១២៣
S
Sreyleak Yith
•
11 hours ago

ក្រុងព្រះវិហារ៖សត្វក្រៀលចំនួន២ក្បាល ដែលប្រជាពលរដ្ឋប្រទះឃើញនៅក្នុងស្រែ ពេលនេះត្រូវបានយកទៅថែទាំ និងព្យាបាល នៅអង្គការ ACCB មុននឹងលែងឱ្យចូលក្នុងព្រៃធម្មជាតិវិញ។នេះបើតាមការឱ្យដឹងពី ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី៦វិច្ឆិកា ឆ្នាំ២០២៦ …។

ក្រសួងបានគូសបញ្ជាក់ថា មានប្រជាពលរដ្ឋ បាននាំគ្នាទៅច្រូតស្រូវនៅចំណុចវាលចម្ការអំពៅ ហើយក៏បានប្រទះឃើញសត្វទាំងពីរនៅក្នុងស្រែ។ ដោយមិនបានស្គាល់ច្បាស់ថាជាសត្វអ្វី តែស្មារតីស្រលាញ់ និងការពារធម្មជាតិ ពួកគាត់ក៏បានសម្រេចចិត្តចាប់យកមកប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលម្លូព្រៃពីរ ស្ថិតក្នុងភូមិបុស្ស ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ ដើម្បីបញ្ជូនបន្តឱ្យមន្ត្រីជំនាញយកទៅអភិរក្ស និងថែទាំ។ហើយកាលពីព្រឹកថ្ងៃទី៥វិច្ឆិកាម្សិលមិញ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការដំរីបូត និងបុគ្គលិកអង្គការ WCS ក៏បានទៅទទួលយកសត្វក្រៀលចំនួន២ក្បាលនោះ។មន្ទីរបរិស្ថានខេត្តព្រះវិហារ និងអង្គការ WCS បានឯកភាពបញ្ជូនសត្វទាំងពីរក្បាល ទៅថែទាំ និងព្យាបាលនៅអង្គការ ACCB ខេត្តសៀមរាប។

ក្រសួងបន្ថែមថា បច្ចុប្បន្នសត្វក្រៀលត្រូវបានរកឃើញ មានចំនួន២៤៦ក្បាលទូទាំងប្រទេស ក្នុងនោះ នៅក្នុងខេត្តព្រះវិហារ មានចំនួន៥៥ ក្បាល ដែលជាតំបន់ត្រូវបានយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការអភិរក្សសត្វនេះ។សត្វត្រក្រៀល ត្រូវបានចាត់ទុកជាប្រភេទសត្វកម្រជិតផុតពូជ ដែលតែងតែចូលចិត្តរកស៊ី និងបង្កាត់ពូជនៅតាមតំបន់ដីសើម។​វាពងកូននៅរដូវវស្សា ពីខែឧសភាដល់តុលា។វារស់នៅ និងបង្កាត់ពូជនៅតាមព្រៃរបោះ ដីសើម និងត្រពាំងធម្មជាតិនានា ក្នុងភាគខាងជើង និងភូមិភាគឥសានខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។ ក្រៀល គឺជាសត្វស្លាបមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ហើយអាចហើរបាន ជាទូទៅមានកម្ពស់ប្រហែល១,៧៦ម៉ែត្រ មានទម្ងន់៥-១២គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង២,៥ម៉ែត្រ។ ពួកវាមានម្រាមជើងមុខវែងៗចំនួនបី និងម្រាមជើងក្រោយខ្លីមួយ។ពួកវាមិនអាចទំនៅលើដើមឈើបានទេ ហើយដេកដោយឈរស្ងៀមធ្មឹងនៅទីតាំងជិតៗ កន្លែងរកចំណីរបស់វានៃតំបន់ដីសើម។ សត្វក្រៀលមានសម្បុរប្រផេះលើដងខ្លួន ក-ផ្នែកខាងលើ និងក្បាលមានពណ៌ក្រហម ក្បាលផ្នែកខាងលើបំផុត និងត្រចៀក មានពណ៌ប្រផេះស្រាល។ កូនក្រៀលមានមាឌតូចបន្តិច និងមានពណ៌ត្នោតនៅចំក្បាលរបស់វា។ សត្វក្រៀល ពិបាកសម្គាស់ថា សត្វក្រៀលណាជាឈ្មោល ឬញី នៅពេលដែលពួកវានៅជាគូ។ មន្រ្តី និងអ្នកជំនាញ តែងធ្វើជំរឿនសត្វក្រៀល ជារៀងរាល់ឆ្នាំនៅគ្រប់ទីតាំងសំខាន់ៗក្នុងប្រទេសកម្ពុជា៕

Related articles
SBM News
Your Local Reliable News