ជប៉ុនបញ្ចេញប្រព័ន្ធបាញ់មីស៊ីលចម្ងាយឆ្ងាយថ្មីលើកដំបូង ក្នុងសមយុទ្ធជាមួយអាម៉េរិក
N
Nary Vann
•
មួយម៉ោងមុន

រាជធានីតូក្យូ៖ ក្រសួងការពារជាតិនៃប្រទេសជប៉ុន បានបញ្ចេញប្រព័ន្ធបាញ់មីស៊ីលប្រឆាំងនាវាចម្ងាយឆ្ងាយប្រភេទ Type-25 នៅក្នុងការហ្វឹកហ្វឺនកម្រិតគំរូជាលើកដំបូង កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ជាផ្នែកមួយនៃសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំ Keen Sword រវាងជប៉ុន និងសហរដ្ឋអាម៉េរិក បន្ទាប់ពីបានដាក់ពង្រាយប្រព័ន្ធអាវុធនេះនៅភាគនិរតីនៃប្រទេស កាលពីដើមឆ្នាំ២០២៦កន្លងទៅ...។​

មីស៊ីល Type-25 គឺជាប្រភេទអាវុធផលិតផ្ទាល់ដៃនៅក្នុងស្រុក ដោយបាញ់ចេញពីប្រព័ន្ធបាញ់លើរថយន្តយោធា។ មីស៊ីលនេះ មានចម្ងាយហោះហើរប្រមាណ១ពាន់គីឡូម៉ែត្រ ដោយមានសមត្ថភាពបាញ់គ្របដណ្ដប់ទៅដល់តំបន់ឆ្នេរសមុទ្ទមួយចំនួននៃចិនដីគោក ធ្វើឱ្យវាក្លាយជាអាវុធយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់សមត្ថភាពវាយបករបស់ជប៉ុន។​ គួរបញ្ជាក់ថា មីស៊ីល Type-25 ទាំងនេះ ត្រូវបានដាក់ពង្រាយជាផ្លូវការនៅឯបន្ទាយ Camp Kengun ក្នុងខេត្ត Kumamoto កាលពីខែមីនា កន្លងទៅ។​ សមយុទ្ធរួមគ្នា Keen Sword ដែលបានចាប់ផ្តើមពីថ្ងៃទី១៩តុលា និងត្រូវបញ្ចប់នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ មានការចូលរួមពីកងកម្លាំងទ័ពជប៉ុនប្រមាណ ៤៥០០០នាក់ និងកងទ័ពសហរដ្ឋអាម៉េរិកប្រមាណ១២០០០នាក់ ព្រមទាំងមានការចូលរួមពីប្រទេសចំនួន៧ផ្សេងទៀត រួមមាន ប្រទេសអូស្ត្រាលីជាដើម។​

ការសម្រេចចិត្តទិញ និងអភិវឌ្ឍអាវុធ ដែលមានសមត្ថភាពវាយបកនេះ គឺជារបត់ផ្លាស់ប្ដូរដ៏ធំមួយ ចេញពីគោលនយោបាយការពារខ្លួនសុទ្ធសាធ ក្រោមរដ្ឋធម្មនុញ្ញបោះបង់សង្គ្រាមរបស់ជប៉ុន តាមរយៈការបច្ចុប្បន្នភាពឯកសារសន្តិសុខជាតិ កាលពីឆ្នាំ២០២២។ យ៉ាងណា រដ្ឋាភិបាលជប៉ុន បានបញ្ជាក់ថា យោធាជប៉ុនអាចនឹងប្រើប្រាស់មីស៊ីលនេះ ប្រសិនបើកមានការវាយតម្លៃថា ប្រទេសជាសត្រូវ ចាប់ផ្តើមបើកការវាយប្រហារណាមួយសំដៅមកលើប្រទេសជប៉ុន ទោះបីជាការវាយប្រហារនោះ មិនទាន់ប៉ះដល់ទឹកដីជប៉ុនក៏ដោយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត