
រាជធានីភ្នំពេញ៖ កម្ពុជា និងមហាអំណាចរុស្ស៊ី បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខ តាមរយៈការបន្តផ្លាស់ប្ដូរដំណើរទស្សនកិច្ចនាយទាហាន ការផ្លាស់ប្ដូរបទពិសោធ ចំណេះដឹង និងជំនាញ ដែលជាការបំពេញឱ្យគ្នាទៅវិញទៅមក សម្រាប់ជាឧត្តមប្រយោជន៍នៃប្រទេសទាំងពីរ។ កិច្ចពិភាក្សាដ៏សំខាន់ កើតឡើងក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ម៉ាកូហ្វជិន សឺហ្កេ ហ្គ្រីហ្ក័ររីវិច (MARKOVCHIN Sergei Grigorievich) មេបញ្ជាការរងកងទ័ពជើងគោករុស្ស៊ី នៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។

សម្ដេចនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះសហព័ន្ធរុស្ស៊ី ដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ជាបន្តបន្ទាប់ មកដល់បច្ចុប្បន្ននេះ។ ជាមួយគ្នា សម្តេច បានបញ្ជាក់អំពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ ចំណែក លោក ហ្គ្រីហ្ក័ររីវិច ក៏បានរំលេចឡើងអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការពារជាតិរវាងប្រទេសទាំងពីរនាពេលកន្លងមក។

បន្ថែមពីនេះ លោក ហ្គ្រីហ្ក័ររីវិច បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរុស្ស៊ី និងកម្ពុជា។ មេទ័ពរុស្ស៊ីរូបនេះ ថែមទាំងប្ដេជ្ញាបន្តពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ រីកចម្រើន និងយូរអង្វែងបន្តទៀត។ មុនចូលជួបសម្តេចនាយករដ្ឋមន្រ្តី លោក ហ្គ្រីហ្ក័ររីវិច បានជួបពិភាក្សាជាមួយលោក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទកម្ពុជា។ ក្នុងជំនួបជាមួយលោក វង្ស ពិសេន មេទ័ពរុស្ស៊ី បានប្រកាសពីបំណងដ៏ពិសេសមួយរបស់រុស្ស៊ី គឺត្រៀមខ្លួនចាំជួយបណ្តុះបណ្តាលកងទ័ពកម្ពុជា «លើជំនាញផ្នែករថក្រោះ»៕




