សូមជួយថែរក្សា! កម្ពុជាមានសត្វក្រៀលប្រភេទជិតផុតពូជលើភពផែនដី តែជាង២០០ក្បាលប៉ុណ្ណោះ
S
Sreyleak Yith
29 សីហា 2025 03:00 AM

រាជធានីភ្នំពេញ៖ ការជំរឿនសត្វក្រៀល ធ្វើឡើងជារៀងរាល់ឆ្នាំនៅគ្រប់ទីតាំងសំខាន់ៗក្នុងប្រទេសកម្ពុជា។ ការធ្វើជំរឿននេះ បានផ្តល់នូវទិន្នន័យយ៉ាងសំខាន់អំពីស្ថានភាព ប្រជាសាស្ត្រនៃប្រភេទសត្វកម្រ ដែលរងការគំរាមកំហែងនៅក្នុងតំបន់អាងទន្លេមេគង្គក្រោម។ ចំពោះការធ្វើជំរឿនសត្វក្រៀល នៅឆ្នាំ២០២៥ មន្រ្តីជំនាញកត់ត្រាបានចំនួនសរុប២១៤ក្បាល..

រូបពី៖ ក្រសួងបរិស្ថាន
រូបពី៖ ក្រសួងបរិស្ថាន

មន្រ្តីបរិស្ថាន កាលពីថ្ងៃទី២៨សីហា បានឱ្យដឹងថា សត្វក្រៀល ជាប្រភេទសត្វកំពុងរងគ្រោះឈានទៅជិតផុតពូជនៅក្នុងពិភពលោក។ ចំនួនសត្វក្រៀលដែលមានវត្តមាននៅតំបន់អាងទន្លេមេគង្គក្រោម មានការថយចុះគួរឱ្យព្រួយបារម្ភក្នុងអំឡុងទសវត្សរ៍ចុងក្រោយនេះ ដោយលទ្ធផលជំរឿនប្រចាំឆ្នាំបានធ្លាក់ចុះពី៨៦៩ក្បាល ក្នុងឆ្នាំ២០១១ មកនៅត្រឹម១៥៦ក្បាលក្នុងឆ្នាំ២០២២។ ដោយឡែក ចាប់តាំងពីឆ្នាំ២០២២ សត្វក្រៀលចាប់ផ្តើមកើនឡើងវិញ។ មន្រ្តីបរិស្ថាន បន្ថែមថា ការកើនឡើងចំនួនសត្វក្រៀលក្នុងពេលធ្វើជំរឿនឆ្នាំ២០២៥ បានបង្ហាញអំពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញគោលនយោបាយ និងយុទ្ធសាស្ត្រ ធានាឱ្យបាននូវគុណភាពបរិស្ថាន សុវត្ថិភាពនៃប្រព័ន្ធអេកូឡូស៊ី និងការរស់នៅប្រកបដោយភាពសុខដុមរមនា។

រូបភាព ៖ ly samphors 
រូបភាព ៖ ly samphors 

សូមជម្រាបថា ការរាប់ចំនួនសត្វក្រៀលត្រូវបានធ្វើឡើងចាប់ពីខែធ្នូ ដល់ខែឧសភា នៅក្នុងទីតាំងសំខាន់ៗចំនួន១៣ ក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដោយមានការសម្របសម្រួលពីក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា (CSCWG)។ ការធ្វើជំរឿននេះ អាចប្រព្រឹត្តទៅបានតាមរយៈកិច្ចសហការរវាងស្ថាប័ន និងអង្គការមួយចំនួនរួមមាន៖ ក្រសួងបរិស្ថាន, អង្គការជីវិតធម្មជាតិនៅកម្ពុជា, អង្គការសមាគមអភិរក្សសត្វព្រៃ, មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ, មូលនិធិសត្វក្រៀលអន្តរជាតិ, អង្គការអភិរក្សតំបន់ដីសើមនិងសត្វស្លាបព្រៃ និងអ្នកពាក់ព័ន្ធផ្សេងទៀត។

រូបភាព ៖ ly samphors 
រូបភាព ៖ ly samphors 

ក្រៀល គឺជាសត្វស្លាបមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ហើយអាចហើរបាន ជាទូទៅមានកម្ពស់ប្រហែល១,៧៦ម៉ែត្រ មានទម្ងន់៥-១២គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង២,៥ម៉ែត្រ។ ពួកវាមានម្រាមជើងមុខវែងៗចំនួនបី និងម្រាមជើងក្រោយខ្លីមួយ។ ពួកវាមិនអាចទំនៅលើដើមឈើបានទេ ហើយដេកដោយឈរស្ងៀមធ្មឹងនៅទីតាំងជិតៗកន្លែងរកចំណីរបស់វានៃតំបន់ដីសើម។ សត្វក្រៀលមានសម្បុរប្រផេះលើដងខ្លួន ក-ផ្នែកខាងលើ និងក្បាលមានពណ៌ក្រហម ក្បាលផ្នែកខាងលើបំផុត និងត្រចៀក មានពណ៌ប្រផេះស្រាល។ កូនក្រៀលមានមាឌតូចបន្តិច និងមានពណ៌ត្នោតនៅចំក្បាលរបស់វា។ សត្វក្រៀល ពិបាកសម្គាស់ថា សត្វក្រៀលណាជាឈ្មោល ឬញី នៅពេលដែលពួកវានៅជាគូ៕

រូបភាព ៖ ly samphors 
រូបភាព ៖ ly samphors 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត