ស្របពេលកម្តៅក្តៅដូចឡដុត អេស្ប៉ាញ និងបារាំង ក៏មានភ្លើងឆេះព្រៃដ៏ធំមហិមាថែមទៀត, តួលេខបឋម មានមនុស្ស១៣នាក់ស្លា.ប់
Mao Sopha
11 ម៉ោងមុន

អឺរ៉ុប៖ មានករណីភ្លើងឆេះព្រៃធំៗចំនួន២ គឺមួយ នៅអេស្ប៉ាញ និងមួយទៀត នៅបារាំង​ ខណៈតំបន់អឺរ៉ុបទាំងមូលនាពេលនេះ កំពុងប្រឈមនឹងអាកាសធាតុក្តៅខ្លាំងស្ទើរតែលែងអាចទ្រាំបានស្រាប់ទៅហើយ។ នៅអេស្ប៉ាញ់ មានអ្នកស្លាប់ និងមានប្រជាជនមួយចំនួន ដែលត្រូវបានជម្លៀសចេញ ដោយសារភ្លើងឆេះព្រៃ។ នៅបារាំងវិញ ថ្វីបើមិនទាន់មានសេចក្តីរាយការណ៍ពីករណីមនុស្សស្លាប់ ប៉ុន្តែ ព្រៃដែលកំពុងឆេះនេះ គឺជាព្រៃប្រវត្តិសាស្រ្តដ៏ល្បីល្បាញមួយនៅបារាំង។ 

ភ្លើងឆេះព្រៃនៅអេស្ប៉ាញ
ភ្លើងឆេះព្រៃនៅអេស្ប៉ាញ

នៅអេស្ប៉ាញ៖ ភ្លើងឆេះព្រៃកើតឡើងនៅតំបន់កាតាឡូញ៉ា (Catalonia) ស្ថិតនៅភាគខាងជើងប្រទេស កាលពីថ្ងៃទី១២ ខែកក្កដា បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១៣នាក់ស្លាប់។ ក្នុងចំណោមអ្នកស្លាប់ មានជនជាតិអង់គ្លេស៥នាក់ ជនជាតិបែលហ្ស៊ិក៣នាក់ ជនជាតិបារាំង១នាក់ និងជនជាតិអេស្ប៉ាញខ្លួលឯង១នាក់។ វា ត្រូវបានចាត់ទុកថាជាភ្លើងឆេះព្រៃដ៏សាហាវបំផុតមួយរបស់អេស្ប៉ាញ ដែលមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

រថយន្តត្រូវភ្លើងឆេះអស់ខ្ទេចខ្ទី
រថយន្តត្រូវភ្លើងឆេះអស់ខ្ទេចខ្ទី

នៅបារាំង៖ ភ្លើងឆេះព្រៃបានរាលដាលយ៉ាងខ្លាំងនៅព្រៃ ហ្វុងតេនប្លូ (Fontainebleau) ជាព្រៃប្រវត្តិសាស្ត្រដ៏ល្បីល្បាញ ស្ថិតនៅចម្ងាយប្រហែល ៧០គីឡូម៉ែត្រភាគខាងត្បូងរដ្ឋធានីប៉ារីស កាលពីថ្ងៃទី១៣ ខែកក្កដា។ អាជ្ញាធរបារាំង បានបញ្ជូនយន្តហោះបាញ់ទឹក (water-bombing aircraft) ដើម្បីបាញ់ទឹកស្រោចពីលើអាកាស ពន្លត់ភ្លើងឆេះព្រៃនេះ។

ភ្លើងឆេះព្រៃនៅបារាំង
ភ្លើងឆេះព្រៃនៅបារាំង

ទោះយ៉ាងណា ភ្លើងបានឆេះរាលដាលខ្លាំង រហូតដល់ទៅមានទំហំជិត២ពាន់ហិកតា បើប្រៀបធៀបនឹងទំហំព្រៃ ហ្វុងតេនប្លូ ទាំងមូល ដែលមានទំហំប្រមាណ២,៥ម៉ឺនហិកតា។ មានមនុស្សរាប់រយនាក់ ត្រូវបានជម្លៀសចេញពីតំបន់ដែលនៅជិតព្រៃកំពុងឆាបឆេះ ហើយការធ្វើដំណើរមួយចំនួន ក៏រងផលប៉ះពាល់ដែរ។ 

អាជ្ញាធរបារាំង ប្រើយន្តហោះបាញ់ទឹកពន្លត់ភ្លើងឆេះព្រៃ
អាជ្ញាធរបារាំង ប្រើយន្តហោះបាញ់ទឹកពន្លត់ភ្លើងឆេះព្រៃ

ក្នុងអតីតកាល រួមទាំងជំនាន់ព្រះចៅអធិរាជ ណាប៉ូឡេអុង ផង រាជវាំងស្តេចបារាំង ស្ថិតក្នុងព្រៃ ហ្វុងតេនប្លូ អស់រយៈពេលដល់ទៅប្រមាណ៧០០ឆ្នាំ។ បច្ចុប្បន្ន អតីតរាជវាំងស្តេចបារាំង ដែលស្ថិតក្នុងព្រៃនេះ បានក្លាយជាសារមន្ទីរដ៏ទាកទាញ និងត្រូវបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ហ្វុងតេនប្លូ ជាព្រៃដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរ និងពលរដ្ឋបារាំងខ្លួនឯង ដែលចូលចិត្តទៅឡើងភ្នំ បោះតង់ ជិះកង់ និងធ្វើទេសចរណ៍តាមបែបធម្មជាតិ។

អតីតរាជវាំងក្នុងព្រៃ ហ្វុងតេនប្លូ
អតីតរាជវាំងក្នុងព្រៃ ហ្វុងតេនប្លូ

មូលហេតុពិតប្រាកដនៃការឆេះព្រៃដ៏សន្ធោសន្ធៅនៅប្រទេសទាំង២នេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ខណៈអាជ្ញាធរកំពុងស៊ើបអង្កេត និងមានមនុស្សមួយចំនួន ត្រូវបានឃាត់ខ្លួនយកទៅសួរនាំ។ ភ្លើងឆេះព្រៃនៅអេស្ប៉ាញ និងនៅបារាំង កើតឡើងស្របពេលតំបន់អឺរ៉ុប កំពុងមានបញ្ហាអាកាសធាតុក្តៅខ្លាំងលើសពី៤០អង្សា។ របាយការណ៍ដ៏រន្ធត់ បង្ហាញថា ត្រឹម១សប្តាហ៍ប៉ុណ្ណោះ មនុស្សដល់ទៅជាង១ម៉ឺននាក់ បានស្លាប់ដោយសាររលកម្ដៅក្តៅនៅអឺរ៉ុប។ ក្នុងចំណោមជាង១ម៉ឺននាក់នោះ អេស្ប៉ាញ់ មានជាង១ពាន់នាក់ ហើយបារាំង មានជាង២ពាន់នាក់៕  

រូបបង្ហាញកម្តៅក្តៅខ្លាំងនៅតំបន់អឺរ៉ុប 
រូបបង្ហាញកម្តៅក្តៅខ្លាំងនៅតំបន់អឺរ៉ុប 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត