
តំបន់អឺរ៉ុប៖ ទិន្នន័យផ្លូវការចុងក្រោយបានបង្ហាញថា រលកកម្តៅកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដែលបានវាយប្រហារតំបន់អឺរ៉ុបខាងលិច កាលពីចុងខែមិថុនាកន្លងទៅនេះ បានបណ្ដាលឱ្យមានមនុស្សស្លាប់រហូតដល់ជាង១ម៉ឺននាក់ ក្នុងនោះភាគច្រើន (ជាង ៩០០០នាក់) គឺជាមនុស្សចាស់ ដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ...។

យោងតាមការចុះផ្សាយរបស់បណ្តាញតាមដានមរណភាពអឺរ៉ុប «EuroMOMO» បានឱ្យដឹងថា កំណើនអ្នកស្លាប់យ៉ាងគំហុកដល់ទៅ១០ ៦៥០នាក់ ក្នុងអំឡុងសប្តាហ៍នៃថ្ងៃទី២២ ដល់ទី២៨ ខែមិថុនា គឺមិនអាចមានមូលហេតុអ្វីក្រៅពីឥទ្ធិពលនៃរលកកម្តៅខ្លាំងនោះឡើយ ដ្បិតអីក្នុងអំឡុងពេលនោះ គ្មានការផ្ទុះឡើងនៃជំងឺរាតត្បាតធំៗដូចជាកូវីដ-១៩ឡើយ។ មហាគ្រោះរលកកម្តៅនេះ បានធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពល បង្ខំឱ្យសាលារៀនជាច្រើនត្រូវបិទទ្វារ និងបានបំបែកកំណត់ត្រាសីតុណ្ហភាពខ្ពស់បំផុតនៅក្នុងប្រទេសបារាំង អេស្ប៉ាញ បែលហ្ស៊ិក និងចក្រភពអង់គ្លេស។ កម្តៅដ៏សាហាវនេះ បានសម្លាប់មនុស្សតាមរយៈការធ្វើឱ្យគាំងបេះដូង ជួបវិបត្តិផ្លូវដង្ហើម និងការឡើងកម្តៅក្នុងរាងកាយខ្លាំងហួសប្រមាណ។

ទិន្នន័យបានបង្ហាញថា ប្រទេសបារាំង និងប៊ែលហ្ស៊ិក គឺជាប្រទេសពីរ ដែលកត់ត្រាចំនួនអ្នកស្លាប់ក្នុងកម្រិត«ខ្ពស់ខ្លាំងគួរឱ្យកត់សម្គាល់» ដោយក្នុងនោះ ប្រទេសប៊ែលហ្ស៊ិក បានបំបែកកំណត់ត្រាមានអ្នកស្លាប់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ គិតចាប់តាំងពីឆ្នាំ២០០០មក។ ស្របពេលជាមួយគ្នានេះ ការសិក្សាដាច់ដោយឡែកមួយនៅចក្រភពអង់គ្លេស បានរកឃើញថា មនុស្សប្រមាណ២៧០០នាក់បានស្លាប់ដោយសារកម្តៅនៅក្នុងប្រទេសអង់គ្លេស និងវែល (Wales) ដោយក្នុងនោះ ៤២ភាគរយនៃចំនួនអ្នកស្លាប់ គឺបណ្ដាលមកពី «កម្តៅបន្ថែម» ដែលបង្កឡើងដោយផ្ទាល់ពីបញ្ហាការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី ធ្វើឱ្យរលកកម្តៅកើតឡើងញឹកញាប់ និងមានកម្រិតសាហាវជាងមុន៕





