
ក្រុងព្រះវិហារ៖ សត្វក្រៀល ២ក្បាល ដែលប្រជាពលរដ្ឋប្រទះឃើញនៅក្នុងស្រែ ពេលនេះ ត្រូវបានយកទៅថែទាំ និងព្យាបាល នៅអង្គការ ACCB មុននឹងលែងឱ្យចូលក្នុងព្រៃធម្មជាតិវិញ។ នេះបើតាមការឱ្យដឹងពីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី៦វិច្ឆិកា ឆ្នាំ២០២៦…។

ក្រសួងគូសបញ្ជាក់ថា មានប្រជាពលរដ្ឋនាំគ្នាទៅច្រូតស្រូវនៅចំណុចវាលចម្ការអំពៅ ហើយបានប្រទះឃើញសត្វទាំងពីរនៅក្នុងស្រែ។ ដោយមិនបានស្គាល់ច្បាស់ថា ជាសត្វអ្វី តែស្មារតីស្រលាញ់ និងការពារធម្មជាតិ ពួកគាត់ក៏បានសម្រេចចិត្ត ចាប់យកមកប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលម្លូព្រៃពីរ ស្ថិតក្នុងភូមិបុស្ស ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ ដើម្បីបញ្ជូនបន្តឱ្យមន្ត្រីជំនាញយកទៅអភិរក្ស និងថែទាំ។ កាលពីព្រឹកថ្ងៃទី៥វិច្ឆិកា ម្សិលមិញ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការដំរីបូត និងបុគ្គលិកអង្គការ WCS ក៏បានទៅទទួលយកសត្វក្រៀល២ក្បាលនោះ។ មន្ទីរបរិស្ថានខេត្តព្រះវិហារ និងអង្គការ WCS បានឯកភាពបញ្ជូនសត្វទាំងពីរក្បាលនេះទៅថែទាំ និងព្យាបាលនៅអង្គការ ACCB ខេត្តសៀមរាប។

ក្រសួងបន្ថែមថា បច្ចុប្បន្នសត្វក្រៀល ត្រូវបានរកឃើញមានចំនួន២៤៦ក្បាលទូទាំងប្រទេស ក្នុងនោះ នៅក្នុងខេត្តព្រះវិហារ មានចំនួន៥៥ក្បាល ជាតំបន់ត្រូវបានយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការអភិរក្សសត្វនេះ។ សត្វត្រក្រៀល ត្រូវបានចាត់ទុកជាប្រភេទសត្វកម្រជិតផុតពូជ ដែលតែងតែចូលចិត្តរកស៊ី និងបង្កាត់ពូជនៅតាមតំបន់ដីសើម។វាពងកូននៅរដូវវស្សា ពីខែឧសភាដល់តុលា។ វារស់នៅ និងបង្កាត់ពូជនៅតាមព្រៃរបោះ ដីសើម និងត្រពាំងធម្មជាតិនានា ក្នុងភាគខាងជើង និងភូមិភាគឥសានខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។ ក្រៀល គឺជាសត្វស្លាបមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ហើយអាចហើរបាន ជាទូទៅវាមានកម្ពស់ប្រហែលជាង១ម៉ែត្រកន្លះ និងមានទម្ងន់៥-១២គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង២,៥ម៉ែត្រ។ ពួកវាមានម្រាមជើងមុខវែងៗចំនួនបី និងម្រាមជើងក្រោយខ្លីមួយ។

ពួកវាមិនអាចទំនៅលើដើមឈើបានទេ ហើយដេកដោយឈរស្ងៀមធ្មឹងនៅទីតាំងជិតៗ កន្លែងរកចំណីរបស់វានៃតំបន់ដីសើម។ សត្វក្រៀលមានសម្បុរប្រផេះលើដងខ្លួន ក-ផ្នែកខាងលើ និងក្បាលមានពណ៌ក្រហម ក្បាលផ្នែកខាងលើបំផុត និងត្រចៀក មានពណ៌ប្រផេះស្រាល។ កូនក្រៀលមានមាឌតូចបន្តិច និងមានពណ៌ត្នោតនៅចំក្បាលរបស់វា។ សត្វក្រៀល ពិបាកសម្គាស់ថា សត្វក្រៀលណាជាឈ្មោល ឬញី នៅពេលដែលពួកវានៅជាគូ៕




