កម្រឃើញក្នុងសង្គមថៃ! គ្រួសារមួយជួលស្រីក្មេងៗស្លៀកពាក់សិ.ចស៊ី ទៅរាំបែបស្រើបស្រាលនៅមុខក្តារមឈូសសព
Mao Sopha
6 ម៉ោងមុន

ប្រទេសថៃ៖ ជាធម្មតា តាមសង្គមប្រទេសនីមួយៗ តែងរៀបចំពិធីបុណ្យសពជាមួយការកាន់ទុក្ខ និងមានទឹកមុខក្រៀមក្រំ យំខ្សឹបខ្សៀវពេលមានសមាជិកគ្រួសារណាម្នាក់ ទទួលមរណភាព តែគ្រួសារមួយនៅប្រទេសថៃ បែរជាធ្វើផ្ទុយស្រឡះខុសគេខុសឯងទៅវិញ ដែលគេកម្របានឃើញពីមុនមក។ រឿងនេះ កំពុងផ្ទុះខ្ចរខ្ចាយលើបណ្តាញសង្គម និងសារព័ត៌មានក្នុងស្រុកថៃ...។   

រូបពិតក្នុងពិធីបុណ្យសព
រូបពិតក្នុងពិធីបុណ្យសព

គ្រួសារមួយនៅខេត្តនគរស្រីធម្មរាជ (นครศรีธรรมราช) ប៉ែកខាងត្បូងប្រទេសថៃ (អតីតដែនដីកម្ពុជាលើ) បានជួលក្រុមរាំជានារីក្មេងៗ និងសិចស៊ី ដែលមានរហស្សនាមថា ចចករាត្រី ឬ Coyote Dancers (ខាយអូឌី ដាន់ស៊ើ) ទៅរាំបែបស្រើបស្រាល ដូចជាស្ដាយរាំគ្រលែងចង្កេះជាដើម នៅក្នុងពិធីបុណ្យសព ហើយនៅពីមុខក្តារមឈូស និងរូបថតសពបុរសវ័យ៥៩តែម្ដង កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។ 

រូបតំណាង៖ ក្រុមចចករាត្រី រាំក្នុងក្លិបនៅប្រទេសថៃ។ 
រូបតំណាង៖ ក្រុមចចករាត្រី រាំក្នុងក្លិបនៅប្រទេសថៃ។ 

Coyote Dancers ជាក្រុមរាំដ៏ល្បីល្បាញក្នុងសង្គមថៃ។ សមាជិកក្រុមរាំនេះ ភាគច្រើនជានារីៗ និងស្លៀកពាក់សិចស៊ីលេចលើ លេចក្រោម ហើយជាទូទៅ ជាក្រុមរាំតាមក្លិបកម្សាន្ត និងតាមបារពេលរាត្រី។ កាសែតថៃ The Thaiger បានចុះផ្សាយតាមសម្តីកូនរបស់សពថា ការជួលនារីក្មេងៗ ជាក្រុមចចករាត្រីទៅរាំបែបនេះ គឺធ្វើទៅតាមបំណងប្រាថ្នា និងជាបណ្តាំចុងក្រោយរបស់ឪពុក។ មុននឹងដាច់ខ្យល់ដោយសារជំងឺរ៉ាំរ៉ៃ បុរសវ័យ៥៩ឆ្នាំឈ្មោះ វិនិច (วินิจ) បានសំណូមពរចុងក្រោយ សូមឱ្យកូនចៅសាច់ញាតិរៀបចំពិធីកម្សាន្តក្នុងពិធីបុណ្យសពរបស់ខ្លួន។ 

រូបតំណាង៖ ក្រុមចចករាត្រី រាំលើរថយន្តនៅប្រទេសថៃ។ 
រូបតំណាង៖ ក្រុមចចករាត្រី រាំលើរថយន្តនៅប្រទេសថៃ។ 

អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានចូលទៅសរសេរខម្មិនក្នុងទំព័រហ្វេសប៊ុករបស់កាសែត The Thaiger ដែលបានចុះផ្សាយរូបភាព និងអត្ថបទពីរឿងដ៏ចម្លែក និងខុសប្រពៃណីមួយនេះ។ ខម្មិនភាគច្រើនបំផុត គឺជាការរិះគន់ និងសើចចំអក ដូចជា «មានតែនៅថៃប៉ុណ្ណោះ អាចធ្វើបែបនេះបាន» «គាត់ច្បាស់ជាបានបិទភ្នែកជិតហើយ» «ធ្វើជាមនុស្សប្រុស ត្រូវសប្បាយឱ្យហើយទៅ ទាន់នៅរស់ កុំចាំដល់ពេលស្លាប់»។ល។ នៅថ្ងៃទី២១ ខែមេសា សពបុរសវ័យ៥៩ឆ្នាំនោះ នឹងត្រូវបានយកទៅបញ្ចុះ៕ 

រូបបុរសឈ្មោះ វីនិច ត្រូវបានដាក់តាំងក្នុងពិធីបុណ្យសព។ 
រូបបុរសឈ្មោះ វីនិច ត្រូវបានដាក់តាំងក្នុងពិធីបុណ្យសព។ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត