
រដ្ឋធានីប៉េកាំង៖ តុលាការចិន បានកាត់ទោសប្រហារជីវិតលោក យ៉ាង យូលីន (Yang Youlin) អតីតមន្ត្រីក្រុងណានជីង (Nanjing) ពីបទប្រព្រឹត្តអំពើពុករលួយលួចទទួលសំណូកអស់រយៈពេលដល់ទៅ៣០ឆ្នាំ ក្នុងអំឡុងពេលលោកកាន់តួនាទីជាមន្រ្តី។ ក្នុងរយៈពេល៣០ឆ្នាំនេះ លោកស៊ីដាច់លុយអស់ជាង៣២៥លានដុល្លារ។

ក្រៅពីអំពើពុករលួយរាប់ទសវត្សរ៍ លោក យ៉ាង ដែលមានវ័យ៦៩ឆ្នាំហើយនោះ ក៏ត្រូវបានកាត់ទោសពីបទរំលោភអំណាច និងបទលាងលុយកខ្វក់ផងដែរ។ តុលាការ បានប្រកាសសាលក្រមស្តីពីការកាត់ទោសនេះ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦។ តុលាការ លើកឡើងថា លោក យ៉ាង បានចំណាយពេលជាច្រើននៃអាជីពជាមន្រ្តី ដើម្បីប្រព្រឹត្តបទល្មើសដែលមានលក្ខណៈធ្ងន់ធ្ងរបំផុត និងធ្វើឱ្យខាតបង់ផលប្រយោជន៍ជាតិយ៉ាងធ្ងន់ធ្ងរ។

រយៈពេល៣០ឆ្នាំ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២៣ លោក យ៉ាង កាន់តំណែងជាច្រើនក្នុងទីក្រុងណានជីង ហើយកិច្ចការរបស់លោក ជាទូទៅពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងការអភិវឌ្ឍបច្ចេកវិទ្យា។ ក៏ប៉ុន្តែ លោក ឆ្លៀតប្រើប្រាស់តួនាទីខ្លួនដោយខុសច្បាប់ ដើម្បីជួយក្រុមហ៊ុនឯកជននានាឱ្យទទួលបានកិច្ចសន្យាយល់ព្រមពីរដ្ឋាភិបាល និងជួយផ្ទេរដីទៅឱ្យភាគីណាមួយថែមទៀត។

ការកាត់ទោសប្រហារជីវិតអតីតមន្រ្តីរូបនេះ គឺជាចំណែកមួយនៃវិធានការក្តៅរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ក្នុងការបោសសម្អាតអំពើពុករលួល។ កណ្តាប់ដៃដែករបស់លោក ស៊ី ធ្វើឱ្យមន្រ្តីក្នុងបក្ស ក្នុងរដ្ឋាភិបាល រួមទាំងក្នុងជួរកងទ័ពផង ភ័យញាក់សាច់សឹងគ្រប់គ្នា ខណៈថ្មីៗនេះ ទើបតែមានមេទ័ពកំពូល២រូបដែលប្រៀបដូចជាដៃឆ្វេងដៃស្តាំរបស់លោក ស៊ី ត្រូវបានវ៉ៃខ្នោះបញ្ជូនទៅកាត់ទោស ពាក់ព័ន្ធនឹងអំពើពុករលួយ៕



