
រដ្ឋធានីប៉េកាំង៖ នាគរាជចិន និងស្តេចខ្លាឃ្មុំទឹកកករុស្ស៊ី បានបញ្ចប់សមយុទ្ធជើងទឹករួមគ្នាដ៏ធំមួយដែលមានឈ្មោះថា «Joint Maritime Operation 2026» នៅឯកំពង់ផែយោធានាទីក្រុងឈីងដាវ ខេត្តសានទុង ភាគខាងកើតប្រទេសចិន។ សមយុទ្ធនេះ ត្រូវបានបញ្ចប់ទៅតាមការគ្រោងទុក ហើយកងកម្លាំងមួយចំនួននៃប្រទេសទាំង២ បានចាកចេញទៅកាន់មហាសមុទ្ទប៉ាស៊ីហ្វិក ដើម្បីបំពេញបេសកកម្មល្បាតរួមគ្នាភ្លាមៗ បន្ទាប់ពីការហ្វឹកហ្វឺនបានបិទបញ្ចប់...។

កងទ័ពជើងទឹកប្រជាជនចិន និងរុស្ស៊ី បានដាក់ពង្រាយកងកម្លាំងលើផ្ទៃទឹក ក្រោមទឹក កងកម្លាំងអាកាស និងកងកម្លាំងគាំទ្រ ដើម្បីចូលរួមក្នុងសមយុទ្ធនេះ។ ការហ្វឹកហ្វឺនផ្តោតសំខាន់លើការរួមគ្នាដោះស្រាយហានិភ័យសន្តិសុខសមុទ្ទ ដែលចែកចេញជា២ ដំណាក់កាល។ ដំណាក់កាលទី១ ជាដំណាក់កាលរៀបចំផែនការនៅកំពង់ផែ៖ រួមមានការអនុវត្តតាមសេណារីយ៉ូសង្គ្រាម ការចូលទស្សនានាវាចម្បាំង សិក្ខាសាលាជំនាញ ការទទួលបដិសណ្ឋារកិច្ច និងការប្រកួតកីឡាបាល់បោះមិត្តភាព។ ដំណាក់កាលទី២ គឺដំណាក់កាលប្រតិបត្តិការលើផ្ទៃសមុទ្ទ៖ ភាគីទាំង២ បានប្រើប្រាស់កម្លាំងពិត និងគ្រាប់កាំភ្លើងពិតៗ ក្នុងការអនុវត្តបេសកកម្មសំខាន់ៗ ដូចជា ការល្បាតរួមគ្នា ការការពារដែនអាកាស និងមីស៊ីល ការវាយប្រហារគោលដៅលើផ្ទៃទឹក និងការរួមគ្នាជួយសង្គ្រោះនាវាមុជទឹក។

នាយកដឹកនាំសមយុទ្ធខាងភាគីចិន បានថ្លែងថា សមយុទ្ធរួមគ្នានេះ បានធ្វើត្រាប់តាមបរិយាកាសប្រយុទ្ធជាក់ស្តែងនៅលើអាកាស និងលើផ្ទៃសមុទ្ទ ដោយផ្តោតលើសមត្ថភាពត្រៀមខ្លួនប្រយុទ្ធ។ នាយកដឹកនាំរូបនោះបន្ថែមថា សមយុទ្ធនេះក៏បានជួយពង្រឹងទំនុកចិត្តយុទ្ធសាស្ត្ររវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំង២ រឹតចំណងមិត្តភាព និងបង្កើនសមត្ថភាពឆ្លើយតបរួមគ្នាចំពោះវិបត្តិសមុទ្ទ។ គួរបញ្ជាក់ថា សមយុទ្ធ «Joint Maritime Operation 2026» ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៦ ខែកក្កដា គឺជាសមយុទ្ធលើកទី១២ នៅក្នុងសមយុទ្ធរួមគ្នាដែលត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០១២៕










