឃាំង «ម-១៣» ដាក់ក្នុងបញ្ជីត្រៀម ដើម្បីស្នើសុំចុះបញ្ជី។

គួររំលឹកផងដែរថា បច្ចុប្បន្ន កម្ពុជាមានសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានចុះបញ្ជីដោយអង្គការ យូណេស្កូចំនួន៨ ក្នុងនោះចែកជាសម្បត្តិវប្បធម៌រូបី ចំនួន៣ និងសម្បត្តិវប្បធម៌អរូបី ចំនួន៥ រួមមាន៖ តំបន់អង្គរ របាំព្រះរាជទ្រព្យ ប្រាសាទព្រះវិហារ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង តំបន់ប្រាសាទសម្បូរព្រៃគុក និងល្ខោនខោលវត្តស្វាយអណ្ដែត៕

សូមទស្សនាវីដេអូព័ត៌មាន៖

គុនល្បុក្កតោ 
គុនល្បុក្កតោ 
នំបញ្ចុក
នំបញ្ចុក
នំបញ្ចុកសម្លខ្មែរ
នំបញ្ចុកសម្លខ្មែរ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត