
រដ្ឋធានីហ្សាការតា៖ ប៉ូលិសឥណ្ឌូណេស៊ី បានអះអាងពីការរឹបអូសកប៉ាល់ដឹកប្រេង MT Global 168 ដែលជាកម្មសិទ្ធិរបស់ជនជាតិម៉ាឡេស៊ី ដោយមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនមួយ ដែលមានមូលដ្ឋាននៅទីក្រុងចូហ័រ បារូ (Johor Bahru) ប្រទេសម៉ាឡេស៊ី...។

សារព័ត៌មានហុងកុង South China Morning Post បានចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យទី២៥ ខែតុលាថា អាជ្ញាធរឥណ្ឌូណេស៊ី បានចាប់កប៉ាល់ដឹកប្រេងមួយគ្រឿង ដែលបានប្រើប្រាស់ជាមធ្យោបាយនៅក្នុងការប៉ុនប៉ងរត់ពន្ធគ្រឿងញៀន ខេតាមីន (Ketamine) មានទម្ងន់១,១៦តោន គ្រប់គ្រងដោយក្រុមហ៊ុនមួយ ដែលបានចុះបញ្ជីនៅក្នុងប្រទេសម៉ាឡេស៊ី។ លោក ហ៊ូសសេន អូម៉ា ខាន់ (Hussein Omar Khan) ប្រធាននាយកដ្ឋានស៊ើបអង្កេតបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋានប៉ូលិសជាតិម៉ាឡេស៊ី បានបញ្ជាក់ថា នាយក២រូបនៃក្រុមហ៊ុនមួយ ដែលជាម្ចាស់កប៉ាល់ដឹកប្រេង MT Global 168 ជាជនជាតិម៉ាឡេស៊ី។ រីឯការិយាល័យក្រុមហ៊ុននេះ មានទីតាំងនៅទីក្រុងចូហ័រ បារូ នៃរដ្ឋចូហ័រ ប្រទេសម៉ាឡេស៊ី។

បើតាមប្រធាននាយកដ្ឋានស៊ើបអង្កេតបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋានប៉ូលិសជាតិម៉ាឡេស៊ី បានឱ្យដឹងថា កប៉ាល់ដឹកប្រេងនោះ ធ្លាប់បានដាក់ពាក្យស្នើសុំចុះបញ្ជី ក្រោមទង់ជាតិម៉ាឡេស៊ី ប៉ុន្តែកប៉ាល់នោះមិនទាន់បានចុះបញ្ជីនៅឡើយទេ។ បច្ចុប្បន្ន កប៉ាល់នេះ កំពុងធ្វើដំណើរក្រោមទង់ជាតិម៉ុងហ្គោលី។ ប៉ូលិសម៉ាឡេស៊ី ទទួលបានព័ត៌មានពីសមភាគីឥណ្ឌូណេស៊ី ពាក់ព័ន្ធនឹងការរឹបអូសសារធាតុញៀន ខេតាមីន (Ketamine Hydrochloride) មានទម្ងន់១,១៦តោន មានតម្លៃប្រហែល១៤លានដុល្លារអាម៉េរិក ពីនាវាដឹកប្រេងមួយគ្រឿងនោះ៕




