
រដ្ឋធានីដាម៉ាស៖ មានគ្រាប់ផ្ទុះកើតឡើងនៅក្បែរវិមានប្រធានាធិបតីស៊ីរី ក្នុងរដ្ឋធានីដាម៉ាស នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ គឺនៅមុនបន្តិចប៉ុណ្ណោះនៃជំនួបរវាងលោក អាម៉េដ អាល់ហ្សារ៉ា (Ahmed al-Sharaa) ប្រធានាធិបតីស៊ីរី និងលោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង។ ទោះយ៉ាងណា ការផ្ទុះគ្រាប់ដែលបង្កការឆោឡោនេះ ពុំបានបង្អាក់ជំនួបរវាងប្រធានាធិបតីទាំង២នោះទេ។

សារព័ត៌មាន Reuters ចុះផ្សាយដោយផ្អែកតាមសម្តីរបស់មន្រ្តីសន្តិសុខថា ការផ្ទុះគ្រាប់នេះ ក៏ស្ថិតនៅក្បែរសណ្ឋារដែលលោក ម៉ាក្រុង ត្រូវស្នាក់នៅផងដែរ ក្នុងអំឡុងពេលលោកបំពេញទស្សនកិច្ចនៅស៊ីរី។ លោក ម៉ាក្រុង ត្រូវបានរាយការណ៍ថា មានសុវត្ថិភាព ហើយលោកនៅតែបំពេញទស្សនកិច្ចជាធម្មតា។

កំណាត់ផ្លូវនៅម្តុំកន្លែងដែលផ្ទុះគ្រាប់នោះ ត្រូវបានបិទ និងរឹតបន្តឹងសន្តិសុខ។ បើតាមសារព័ត៌មាន Al Jazeera មានមនុស្ស១៨នាក់ ក្នុងនោះ ក៏មានប៉ូលិស៤នាក់ផងដែរ បានត្រូវរបួស។ ចំណែកអត្តសញ្ញាណអ្នកវាយប្រហារ ឬមូលហេតុពិតប្រាកដនៃការផ្ទុះគ្រាប់នេះ អាជ្ញាធរស៊ីរីមិនទាន់បញ្ជាក់នោះទេ។

នៅស៊ីរីបច្ចុប្បន្ន ថ្វីបើគ្មានសង្គ្រាមស៊ីវិលទូទាំងប្រទេសក្តី តែនៅតែអស្ថិរភាព មិនសូវមានសន្តិសុខ ប្រជាជនតាមតំបន់ខ្លះ រស់នៅក្នុងភាពភ័យខ្លាច និងតែងមានក្តីបារម្ភក្នុងការធ្វើដំណើរ។ តំបន់មួយចំនួន នៅតែមានការវាយប្រហារដោយអាវុធ និងការផ្ទុះគ្រាប់បែក ពីក្រុមប្រដាប់អាវុធផ្សេងៗ ដូចជា ក្រុមប្រដាប់អាវុធដឹកនាំដោយជនជាតិឃឺដ (Kurdish-led forces) ក្រុមជ្រុលនិយមអាស៊ីស (ISIS) និងក្រុមដែលត្រូវបានគេចាត់ទុកជាពួកភេរវករ ជាដើម៕





