
រាជធានីតូក្យូ៖ កងទ័ពសហរដ្ឋអាម៉េរិក បានដាក់កម្រិតរឹតបន្ដឹង និងហាមឃាត់យានយន្ដផលិតដោយក្រុមហ៊ុនចិន BYD ចូលទៅក្នុងមូលដ្ឋានកងទ័ពអាកាសដ៏ធំរបស់ខ្លួន ឈ្មោះ ខាដេណា (Kadena) ស្ថិតក្នុងខេត្តអូគីណាវ៉ា (Okinawa) ប្រទេសជប៉ុន ដោយសារមានការព្រួយបារម្ភយ៉ាងខ្លាំង លើផ្នែកសន្តិសុខ ពាក់ព័ន្ធនឹងយានយន្តទាំងនោះ...។

សារព័ត៌មាន The Japan Times បានចេញផ្សាយនៅព្រឹកថ្ងៃចន្ទទី២៦ ខែតុលាថា ការហាមឃាត់បែបនេះ បានចាប់ផ្តើមអនុវត្តពីថ្ងៃចន្ទតទៅ ដោយអនុវត្តតែចំពោះមូលដ្ឋានកងទ័ពអាកាស Kadena ប៉ុណ្ណោះ ខណៈបច្ចុប្បន្នមូលដ្ឋានកងទ័ពអាកាសមួយនេះ ក្លាយជាមូលដ្ឋានកងទ័ពអាកាសដ៏ធំបំផុតមួយរបស់សហរដ្ឋអាម៉េរិក នៅក្នុងតំបន់។ ទោះជាយ៉ាងណា កងទ័ពសហរដ្ឋអាម៉េរិកនៅក្នុងប្រទេសជប៉ុន មិនបានពន្យល់ឱ្យច្បាស់ ថា តើមានហេតុផលអ្វី ដែលនាំឱ្យមានរឹតបន្ដឹងបែបនេះ? ស្របគ្នានេះ មន្ត្រីនៅមូលដ្ឋានកងទ័ពអាកាសខាដេណា ក៏មិនបានឆ្លើយតបភ្លាមៗ ចំពោះការសុំអត្ថាធិប្បាយនោះដែរ។

លោកវរសេនីយ៍ឯក ចន សេវើនស៍ (John Severns) អ្នកនាំពាក្យកងកម្លាំងសហរដ្ឋអាម៉េរិកប្រចាំនៅប្រទេសជប៉ុន (USFJ) បានបញ្ជាក់ថា៖«មេបញ្ជាការ នៃមូលដ្ឋានកងទ័ពនីមួយៗ មានការទទួលខុសត្រូវ នៅក្នុងការការពារបុគ្គលិក ការការពារទីតាំង និងបេសកកម្មដែលខ្លួនទទួលបន្ទុក។ មេបញ្ជាការទាំងនោះ អាចអនុវត្តវិធានការសន្តិសុខ ស្របតាមច្បាប់កំណត់ ដោយផ្អែកលើការវាយតម្លៃអំពីហានិភ័យ ដើម្បីកាត់បន្ថយនូវការគំរាមកំហែងនានា ដែលអាចកើតឡើងយ៉ាងពិតប្រាកដ»។ ការចេញបម្រាបបែបនេះ កើតឡើង ខណៈសហរដ្ឋអាម៉េរិក និងបណ្ដាប្រទេសលោកខាងលិច កំពុងបង្កើនការប្រុងប្រយ័ត្នផ្នែកសន្តិសុខ បន្ទាប់ពីមានការបារម្ភពាក់ព័ន្ធនឹងបច្ចេកវិទ្យាឆ្លាតវៃ ដែលប្រើប្រាស់នៅក្នុងរថយន្តរបស់ចិន មានដូចជា BYD, MG និង Jaecoo…ជាដើម។

ការណែនាំអំពីសុវត្ថិភាព បានចេញកាលពីចុងខែកញ្ញា ដោយរដ្ឋាភិបាលហូល្លង់ដ៏ ព្រមានថា បច្ចេកវិទ្យដ៏ទំនើបរបស់យានយន្ដនានា ដោយរាប់បញ្ចូលទាំងប្រព័ន្ធ GPS, មីក្រូហ្វូន (Microphones), កាម៉េរ៉ា, ប្រព័ន្ធឧបករណ៍កម្សាន្ដ និងការភ្ជាប់ប្លូធូត សុទ្ធតែអាចត្រូវប្រើប្រាស់ សម្រាប់កិច្ចការចារម្ម ដោយរដ្ឋផ្សេងបាន។ សហរដ្ឋអាម៉េរិក កាលពីឆ្នាំ២០២៥ ក៏បានចេញបម្រាមលើការលក់យានយន្តចិនមួយចំនួន រួមទាំងផ្នែករឹង (Hardware) និងផ្នែកទន់ (software)ពាក់ព័ន្ធនានា ប្រសិនបើគេយល់ឃើញថា វាអាចបង្កជាហានិភ័យដល់សន្តិសុខជាតិ។ ប៉ុន្ដែកាលពីខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ មន្ទីរបញ្ចកោណនៃក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក ក៏បានដាក់បញ្ចូលក្រុមហ៊ុន BYD ទៅក្នុងបញ្ជីខ្មៅដែលមានក្រុមហ៊ុនចំនួន១៨៨ ក្រោមចំណាត់ថ្នាក់ ជា«ក្រុមហ៊ុនយោធាចិន» ដោយបានហាមឃាត់ការទិញដោយផ្ទាល់ ឬការចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនទាំងនោះ។

ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើបម្រាមលើក្រុមហ៊ុន BYD នេះ នឹងត្រូវអនុវត្តពង្រីកទៅលើមូលដ្ឋានកងទ័ពសហរដ្ឋអាម៉េរិកផ្សេងៗទៀត នៅក្នុងប្រទេសជប៉ុន ដែរឬណា? មូលដ្ឋានទ័ពអាកាស Kadena ជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់មួយ សម្រាប់ប្រតិបត្តិការយោធារបស់សហរដ្ឋអាម៉េរិក នៅក្នុងតំបន់។ ប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម ប្រភេទ Typhon របស់យោធាសហរដ្ឋអាម៉េរិក ដែលគេជឿថា អាចបាញ់មីស៊ីលប្រភេទ Tomahawk នៅក្នុងរយៈចម្ងាយរហូតដល់១ ៦០០គីឡូម៉ែត្រនោះ បច្ចុប្បន្ន កំពុងត្រូវរក្សាទុកនៅក្នុងមូលដ្ឋានកងទ័ពអាកាសមួយនេះ បន្ទាប់ពីប្រព័ន្ធមីស៊ីលទាំងនេះ បានដាក់ពង្រាយ សម្រាប់ការធ្វើសមយុទ្ធយោធារួមគ្នា កាលពីដើមឆ្នាំ២០២៦។ ការសម្រេចចិត្តរក្សាទុកអាវុធដ៏កំណាចប្រភេទនេះ នៅទីនោះ «ជាបណ្តោះអាសន្ន» ធ្វើឱ្យតំបន់មួយចំនួនរបស់ប្រទេសចិន ស្ថិតនៅក្នុងរយៈចម្ងាយ ដែលអាចវាយប្រហារបាន ហើយវាបានបង្កឱ្យមានការខឹងសម្បាយ៉ាងខ្លាំង ពីរដ្ឋាភិបាលរដ្ឋធានីប៉េកាំងផងដែរ៕





