
ក្រុងកំពត៖ សត្វក្រៀលចំនួន៤០ក្បាល កំពុងបន្តវត្តមាននៅតំបន់ការពារទេសភាពអន្លង់ព្រីង ដែលមានទីតាំងស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត...។

ការកត់ត្រាដោយរកឃើញចំនួនសត្វក្រៀល៤០ក្បាល នៅតំបន់ការពារទេសភាពអន្លង់ព្រីង ត្រូវបានធ្វើឡើងដោយក្រុមការងារនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា (Nature Life) កាលពីល្ងាចថ្ងៃទី២៩ និងព្រឹកថ្ងៃទី៣០មេសា ឆ្នាំ២០២៥។ ចំនួននេះ បើធៀបនឹងលទ្ធផលជំរឿនកាលពីខែមេសា ឆ្នាំ២០២៤ បានរកឃើញថា សត្វក្រៀលបន្តវត្តមាននៅតំបន់នេះក្នុងចំនួនដ៏ច្រើន ហើយវាបានសបញ្ជាក់ថា តំបន់ទេសភាពអន្លង់ព្រីងនៅតែជាតំបន់ដ៏សំខាន់មួយក្នុងការរកចំណីរបស់សត្វក្រៀល។ នេះបើតាមបញ្ជាក់របស់អង្គការជីវិតធម្មជាតិនៅកម្ពុជា។ អង្គការនេះក៏បានប្រកាសពីការសហការជាមួយក្រសួងបរិស្ថាន ដោយបានគាំទ្រដល់កសិករនៅភូមិគោលដៅចំនួន៤ នៅតំបន់ការពារទេសភាពនេះដាំស្រូវតាមគោលការណ៍ស្រូវមិត្តក្រៀល ដើម្បីធានាថា តំបន់ដីសើម និងវាលស្រែជាទីជម្រកមានសុវត្ថិភាព និងផ្ដល់ចំណីបន្ថែមដល់សត្វក្រៀល។

គួរជម្រាបថា តំបន់ទេសភាពអន្លង់ព្រីងជាតំបន់ដ៏ពិសេស ទាក់ទាញសត្វក្រៀលដែលកំពុងរងគ្រោះឈានទៅជិតផុតពូជឱ្យមករកចំណីចាប់ពីខែធ្នូ ដល់ខែឧសភា ជារៀងរាល់ឆ្នាំ។ ក្រៅពីសត្វក្រៀល តំបន់ការពារទេសភាពនេះ ក៏ជាទីជម្រក និងប្រភពចំណីដ៏សំខាន់សម្រាប់សត្វស្លាបទេសន្តរប្រវេសន៍ផ្សេងទៀត ដូចជា៖ សត្វខ្វែកសមុទ្ទស្លាបឆ្នូតស ទាព្រៃក្បាលឆ្នូតស។ល៕




