
រាជធានីភ្នំពេញ៖ រុស្ស៊ីបានបញ្ជាក់ពីការត្រៀមខ្លួន ក្នុងការជួយបណ្ដុះបណ្ដាលកងទ័ពកម្ពុជា លើជំនាញបើករថក្រោះ ដោយផ្អែកលើបទពិសោធដ៏ទូលំទូលាយរបស់ខ្លួនក្នុងវិស័យនេះ។ ការបញ្ជាក់ ធ្វើឡើងក្នុងជំនួបរវាង លោកឧត្តមសេនីយ៍ទោ ម៉ាកូវឈិន ស៊ើហ្គេយ (Markovchin Sergei) មេបញ្ជាការរងកងទ័ពជើងគោករុស្ស៊ី ទទួលបន្ទុកការងារយោធា និងនយោបាយ ជាមួយ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅអគ្គបញ្ជាការដ្ឋាន នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦...។

ក្នុងឱកាសដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា លោកឧត្តមសេនីយ៍ទោ ម៉ាកូវឈិន ស៊ើហ្គេយ បានសម្ដែងក្តីរីករាយចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ពីថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ និងបានវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់កម្ពុជាក្នុងការសាងសង់សាលាហ្វឹកហ្វឺនជំនាញរថក្រោះរបស់កងទ័ពជើងគោក។ លោកបានបញ្ជាក់ថា ភាគីរុស្ស៊ី ត្រៀមខ្លួនជួយបណ្ដុះបណ្ដាលកងទ័ពកម្ពុជា ដោយផ្អែកលើបទពិសោធរបស់រុស្ស៊ី ក្នុងការបណ្ដុះបណ្ដាលជំនាញយោធា។

ជាការឆ្លើយតប លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរុស្ស៊ី ដែលនៅក្នុងឆ្នាំ២០២៦នេះ ប្រទេសទាំងពីរ បានប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។ លោកនាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងកងទ័ពរុស្ស៊ី ដែលបានរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជា និងការបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងជួរកងយោធពលខេមរភូមិន្ទ។ លោក វង្ស ពិសេន បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា រវាងប្រទេសទាំងពីរ រួមមាន៖ ការបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរទស្សនកិច្ច និងព័ត៌មាន ការប្រយុទ្ធប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងកិច្ចសហប្រតិបត្តិការលើការងារមនុស្សធម៌ ការសង្គ្រោះគ្រោះមហន្តរាយ បេសកកម្មរក្សាសន្តិភាព និងការធ្វើលំហាត់សមយុទ្ធយោធារួម។

អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ចាត់ទុកជំនួបនេះ ថា បានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់កម្ពុជា និងរុស្ស៊ី ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដើម្បីជាផលប្រយោជន៍ទៅវិញទៅមករបស់ប្រទេសទាំងពីរ៕








