ចិនព្រមានប្រទេសក្រៅតំបន់ ឱ្យឈប់ជ្រៀតជ្រែកលើកិច្ចការសមុទ្ទចិនខាងត្បូង
N
Nary Vann
12 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ រដ្ឋាភិបាលចិន បានចេញមុខការពារយ៉ាងដាច់អហង្កា នូវការទាមទារអធិបតេយ្យភាពរបស់ខ្លួនលើដែនទឹកសមុទ្ទចិនខាងត្បូង បន្ទាប់ពីក្រុមប្រទេសចំនួន១៤ បានរួមគ្នាចេញសេចក្តីថ្លែងការណ៍បង្ខំឱ្យចិន ទទួលយកសាលក្រមតុលាការអន្តរជាតិកាលពី១០ឆ្នាំមុន ដោយរិះគន់ចំៗថា ក្រុមប្រទេសក្រៅតំបន់កំពុងតែលូកដៃចូលកិច្ចការផ្ទៃក្នុង និងព្យាយាមបង្កើតរឿងរ៉ាវមិនឈប់ឈរ...។    

ក្រសួងការបរទេសចិន បានបញ្ចេញវីដេអូមួយ ដោយអះអាងថា ចិនមានវត្តមាន និងបានគ្រប់គ្រងការពារសមុទ្ទចិនខាងត្បូង តាំងពីសម័យរាជវង្សឈីន និងរាជវង្សហាន មកម៉្លេះ ហើយបានទាមទារអធិបតេយ្យភាពឡើងវិញទាំងស្រុង ក្រោយជប៉ុនចុះចាញ់សង្គ្រាមលោកលើកទី២ ឆ្នាំ១៩៤៥។ ចិនបានសង្កត់ធ្ងន់ថា៖«កិច្ចការសមុទ្ទចិនខាងត្បូង ជារឿងរបស់ប្រទេសនៅក្នុងតំបន់ ហើយអនាគតនៃដែនទឹកនេះ ត្រូវតែសម្រេចដោយប្រទេសក្នុងតំបន់ផ្ទាល់»។ ស្របពេលជាមួយគ្នា សារព័ត៌មានរដ្ឋចិន Global Times ក៏បានចេញមុខគំរាមធ្ងន់ៗទៅកាន់កម្លាំងខាងក្រៅថា៖«រាល់ការប៉ុនប៉ងប្រើប្រាស់បញ្ហាសមុទ្ទចិនខាងត្បូង ដើម្បីបង្កជម្លោះ គឺជាទង្វើខ្វះការពិចារណា ហើយវានឹងត្រូវវាយកម្ទេចឱ្យខ្ទេចខ្ទីជាមិនខាន»។ សារព័ត៌មានដដែល បានសង្កត់ធ្ងន់បន្ថែមទៀតថា៖«ចិនប្រកាសជាថ្មីថា សាលក្រមតុលាការអន្តរជាតិកាលពីឆ្នាំ២០១៦ គឺគ្មានតម្លៃ និងគ្រាន់តែជាកម្ទេចក្រដាសមួយសន្លឹក ដែលគ្មានឥទ្ធិពលផ្លូវច្បាប់ បង្ខំឱ្យចិនអនុវត្តតាមឡើយ។ យើងមិនទទួលយក ឬទទួលស្គាល់សាលក្រមនេះទេ ហើយយើងក៏ប្រឆាំងដាច់ខាតចំពោះរាល់ការទាមទារ ឬសកម្មភាពទាំងហ្លាយណា ដែលយកសាលក្រមនេះធ្វើជាគោល»។  

មុនឈានដល់ការផ្ទុះសម្តីក្ដៅគគុកនេះ ក្រសួងការបរទេសចិន ក៏បានកោះហៅមន្ត្រីការទូតជាន់ខ្ពស់នៃស្ថានទូតជប៉ុនប្រចាំរដ្ឋធានីប៉េកាំង លោក អាគីរ៉ា យ៉ូកូឈី (Akira Yokochi) មកព្រមានផ្លូវការភ្លាមៗ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសជប៉ុន លោក តូស៊ីមីតស៊ូ ម៉ូតេហ្គី (Toshimitsu Motegi) រិះគន់ចិនជុំវិញការមិនគោរពច្បាប់សមុទ្ទអន្តរជាតិ។ ភាគីចិន បានវាយបកទៅវិញចំៗថា ជប៉ុនមិនមែនជាប្រទេសដែលមានជម្លោះដណ្តើមដែនទឹកនៅក្នុងសមុទ្ទចិនខាងត្បូងទេ ដូច្នេះ គ្មានសិទ្ធិមកប្រដៅចិនឡើយ ហើយថែមទាំងបានរំឭកពីប្រវត្តិសាស្ត្រខ្មៅងងឹត កាលពីសង្គ្រាមលោកលើកទី២ ដែលកាលនោះ ទាហានជប៉ុនបានចូលមកទន្ទ្រានកាន់កាប់កោះជាច្រើនរបស់ចិន ដោយខុសច្បាប់ទៀតផង។

គួរបញ្ជាក់ថា សាលក្រមប្រវត្តិសាស្ត្រនោះ បានសម្រេចច្រានចោលការទាមទាររបស់ចិន ស្ទើរតែទាំងស្រុងលើផ្ទៃសមុទ្ទចិនខាងត្បូង ដោយតុលាការរកឃើញថា ការអះអាងរបស់ចិន មិនមានមូលដ្ឋានច្បាប់ និងបានរំលោភលើច្បាប់អន្តរជាតិ។ នៅក្នុងខួប១០ឆ្នាំនៃសាលក្រមនេះ សហរដ្ឋអាម៉េរិក ជប៉ុន និងប្រទេសចំនួន១២ទៀត បានសង្កត់ធ្ងន់ថា ការសម្រេចរបស់តុលាការអន្តរជាតិ គឺជា «សាលក្រមស្ថាពរ និងមានកាតព្វកិច្ចច្បាប់ដាច់ខាត» ដែលចិនត្រូវតែអនុវត្តតាម៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត