
រដ្ឋធានីតេហេរ៉ង់៖ មេបញ្ជាការ នៃទីបញ្ជាការកណ្ដាលសហរដ្ឋអាម៉េរិក (US Central Command) ហៅកាត់ CENTCOM លោកឧត្ដមនាវី ប្រេដ ឃូភើរ (Brad Cooper) បានធ្វើដំណើរទៅទស្សនកិច្ចនៅច្រកសមុទ្ទហ័រមូហ្ស កាលពីថ្ងៃអាទិត្យ ខណៈកងទ័ពសហរដ្ឋអាម៉េរិក បានប្រកាសថា ខ្លួនបានជួយដល់ដៃគូនៅក្នុងតំបន់ នាំចេញប្រេងឆៅជាង១,៥ពាន់លានបារ៉ែល ចាប់តាំងពីរដូវក្ដៅរហូតមក ថ្វីបើភាពតានតឹងជាមួយអ៊ីរ៉ង់ កំពុងបន្ដយ៉ាងណាក្ដី...។

បណ្ដាញទូរទស្សន៍របស់អារ៉ាប៊ីសាអូឌីត Al Arabiya News បានចេញផ្សាយ នៅថ្ងៃចន្ទទី២៦ ខែតុលានេះថា ទីបញ្ជាការកណ្ដាលសហរដ្ឋអាម៉េរិក បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ហើយបានបង្ហោះនៅលើបណ្ដាញសង្គម X ថា លោកឧត្ដមនាវី ឃូភើរ បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រឈីនូក CH-27 (CH-47 Chinook) ហោះពីលើផ្លូវទឹកយុទ្ធសាស្រ្ដ ដើម្បីវាយតម្លៃ អំពីបរិយាកាសប្រតិបត្ដិការរបស់សហរដ្ឋអាម៉េរិក។ រីឯនាវាពាណិជ្ជកម្មជាង៣០០០គ្រឿង បានឆ្លងកាត់ច្រកសមុទ្ទហ័រមូហ្ស ដោយជោគជ័យ ក្រោមការគាំទ្រពីកងកម្លាំងសហរដ្ឋអាម៉េរិក នៅក្នុងរយៈពេល៦ខែកន្លងមកនេះ។

លោកឧត្ដមនាវី ប្រេដ ឃូភើរ បានបញ្ជាក់ថា៖«យើងបន្ដកៀកស្មាជាមួយនឹងដៃគូរបស់យើង នៅតំបន់ឈូងសមុទ្ទ និងវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្ទ។ ដំណើរទស្សនកិច្ចនេះ បញ្ជាក់យ៉ាងច្បាស់ អំពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់យើង នៅក្នុងការធានាឱ្យមានសេរីភាព សម្រាប់ការធ្វើនាវាចរណ៍ជាបន្តទៀត ឆ្លងកាត់ច្រកសមុទ្ទហ័រមូហ្ស»។ ទីបញ្ជាការកណ្តាលសហរដ្ឋអាម៉េរិក (CENTCOM) បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើង បន្ទាប់ពីសហរដ្ឋអាម៉េរិក ធ្វើប្រតិបត្ដិការបោសសម្អាតគ្រាប់មីន ដាក់ពង្រាយនៅតាមច្រកសមុទ្ទ ដែលផ្លូវនាវាចរណ៍អន្តរជាតិ នៅតាមច្រកសមុទ្ទនេះ។ គ្រាប់មីនទាំងនោះ បានដាក់ដោយកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC)។

ក្នុងអំឡុងដំណើរទស្សនកិច្ចនោះ លោកឧត្ដមនាវី ប្រេដ ឃូភើរ បានជួបជាមួយបុគ្គលិកយោធាសហរដ្ឋអាម៉េរិក បានចូលរួមនៅក្នុងប្រតិបត្តិការបោសសម្អាតមីន ហើយបានថ្លែងអំណរគុណដល់ពួកគេ ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់។ ស្របគ្នានេះដែរ លោកឧត្ដមនាវី បានបញ្ជាក់ថា៖«នៅថ្ងៃនេះ ផ្លូវនាវាចរណ៍សំខាន់ៗ នៅក្នុងច្រកសមុទ្ទហ័រមូហ្ស នៅតែមានសេរីភាព និងគ្មានគ្រាប់មីនសមុទ្ទរបស់អ៊ីរ៉ង់ទៀតឡើយ ហើយសកម្មភាពបែបនេះ ក៏ដោយសារតែកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់កងកម្លាំងយើងផងដែរ»៕



