បច្ចុប្បន្នភាព៖ ចំនួនអ្នកស្លា.ប់ដោយអគ្គិភ័យនៅក្លិបកម្សាន្តក្នុងរាជធានីបាងកក កើនដល់៣០នាក់
N
Nary Vann
12 ម៉ោងមុន

រាជធានីបាងកក៖ ចំនួនអ្នកស្លាប់នៅក្នុងគ្រោះអគ្គិភ័យឆេះក្លិបកម្សាន្ត «រ៉ុងបៀរ ណា ឡាតផ្រាវ (Rong Beer Na Lat Phrao)» បានកើនឡើងដល់៣០នាក់ហើយ គិតត្រឹមថ្ងៃអង្គារទី១៤ ខែកក្កដានេះ បន្ទាប់ពីជនរងគ្រោះ៣នាក់ទៀតមិនអាចទប់ទល់នឹងរបួស រួចក៏បានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ...។

យោងតាមរបាយការណ៍បច្ចុប្បន្នភាពពីអាជ្ញាធរថៃ ក្រៅពីអ្នកស្លាប់ទាំង៣០នាក់ មកទល់ពេលនេះ នៅមានអ្នករងរបួសធ្ងន់ធ្ងរចំនួន២៤នាក់ទៀត កំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។ ហេតុការណ៍នេះ បានកើតឡើងតាំងពីពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ នៅភាគខាងជើងរាជធានីបាងកក ជាតំបន់ប្រជុំជនមានបារ និងក្លិបកម្សាន្តជាច្រើននៅក្បែរស្ថានីយរថភ្លើង និងផ្សារទំនើប។ សាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ថា ពួកគេបានឮសំឡេងផ្ទុះ ហើយក្រោយមកអណ្តាតភ្លើងបានឆាបឆេះឡើង ព្រមទាំងមានផ្សែងខ្មៅហុយត្រឡោមពេញអគារតែម្ដង។

ចំពោះមូលហេតុនៃការឆាបឆេះ អាជ្ញាធរសង្ស័យថា អាចបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី នៅក្នុងម៉ាស៊ីនត្រជាក់ជាប់ពិដាន។ បច្ចុប្បន្ន ប៉ូលិសកំពុងបើកការស៊ើបអង្កេតយ៉ាងក្ដៅគគុកលើករណីធ្វេសប្រហែស ដោយផ្តោតលើការពិនិត្យមើលថា តើច្រកចេញអាសន្នត្រូវបានបិទខ្ទប់ ឬមានការប្រើប្រាស់សម្ភារងាយឆេះក្នុងការដេគ័រឆាក និងបន្ទះសំឡេងដែរឬទេ?

អភិបាលរាជធានីបាងកក បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានថា អាជ្ញាធរបានបង្កើតគណៈកម្មការស៊ើបអង្កេតស្វែងរកការពិត និងត្រៀមរឹតបន្តឹងច្បាប់ ព្រមទាំងចុះត្រួតពិនិត្យតាមក្លិបកម្សាន្តនានាដោយមិនជូនដំណឹងជាមុនឡើយ ដើម្បីបង្ការកុំឱ្យសោកនាដកម្មបែបនេះកើតមានឡើងទៀត។ ជាមួយគ្នា ប៉ូលិសបានសាកសួរមនុស្សពាក់ព័ន្ធចំនួន៣៤នាក់រួចរាល់ ចំណែកឯម្ចាស់ក្លឹបកម្សាន្តផ្ទាល់ ក៏កំពុងសម្រាកព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ផងដែរ មុនពេលឈានដល់ការចោទប្រកាន់តាមផ្លូវច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត