
World Cup៖ ពិភពបាល់ទាត់ទាំងមូល កំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសា សម្រាប់ការប្រកួតដ៏ធំបំផុតប្រចាំឆ្នាំ រវាងក្រុមចំណាត់ថ្នាក់ FIFA Ranking លេខ១ «បារាំង» និងក្រុមចំណាត់ថ្នាក់ FIFA Ranking លេខ២ «អេស្ប៉ាញ» ក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 នៅវេលាម៉ោង២ៈ០០រំលងអាធ្រាត្រថ្ងៃទី១៥ ខែកក្កដានេះ...។

ក្រុមដែលឈ្នះនឹងត្រូវឡើងទៅជួបក្រុមឈ្នះរវាងអង់គ្លេស ឬអាហ្សង់ទីន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាថ្ងៃអាទិត្យទី១៩ ខែកក្កដាខាងមុខ នៅកីឡដ្ឋាន MetLife នាទីក្រុងញូវយ៉ក។ ក្នុងចំណោមក្រុមខ្លាំងទាំង២ តើក្រុមមួយណានឹងកក់កៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ ប្រជែងយកពាន FIFA World Cup 2026...? មុនឈានដល់ការវិភាគលទ្ធផល SBM News សូមជម្រាបលម្អិតអំពីភាពខ្លាំងនៃក្រុមជម្រើសជាតិទាំងពីរ ជាមុនសិន។ សម្រាប់អ្នកតាមដានវិស័យកីឡាបាល់ទាត់ ប្រាកដជាបានជ្រាបច្បាស់ហើយថា ក្រុមមាន់គកបារាំង គឺជាម្ចាស់ជើងឯក FIFA World Cup ចំនួន២សម័យកាល ពោលគឺនៅឆ្នាំ១៩៩៨ និងឆ្នាំ២០១៨។ បារាំងគឺជាក្រុមដែលគេគ្រប់គ្នាមិនប្រាថ្នាចង់ជួប! មិនចង់ជួបក៏ព្រោះតែក្រុមមាន់គន់បារាំង មានធនធានកីឡាករកម្រិតពិភពលោក និងមានតម្លៃខ្លួនខ្ពស់កប់ពពក ទាំងខ្សែប្រយុទ្ធ ខ្សែបម្រើ និងខ្សែការពារ ខណៈពួកគេកំពុងបង្ហាញទម្រង់លេងបានយ៉ាងល្អ និងមានទំនុកចិត្តខ្ពស់បំផុតក្នុងការឈ្នោះពាន World Cup។

អ្វីដែលធ្វើឱ្យក្រុមគោជល់អេស្ប៉ាញ ឈរដង្ហើមធំព្រួយបារម្ភនោះ គឺតំបន់ប្រយុទ្ធដ៏គ្រោះថ្នាក់របស់បារាំងតែម្តង ដែលរួមមាន អណ្តើកនិនចា គីលៀន អឹមបាប៉េ (Kylian Mbappe) ជាខ្សែប្រយុទ្ធមុតស្រួច ទាំងល្បឿន បច្ចេកទេសអូស និងការញាក់បាល់ បច្ចុប្បន្ន ហាក់គ្មានគូរប្រជែងឡើយ។ កីឡាករ អឹមបាប៉េ បច្ចុប្បន្នរកបាន៨គ្រាប់ក្នុងព្រឹត្តិការណ៍បាល់ទាត់ FIFA World Cup 2026។ ក្រៅពីនេះ ក៏មានកំពូលខ្សែប្រយុទ្ធឆ្នើមជាច្រើនទៀត ដូចជា កីឡាករ អ៊ូស្មាន់ ដេម្បេឡេ (Ousmane Dembele), ម៉ៃឃល អូលីសេ (Michael Olise), ដេហ្ស៊ីរ៉េ ឌូអេ (Desire Doue) សុទ្ធសឹងជាកីឡាករលេចធ្លោ និងជាយុវជនវ័យក្មេងដ៏មានឥទ្ធិពល។ គិតមកទល់ពេលនេះ បារាំងមិនទាន់របូតគ្រាប់បាល់សូម្បីតែមួយគ្រាប់ឡើយ នៅក្នុងវគ្គ Knockout ដោយបានយកឈ្នះ ស៊ុយអែត ៣-០, ឈ្នះប៉ារ៉ាហ្គាយ ១-0 និងទម្លាក់ម៉ារ៉ុក ២-0។

ផ្ទុយទៅវិញ សម្រាប់ទ័ពគោជល់អេស្ប៉ាញក៏ធម្មតាដែរ មិនធម្មតា! ក៏ព្រោះតែអេស្ប៉ាញជាក្រុមមានចំណាត់ថ្នាក់ FIFA Ranking លេខ២។ អេស្ប៉ាញ គឺជាក្រុម ដែលមានស្ថិតិគ្រងបាល់ជាមធ្យមខ្ពស់ជាងគេបំផុតក្នុងរង្វង់៦៥,៨ភាគរយ ក្នុងចំណោមការប្រកួតទាំង៦។ អេស្ប៉ាញ មានខ្សែបម្រើដ៏ឆ្នើម គឺ កីឡាករ រ៉ូឌ្រី (Rodri) ដែលជាអ្នកនាំលេងនៅកណ្តាលទីលាន ខណៈកីឡាករដែលទើបតែឈានចូលវ័យ១៩ឆ្នាំ ឡាមីន យ៉ាម៉ាល់ (Lamine Yamal) គឺជាអាវុធសម្ងាត់ស្លាបវ័យក្មេងដ៏គ្រោះថ្នាក់បំផុត។ ផ្លូវធ្វើដំណើររបស់អេស្ប៉ាញ ឡើងមកកាន់វគ្គនេះមានភាពតានតឹងជាងបារាំង ដោយពួកគេត្រូវពឹងផ្អែកលើគ្រាប់បាល់សង្គ្រោះនៅចុងម៉ោង ដើម្បីយកឈ្នះក្រុមខ្លាំងបញ្ចខែលព័រទុយហ្កាល់ ១-0 និងក្រុមប៊ែលហ្សិក ២-១។

ដូច្នេះ លទ្ធផលនៃការប្រកួតនេះ ស្ថិតនៅលើការទប់ទល់របស់អេស្ប៉ាញប្រឆាំងនឹងការវាយបករបស់បារាំង ព្រោះបារាំងលេងវាយបកលឿនៗ និងចំគោលដៅ ដែលមានស្ថិតិខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ២០១៨មក។ ប៉ុន្តែយ៉ាងណា អេស្ប៉ាញ គឺជាក្រុម ដែលពូកែដណ្តើមបាល់មកវិញបានលឿនបំផុតមួយដេរ នៅពេលពួកគេបាត់បង់បាល់ចេញពីជើង។ យប់នេះ គឺខ្លាំងជួបខ្លាំង ដូច្នេះត្រូវតែមានក្រុមមួយចាញ់។ ប្រសិនបើកងទ័ពគោជល់មិនអាចទប់ទល់ល្បឿនរបស់កីឡាករ អឹមបាប៉ អូលីសេ និងដេម្បេឡេ បានទេ នោះពួកគេនឹងស្គាល់ពាក្យបរាជ័យសរសេរយ៉ាងមិច ជាក់ជាមិនខាន។ សម្រាប់ SBM News យប់នេះ នឹងក្លាយជាការប្រកួតដ៏តឹងតែងបំផុត ប៉ុន្តែតំបន់ប្រយុទ្ធដ៏មុតស្រួចរបស់បារាំង នឹងជួយឱ្យពួកគេយកឈ្នះអេស្ប៉ាញក្នុងលទ្ធផល ២ទល់នឹង១ ដើម្បីកក់កៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកទី៣ ជាប់ៗគ្នា៕



