ដំណឹងរីករាយ! NCO រកឃើញសត្វក្រៀលជិត១០០ក្បាល នៅតំបន់ការពាររទេសភាពអន្លង់ព្រីង
S
Soriya Sou
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ សត្វក្រៀល ជាប្រភេទសត្វងាយរងគ្រោះ និងជិតផុតពូជចំនួន៩៨ក្បាល កំពុងលេចវត្តមាននៅតំបន់ការពារទេសភាពអន្លង់ព្រីង ដែលមានទីតាំងស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត...។

ការកត់ត្រាឃើញវត្តមានសត្វក្រៀល៩៨ក្បាល នៅតំបន់ការពាររទេសភាពអន្លង់ព្រីង ត្រូវបានធ្វើឡើងដោយក្រុមការងារនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា (NCO) កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ខណៈពួកវាមួយចំនួនធំបាននិងកំពុងរកចំណីដោយសុវត្ថិភាពនៅក្នុងស្រែស្រូវមិត្តក្រៀល។ អង្គការ NCO បានឱ្យដឹងនៅថ្ងៃទី២៤កុម្ភៈនេះថា គម្រោងស្រូវមិត្តក្រៀលកំពុងបង្ហាញពីផលវិជ្ជមានយ៉ាងច្បាស់ ដោយផ្តល់ជាប្រភពអាហារដ៏សំខាន់ និងទីជម្រកសុវត្ថិភាពសម្រាប់សត្វក្រៀល ជាបក្សីមានកម្ពស់ខ្ពស់បំផុតនៅលើពិភពលោក។

កាលពីកំលុងខែមេសា ឆ្នាំ២០២៥ អង្គការ NCO កត់ត្រាឃើញសត្វក្រៀលតែ៤០ក្បាលប៉ុណ្ណោះ នៅតំបន់ការពាររទេសភាពអន្លង់ព្រីង ដូច្នេះ សត្វក្រៀលដ៏ច្រើនដែលបានកត់ត្រាឃើញនៅដើមឆ្នាំ២០២៦នេះ បង្ហាញពីលទ្ធផលវិជ្ជមាន និងបញ្ជាក់ថា តំបន់ទេសភាពអន្លង់ព្រីងនៅតែជាតំបន់ដ៏សំខាន់មួយក្នុងការរកចំណីរបស់សត្វក្រៀល។ តំបន់ទេសភាពអន្លង់ព្រីង មានផ្ទៃដីសរុបជាង២០០ហិកតា មានទីតាំងស្ថិតនៅខេត្តកំពត ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងជាតំបន់អភិរក្សធនធានធម្មជាតិ។

ជាតំបន់ដីសើម តំបន់ទេសភាពអន្លង់ព្រីងមានសក្តានុពលជួយទ្រទ្រង់ ទៅដល់ការរស់នៅរបស់សត្វក្រៀលយ៉ាងតិច៣៥ភាគរយ នៃចំនួនក្រៀលដែលមានទាំងអស់ នារដូវមិនបន្តពូជ។ តំបន់នេះ ទាក់ទាញសត្វក្រៀលដែលកំពុងរងគ្រោះឈានទៅជិតផុតពូជឱ្យមករកចំណីចាប់ពីខែធ្នូ ដល់ខែឧសភា ជារៀងរាល់ឆ្នាំ។ ក្រៅពីសត្វក្រៀល តំបន់ការពាររទេសភាពនេះក៏ជាទីជម្រក និងជាប្រភពចំណីដ៏សំខាន់សម្រាប់សត្វស្លាបទេសន្តរប្រវេសន៍ផ្សេងទៀត ដូចជា៖ សត្វខ្វែកសមុទ្ទស្លាបឆ្នូតស ទាព្រៃក្បាលឆ្នូតស។ល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត