ប្រសិនបើថៃ-ភូមា ច្បាំងគ្នា កម្ពុជាអាចសង្ឃឹមរំដោះដែនសីមាកំពុងបាត់បង់មកវិញ ដូចរជ្ជកាលព្រះអង្គចន្ទរាជា ដែរទេ..?
ហៀប ស៊ីថេត
•
13 ម៉ោងមុន

បទបរិយាយ៖ ក្រាំងមាសនៃទំព័រសៀវភៅប្រវត្តិសាស្ត្រខ្មែរ បានចារចំណារយ៉ាងប្រត្យក្សថា សម័យលង្វែក ក្នុងរជ្ជកាលព្រះបាទចន្ទរាជា កងទ័ពខ្មែរ បានរៀបក្បួនយុទ្ធសាស្ត្របុរាណ ដើម្បីវាយសង្គ្រប់រំដោះយកដែនដីភាគខាងលិច និងភាគខាងជើងត្រឡប់មកវិញ បន្ទាប់ពីធ្លាក់ក្នុងក្រញ៉ាំចោរសៀមឈ្លានពាន ដែលបច្ចុប្បន្នប្តូរឈ្មោះមកជាថៃវិញ។ យ៉ាងណា ការក្រសោបបានដែនដីខ្មែរមកវិញ ដោយស្នាព្រះហស្តព្រះបាទចន្ទរាជា មិនមែនជារឿងចៃដន្យ ឬសំណាងធ្លាក់មកពីលើមេឃនោះទេ ប៉ុន្តែដោយសារឫទ្ធានុភាពខ្លាំងក្លារបស់ព្រះអង្គផ្ទាល់ ស្របពេលនគរស្រីអយុធ្យា(សៀម) ជាប់ប្រយុទ្ធដកដៃមិនរួច ក្នុងសង្គ្រាមជាមួយនគរហង្សាវតី (បច្ចុប្បន្ន ភូមា)។ ព្រឹត្តិការណ៍សង្គ្រាមប្រវត្តិសាស្ត្រនេះ បានបំផុសឡើងនូវចំណោទចោទសួរថា ប្រសិនបើក្នុងបរិបទសម័យទំនើប មានសង្គ្រាមទ្រង់ទ្រាយធំផ្ទុះឡើង រវាងថៃ និងភូមាសាជាថ្មីម្ដងទៀត តើកម្ពុជាអាចដើរតាមគន្លងយុទ្ធសាស្ត្រដូចសម័យព្រះអង្គចន្ទរាជា រំដោះទឹកដីដែលកំពុងបាត់បង់ ត្រឡប់មកវិញបានឬទេ..​?

តាមពិតទៅ ថ្មីៗនេះ ចំណងមិត្តភាពថៃ-ភូមា កំពុងចាប់ផ្តើមល្អក់កករ ដ្បិតតាមបណ្តោយខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ កំពុងកម្រើកឡើងនូវអរិភាពដូចភ្លៀងរលឹម ធ្វើឱ្យថៃឈានទៅដល់ការប្រកាសជាមួយភូមា ប្រសិនបើប្រទេសរុំព័ទ្ធដោយវិបត្តិសង្គ្រាមផ្ទៃក្នុងមួយនេះ បន្តបាញ់ផ្លោងចូលព្រំដែនថៃដោយគ្រាប់បែប គ្រាប់កាំភ្លើងធំ និងដ្រូនអត្តឃាត ដែលតែងបង្កផលប៉ះពាល់ដល់ភូមិខានប្រជាជនថៃ ក្បែរព្រំដែននោះ ថៃនឹងតតាំងវិញដោយកម្លាំងយោធា។ តើហេតុអ្វីបានជាព្រំដែនថៃ-ភូមា ចេះតែផុសឡើងដោយវិបត្តិបែបនេះ..? មនុស្សជាច្រើន ប្រហែលជាចោលភ្នែកមើលរំលងរឿងមួយ។ នោះគឺថា ជាការពិតណាស់ នៅចន្លោះថៃ-ភូមា មានតំណព្រំដែនមួយគឺ «ក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន» ដែលបានប្រកាសឯករាជ្យ ផ្តាច់ខ្លួនចេញពីសហព័ន្ធភូមា ហើយបង្កើតសាធារណរដ្ឋថ្មីមួយ ឈ្មោះថា «សាធារណរដ្ឋកាថូឡី (Kawthoolei)» ដែលភូមាជឿថា មានថៃជាខ្នងបង្អែក ខណៈមេដឹកនាំការ៉ែនចាត់ទុកថៃ ជាបងប្អូន ពិសេស គឺពួកគេជាអម្បូរជនជាតិ«តៃ» តែមួយថែមទៀតផង។

ផែនទីក្រុមការ៉ែន (សាធារណរដ្ឋកាថូឡី)
ផែនទីក្រុមការ៉ែន (សាធារណរដ្ឋកាថូឡី)

ម្លោះហើយ មេដឹកនាំភូមា មិនចង់ឱ្យក្រុមជនជាតិភាគតិចមួយក្រុមនេះ បង្កភាពវឹកវរដល់ខ្លួនឡើយ ហើយរឹតតែមិនចង់ឱ្យក្រុមនេះធ្វើជាគំរូ ដល់ក្រុមប្រដាប់អាវុធជនភាគតិចបំបែករដ្ឋដទៃទៀតឡើយ។ ដូច្នេះហើយ ការវាយប្រហារទៅវិញទៅមក រវាងយោធាភូមា និងក្រុមបំបែករដ្ឋការ៉ែន នៅតែបន្តដុតកម្តៅព្រំដែនជាមួយថៃ កាន់តែក្ដៅឡើងៗ រហូតធ្វើឱ្យភាគីថៃ ស្រែកបង្អើលចាបហើរលើមេឃថា ពួកគេអាចនឹងបាញ់តបតវិញ ប្រសិនបើការវាយប្រហារនោះចូលមកក្នុងដីថៃបន្តទៀត។ យ៉ាងណា ប្រទេសជិតខាងទាំងពីរនេះ ក៏ជាអតីតគូសត្រូវតជំនាន់ មិនខុសពីកម្ពុជាជាមួយថៃដែរ។ បន្ថែមលើវិបត្តិព្រំដែនភាគខាងលិចជាមួយភូមា ថៃក៏កំពុងប្រឈមមុខយ៉ាងធ្ងន់ធ្ងរនឹងវិបត្តិសន្តិសុខផ្ទៃក្នុងផងដែរ បន្ទាប់ពីចលនាផ្តាច់ខ្លួននៅភាគខាងត្បូង ចាប់ផ្តើមកម្រើកឡើងវិញ។ ថ្មីៗនេះ មេដឹកនាំក្រុមផ្តាច់ខ្លួនជនជាតិម៉ាឡេ-មូស្លីមដ៏ធំជាងគេបំផុត បានប្រកាសដោយចំហពីការប្តេជ្ញាចិត្ត នឹងបន្តប្រយុទ្ធតស៊ូរហូតដល់ដង្ហើមចុងក្រោយ ដើម្បីសម្រេចបានគោលដៅរបស់ខ្លួន ក្នុងបំណងគេចចេញពីគំនាបរបស់រាជរដ្ឋាភិបាលថៃ។

ផែនទីភាគខាងត្បូងនៃប្រទេស
ផែនទីភាគខាងត្បូងនៃប្រទេស

ស្ថានភាពសន្តិសុខរង្គោះរង្គើទាំងទិសខាងលិច និងទិសខាងត្បូងនេះ កំពុងរុញច្រានឱ្យថៃ ស្ថិតក្នុងសម្ពាធយ៉ាងខ្លាំង។ បន្ថែមលើនេះ ការផ្ទុះឡើងនូវរឿងអាស្រូវក្រុមហ៊ុនផលិតភាពយន្តថៃ លួចចម្លងឈុតសម្លៀកបំពាក់រាជវាំងនៃប្រទេសភូមា យកទៅប្រើប្រាស់ ក៏ជាបញ្ហាចម្បងថ្មីមួយទៀតផងដែរ។ យើងផ្អាកបរិយាយពីការប៉ះទង្គិចរវាងភូមា និងថៃ ត្រឹមប៉ុណ្ណេះ ដោយមកចាប់អារម្មណ៍នឹងសំណួរជាទឡ្ហីករណ៍របស់យើងវិញ។ តែមុននឹងបរិយាយអំពីសង្គ្រាមប្រវត្តិសាស្ត្រ យើងមកដឹងល្បើកនៃជម្លោះឈ្លានពានទឹកដីខ្មែរ នាពេលបច្ចុប្បន្នបន្តិចសិន។ យោធាថៃ បានបើកការឈ្លានពានយ៉ាងកំរោល សាហាវព្រៃផ្សៃ ឃោរឃៅ និងយង់ឃ្នងជាទីបំផុត មកលើអធិបតេយ្យភាពកម្ពុជា ជាពិសេស ការប្រើអាវុធធុនធ្ងន់ៗដូចជា៖ កាំភ្លើងធំ កាំភ្លើងផ្លោង គ្រាប់បែកចង្កោម ផ្សែងគីមីពុល និងបក្សីចម្បាំងស្លាបដែកជាច្រើនប្រភេទ ហោះចូលជ្រៅក្នុងដែនសីមាកម្ពុជា កម្ទេចសំណង់លំនៅឋានស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍រួមមាន៖ ផ្ទះសម្បែង សាលារៀន វត្តអារាម សំណង់ប្រាសាទបេតិកភណ្ឌ។ល។ ហើយបន្តកាន់កាប់ និងលេបយកទឹកកម្ពុជា ជាច្រើនទីតាំង ដោយខុសច្បាប់ បើទោះបីជាប្រទេសទាំង២ មានកិច្ចព្រមព្រៀងបទឈប់បាញ់ហើយក៏ដោយ។

ចុះប្រសិនប្រសិនបើ ថៃ-ភូមា ផ្ទុះសង្គ្រាមជាមួយគ្នាប្រាកដមែន តើកម្ពុជាអាចមានឱកាសដណ្តើមដីដែលកំពុងបាត់បង់ការគ្របគ្រង់នេះ ត្រឡប់មកវិញ ដូចកាលសម័យលង្វែក បានឬទេ...? ហើយថា តើកង់ប្រវត្តិសាស្ត្រកម្ពុជា-ថៃ-ភូមា អាចវិលទៅវដ្តចាស់ កាលពី៥០០ឆ្នាំមុនបានដែរ ឬយ៉ាងណា...? សូមជម្រាបថា ល្បើកប្រវត្តិសាស្ត្រខ្មែរបានកត់ត្រាយ៉ាងច្បាស់ថា ក្រោយយុគមាសនៃចក្រភពអង្គរ បានដួលរលំ ពេលនោះហើយជាពេលដែរខ្មែរ បែកបាក់សាមគ្គី ហើយទឹកដីបានរួមតូច ព្រោះតែប្រទេសជិតខាងវាយដណ្តើមយក និងសាមន្តរដ្ឋក្រោមអំណាចរដ្ឋការខ្មែរ ប្រកាសឯករាជ្យជាបន្តបន្ទាប់។ យ៉ាងណា ខ្មែរមិនដែលបន្ទន់ជង្គង់សុំចុះចាញ់សៀមម្ដងណាឡើយ។ ជាក់ស្តែង នៅក្នុងរជ្ជកាលព្រះបាទចន្ទរាជា (ឆ្នាំ១៥១៦-១៥៦៦) ទ្រង់បានកេណ្ឌទ័ពខ្មែរ បើកការវាយបកយ៉ាងសាហាវ លើទ័ពសៀម ឱ្យដកថយរត់បះដៃបះជើងរកតែប្រាស់អាយុ និងរំដោះយកដែនដីដូនតាត្រឡប់មកវិញជាបន្តបន្ទាប់។ នៅឆ្នាំ១៥៣១ ព្រះអង្គចន្ទរាជា បានដឹកនាំទ័ពខ្មែរវាយដណ្តើមយកខេត្តបស្ចឹមបុរី និងចន្ទបុរី មកគ្រប់គ្រងវិញយ៉ាងជោគជ័យ។

សង្គ្រាមកម្ពុជា-ថៃ
សង្គ្រាមកម្ពុជា-ថៃ

លុះបន្តដល់ឆ្នាំ១៥៤០ ព្រះអង្គបានដឹកនាំទ័ពខ្មែរវាយកម្ទេចទ័ពសៀម ចំនួន៥ម៉ឺននាក់ នៅតំបន់អង្គរ រហូតបង្កើតជាឈ្មោះខេត្តប្រវត្តិសាស្ត្រថា «សៀមរាប» ដែលមានន័យថា «ទឹកដីដែលពួកសៀម ត្រូវរាបស្មើដីក្រោមបាតជើងខ្មែរ»។ ប៉ុន្តែបើយើងសិក្សាប្រវត្តិសាស្ត្រឱ្យបានស៊ីជម្រៅ ភាពជោគជ័យរបស់ព្រះបាទចន្ទរាជា រះចែងចាំងឡើង ស្របពេលទ័ពសៀម កំពុងប្រយុទ្ធជាមួយទ័ពនគរហង្សាវតី ដែលមានឫទ្ធីនុភាពខ្លាំង នាសម័យកាលនោះ។ ក្នុងប្រវត្តិសាស្ត្រជាង៣០០ឆ្នាំ ពោលគឺចន្លោះពីសតវត្សរ៍ទី១៦ ដល់ទី១៩ សៀម និងភូមា បានធ្វើសង្គ្រាមធំៗជាច្រើនលើកច្រើនសា ពោលគឺជាង ២០លើកធំៗ ប៉ុន្តែទ័ពភូមាបានវាយកម្ទេច និងដុតបំផ្លាញរាជធានីស្រីអយុធ្យារបស់សៀម ឱ្យរលាយក្លាយជាផេះផង់រហូតដល់ទៅ២លើកធំៗ។ លើកទី១ (ឆ្នាំ១៥៦៤ និង ១៥៦៩)៖ ព្រះចៅភូមា បាយិនណោង (Bayinnaung) ឬត្រូវបានគេដាក់រហស្សនាមទ្រង់ថា «អ្នកឈ្នះទិសទាំងដប់» បានលើកទ័ពវាយកម្ទេចក្រុងស្រីអយុធ្យា ធ្វើឱ្យស្តេចសៀម ក្លាយជាបាវព្រាវ(ខ្ញុំបម្រើ) និងប្រមូលយកទ្រព្យសម្បត្តិ រួមទាំងរូបចម្លាក់សំរឹទ្ធខ្មែរ ដែលសៀមធ្លាប់ប្លន់ពីអង្គរ យកទៅរក្សាទុកនៅរាជធានីហង្សាវតី រហូតមកដល់សព្វថ្ងៃ។

សង្គ្រាមថៃ-ភូមា
សង្គ្រាមថៃ-ភូមា

លើកទី២ (ឆ្នាំ១៧៦៧)៖ ទ័ពភូមា បានបើកការវាយលុកយ៉ាងព្រៃផ្សៃ កម្ទេចក្រុងស្រីអយុធ្យា ដែលខិតខំកសាងអស់រយៈពេល៤១៦ឆ្នាំ ឱ្យរលាយរូបរាងទាំងស្រុងពីផែនទី ប្រៀបដូចជាក្រមួនត្រូវថ្ងៃ ហើយព្រះបរមរាជវាំង សំណង់ប្រាសាទ និងសម្បត្តិវប្បធម៌ ត្រូវដុតបំផ្លាញគ្មានសល់ ខណៈស្តេចសៀមត្រូវសុគត និងចាប់ខ្លួន ហើយសម័យកាលស្រីអយុធ្យា ត្រូវបានដាច់ខ្យល់ស្លាប់នាគ្រានោះ។ សូមបញ្ជាក់ជាថ្មីថា ប្រសិនបើថៃ-ភូមា ផ្ទុះសង្គ្រាមដាក់គ្នាមែននោះ ការអនុវត្តយុទ្ធសាស្ត្រយោធា ដើម្បីក្រសោបយកដែនសីមាដែលថៃកាន់កាប់ដោយខុសច្បាប់ នៅតែជាមន្ទិល និងស្ថិតក្នុងសញ្ញាសួរ(?) ព្រោះថា សម័យព្រះអង្គចន្ទរាជា មិនមែនជាជម្រើសដែលអាចទៅរួចទាំងស្រុង ឬស្របច្បាប់អន្តរជាតិ ក្នុងបរិបទពិភពលោកសម័យទំនើបនេះឡើយ ដ្បិតអី ពិភពលោកបច្ចុប្បន្ន គ្រប់គ្រងដោយធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដែលធានានូវអធិបតេយ្យភាព និងបូរណភាពទឹកដីនៃរដ្ឋសមាជិកនីមួយៗ។

ដូច្នេះ ព្រំដែនប្រទេសកម្ពុជា និងថៃ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ តាមរយៈសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ព្រមទាំងសាលក្រមតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្រុងឡាអេ។ ដូច្នេះ ការប្រើកម្លាំងយោធាទន្ទ្រានឈ្លានពានទឹកដីកម្ពុជា យកមកគ្រប់គ្រង និងកាន់កាប់ក្នុងបំណងទុច្ចរិត ដើម្បីកែប្រែព្រំដែនក្នុងសម័យទំនើប យោធាថៃ អាចនឹងត្រូវចាត់ទុកជា«ចោរឈ្លានពានទឹកដី» ហើយប្រឈមនឹងការថ្កោលទោស និងការទណ្ឌកម្មសេដ្ឋកិច្ច-យោធាយ៉ាងធ្ងន់ធ្ងរ ពីសហគមន៍អន្តរជាតិ។ ដូច្នេះសរុបជារួមមក ការប្រើកម្លាំងយោធាវាយដណ្តើមកាន់កាប់ទឹកដីដែលថៃកំពុងគ្រប់គ្រងដោយខុសច្បាប់ទំនងជារាជរដ្ឋាភិបាលកម្ពុជា សម័យទំនើបនេះ មិនជ្រើសយកមកប្រើដូចសម័យកាលព្រះអង្គចន្ទរាជាឡើយ ហើយការចរចាដោយសន្តិវិធីតាមបែបការទូត អាចនៅតែជាជម្រើសចម្បងបំផុតរបស់កម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត