អាម៉េរិក ប្ដេជ្ញាឈរជាដៃគូដ៏រឹងមាំជួយកម្ពុជា ក្លាយជាប្រទេសលែងមានផលប៉ះពាល់ដោយសារមីន
S
Soriya Sou
•
12 ម៉ោងមុន

រាជធានីភ្នំពេញ៖ លោកស្រី រ៉ាឆែល ស្គីលលើ (Rachel Schiller) ឧបការីរងនៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានបញ្ជាក់ពីជំហរដ៏រឹងមាំរបស់សហរដ្ឋអាម៉េរិក ក្នុងការបន្តគាំទ្រកិច្ចការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១នៃអាជ្ញាធរមីន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦...។

ឧបការីរងនៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានសង្កត់ធ្ងន់ថា៖«សហរដ្ឋអាម៉េរិកនឹងបន្តឈរជើងជាដៃគូដ៏រឹងមាំជាមួយកម្ពុជា ដើម្បីជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសគ្មានផលប៉ះពាល់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ត្រឹមឆ្នាំ២០៣៥។ សហរដ្ឋអាម៉េរិក សូមកោតសរសើរចំពោះភាពជាអ្នកដឹកនាំ និងសមិទ្ធផលដ៏ធំធេង ដែលកម្ពុជាសម្រេចបាន ព្រមទាំងការចូលរួមចែករំលែកបទពិសោធទៅកាន់ឆាកអន្តរជាតិ»។ 

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា​ លោកទេសរដ្ឋមន្រ្តី លី ធុជ បានជម្រាបជូនភាគីអាម៉េរិកពីវឌ្ឍនភាពប្រវត្តិសាស្ត្រ និងការដាក់ចេញ«គោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥» ជាផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ការគំរាមកំហែងពីគ្រាប់មីន និងពង្រឹងការសង្គ្រោះជនរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាព។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាម៉េរិក សម្រាប់ភាពជាដៃគូដ៏យូរអង្វែងជាង៣០ឆ្នាំ។ គិតចាប់តាំងពីឆ្នាំ១៩៩៣ សហរដ្ឋអាម៉េរិកបានផ្តល់ថវិកាគាំទ្រប្រមាណ២៣៥លានដុល្លារ ដែលបានរួមចំណែករំដោះដីមានមីននៅកម្ពុជាជាង៧១៤គីឡូម៉ែត្រការ៉េ និងបំផ្លាញចោលគ្រាប់មីនព្រមទាំងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង៦៦ម៉ឺនគ្រាប់៕


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត