
រាជធានីបាងកក៖ ស្ត្រីវ័យចំណាស់៦៧ឆ្នាំ ជាអ្នករាំប្រចាំភូមិម្នាក់ នៅខេត្តជ័យនាថ (Chainat ឬชัยนาท) ប្រទេសថៃ បានទទួលមរណភាព តែពិធីបុណ្យសព គ្មានការកាន់ទុក្ខ គ្មានទឹកភ្នែក និងគ្មានសេចក្តីសោកសៅអ្វីទាំងអស់។ ផ្ទុយទៅវិញ ពិធីបុណ្យសពនេះ ប្រែទៅជាសប្បាយរីករាយ ដូចពិធីមង្គលការ...។

យោងតាមវីដេអូ និងអត្ថបទ ចុះផ្សាយដោយសារព័ត៌មានថៃ ខាវសដ កាលពីថ្ងៃទី២៤តុលា ប្រជាជនបាននាំគ្នាលេងភ្លេង ស្រែកច្រៀង ហ៊ោកញ្ជៀវ និងរាំយ៉ាងសប្បាយអឹងកង ក្នុងពិធីបុណ្យសព ដែលរៀបចំឡើងក្នុងវត្តមួយ។ គ្មានឡើយ ការស្លៀកពាក់ឈុតខ្មៅ ឬឈុតសជាលក្ខណៈកាន់ទុក្ខ គឺមានតែសម្លៀកបំពាក់ផ្កាយ៉ាងស្រស់ឆើតឆាយ និងសម្លៀកបំពាក់តាមបែបធម្មតា។ កាសែតខាវសដ សរសេរពាក្យខ្លីជាសម្តីរបស់ស្ត្រីរូបនេះ នៅក្នុងវីដេអូថា៖«ពេលខ្ញុំស្លាប់ សូមកុំកើតទុក្ខអី!»។ បងប្អូនកូនចៅ និងក្រុមគ្រួសារ អះអាងថា ការធ្វើដូច្នេះ គឺជាសំណូមពរ និងជាបំណងប្រាថ្នាចុងក្រោយរបស់ស្ត្រី ដែលទទួលមរណភាព។ ស្ត្រីរូបនេះ ឈ្មោះ ចាឡម ជៀនចាន់ បានទទួលមរណភាពដោយជំងឺមហារីកពោះវៀនធំ។ មុនស្លាប់ អ្នកស្រី បានស្នើឱ្យគេរៀបចំសម្លៀកបំពាក់ពណ៌ស្រស់ឆើតឆាយឱ្យលោកស្រី ស្លៀកពាក់ ជាពិសេស ពណ៌ក្រហម ដែលលោកស្រីចូលចិត្ត។

ទោះជាប្រកបរបរកសិកម្ម ដើម្បីចិញ្ចឹមជីវិត ប៉ុន្តែលោកស្រី ស្រឡាញ់ការរាំ និងចូលចិត្តភាពសប្បាយរីករាយ។ នៅពេលមានពិធីមង្គលការ ឬពិធីបួសនៅក្នុងភូមិ លោកស្រី តែងស្លៀកសម្លៀកបំពាក់ជាអ្នករាំតាមបែបប្រពៃណី ហើយចូលរួមរាំកម្សាន្តជាមួយអ្នកភូមិ។ លោក នីពផន បញ្ញាថន (นิพนธ์ ปัญญาธร) សមាជិកគណៈកម្មការវត្ត និយាយថា លោកជាមនុស្សម្នាក់ ដែលស្និទ្ធនឹងលោកស្រី ហើយលោកគោរពតាមបំណងប្រាថ្នារបស់លោកស្រីទាំងអស់ រួមទាំងការស្នើឱ្យអ្នកភូមិកុំស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ព្រោះមើលទៅដូចជាការកាន់ទុក្ខ (លោកស្រីមិនចង់បាននោះទេ)។

ជំនួសមកវិញ ក្រុមតន្ត្រីស្គរវែង បានប្រគំភ្លេងរាំតាមបែបប្រពៃណី បង្កើតបរិយាកាសសប្បាយរីករាយ ខណៈក្រុមគ្រួសារ មិត្តភក្តិ និងអ្នកជិតខាង បានមកជួបជុំគ្នា ដើម្បីជូនដំណើរលោកស្រីជាលើកចុងក្រោយ។ កាសែត ខាវសតដ សរសេរថា ពិធីបុណ្យសពនេះ បានឆ្លុះបញ្ចាំងពីអត្តចរិតរបស់លោកស្រី ចាឡម ដែលបានចំណាយពេលពេញមួយជីវិត នាំមកនូវភាពសប្បាយរីករាយដល់ពិធីបុណ្យនានា ក្នុងភូមិ ហើយចង់ឱ្យដំណើរចុងក្រោយរបស់ខ្លួនពោរពេញដោយភាពរីករាយដូចគ្នា។

រឿងដ៏ចម្លែកបែបនេះ មិនមែនទើបតែកើតឡើងនៅប្រទេសថៃ នោះទេ កន្លងមក ក៏ធ្លាប់កើតមានដែរ។ កាលពីអំឡុងខែមេសា ឆ្នាំ២០២៦ គ្រួសារមួយនៅប្រទេសថៃ បានជួលក្រុមរាំជានារីក្មេងៗ និងសិចស៊ី ទៅរាំបែបស្រើបស្រាល នៅក្នុងពិធីបុណ្យសពបុរសវ័យ៥៩ម្នាក់ ដោយកូនៗ អះអាងថា ជាការបំពេញតាមបំណងប្រាថ្នាចុងក្រោយរបស់ឪពុក៕




