ស្អុយឈ្មោះដោយសារគ្រឿងញៀនហូរចេញទៅក្រៅប្រទេសច្រើនពេក មេដឹកនាំថៃត្រៀមបិទឧស្សាហកម្មកញ្ឆា
Mao Sopha
12 ម៉ោងមុន

រាជធានីបាងកក៖ ជាទូទៅ គេតែងហៅប្រទេសនានាលើពិភពលោកថា ជាប្រទេសកសិកម្ម ឬប្រទេសឧស្សាហកម្ម។ ចុះថៃវិញ ជាប្រទេសកសិកម្ម ឬជាប្រទេសឧស្សាហកម្ម ឬក៏ជាប្រទេសគ្រឿងញៀន..

ចម្ការដាំកញ្ឆាមួយកន្លែងនៅប្រទេសថៃ។
ចម្ការដាំកញ្ឆាមួយកន្លែងនៅប្រទេសថៃ។

ថៃ ជាប្រទេសមួយដែលអនុញ្ញាតឱ្យមានឧស្សាហកម្មកញ្ឆាស្របច្បាប់។ កញ្ឆា អាចត្រូវបានប្រើប្រាស់ក្នុងផ្លូវវិជ្ជមាន ឬជាប្រយោជនន៍ណាមួយ ដូចជា ការប្រើប្រាស់ក្នុងវេជ្ជសាស្ត្រ ឬថ្នាំពេទ្យជាដើម។ តែកញ្ឆា ក៏ជាវត្ថុដើមដែលត្រូវបានផលិតជាគ្រឿងញៀនខុសច្បាប់ដែរ។ បញ្ហាធំដែលកើតនៅប្រទេសថៃ គឺនៅត្រង់នេះឯង។

សមត្ថកិច្ចចាប់កញ្ឆា ឬគ្រឿងញៀនខុសច្បាប់កន្លងមក។
សមត្ថកិច្ចចាប់កញ្ឆា ឬគ្រឿងញៀនខុសច្បាប់កន្លងមក។

កញ្ឆានៅប្រទេសថៃ ត្រូវបានលួចផលិតចេញជាគ្រឿងញៀនផង និងលួចនាំចេញទៅក្រៅប្រទេសផង។ ពេលខ្លះ ក្រុមឈ្មួញទុច្ចរិត លួចនាំកញ្ឆាមិនទាន់កែច្នៃទៅក្រៅប្រទេសដោយខុសច្បាប់ ហើយបន្ទាប់មក ក៏ត្រូវបានលួចកែច្នៃ ឬផលិតចេញជាគ្រឿងញៀននៅតាមបណ្តាប្រទេសទាំងនោះ។ ពេលខ្លះ កញ្ឆាទាំងនោះ ត្រូវបានលួចកែច្នៃចេញជាគ្រឿងញៀនរួចជាស្រេច ហើយនាំចេញពីថៃទៅកាន់បណ្តាប្រទេសនានា។ 

គ្រឿងញៀនដ៏ច្រើន ត្រូវសមត្ថកិច្ចថៃរឹបអូស។ 
គ្រឿងញៀនដ៏ច្រើន ត្រូវសមត្ថកិច្ចថៃរឹបអូស។ 

សារព័ត៌មានចិនលំដាប់អន្តរជាតិ South China Morning Post ផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ថា ​ចក្រភព​អង់គ្លេស អាល្លឺម៉ង់ ឥណ្ឌូណេស៊ី និង​ហុងកុង ជាដើម សុទ្ធតែបានរឹបអូសកញ្ឆា​នាំចូលពីប្រទេសថៃ ដែលបង្ហាញឱ្យឃើញពីចំណុចអវិជ្ជមានរបស់ថៃដែលបានលុបបម្រាម ឬលុបចោលទោសទណ្ឌក្នុងការដាំកញ្ឆា។ កាលពីថ្ងៃទី២ ខែកក្កដាថ្មីៗនេះ មន្រ្តីគយប្រទេសអាល្លឺម៉ង់ បានធ្វើប្រតិបត្តិការបង្ក្រាបនៅច្រកសមុទ្ទមួយ លើករណីរត់ពន្ធកញ្ឆាខុសច្បាប់ទ្រង់ទ្រាយធំពីប្រទេសថៃចូលទៅក្នុងទ្វីបអឺរ៉ុប ដោយរឹបអូសបានកញ្ឆាដល់ទៅ១,២តោន ដែលអាចមានតម្លៃលើសពី១៣លានដុល្លារ

លោក អនុទីន ថ្លែងពេលចុះទៅដល់រោងចក្រលួចផលិតគ្រឿងញៀន៥០តោន។
លោក អនុទីន ថ្លែងពេលចុះទៅដល់រោងចក្រលួចផលិតគ្រឿងញៀន៥០តោន។

លោកនាយករដ្ឋមន្រ្តី អនុទីន ឆានវីរគុល (อนุทิน ชาญวีรกูล) បានប្រកាសថា ថៃប្រហែលជាត្រូវបិទឧស្សាហកម្មកញ្ឆាចោលវិញ បើរកឃើញថា កញ្ឆានេះ អាចបង្កគ្រោះថ្នាក់ច្រើនជាងផលល្អ។ អនុទីន ថ្លែងយ៉ាងដូច្នេះថា៖«បើប្រជាពលរដ្ឋនៅតែអាចរត់ពន្ធគ្រឿងញៀនចេញ[ទៅក្រៅប្រទេស]បាន យើងត្រូវត្រឡប់ទៅពិនិត្យវិធានការរបស់យើងឡើងវិញ [ដើម្បីទប់ស្កាត់]»។ លោក បន្តថា ថៃ ត្រូវរកវិធីការពារខ្លួន កុំឱ្យប្រទេសផ្សេងទៀតស្តីបន្ទោសថា ថៃខ្សោយនៅក្នុងការទប់ស្កាត់បញ្ហានេះ។ 

ចម្ការដាំកញ្ឆានៅប្រទេសថៃ។ 
ចម្ការដាំកញ្ឆានៅប្រទេសថៃ។ 

បើតាមសារព័ត៌មាន South China Morning Post ដដែល ការចែកចាយ និងការលក់កញ្ឆាសម្រាប់ការកម្សាន្តនៅប្រទេសថៃ បានរីករាលដាលខ្លាំង ហើយមានតម្លៃថោក សូម្បីក្នុងហាងតាមផ្លូវក៏មានលក់ដែរ។ អ្នកដាំខ្លះ ព្យាយាមស្វែងរកម៉ូយជាជនបរទេស ដែលចង់ទិញកញ្ឆាក្នុងចំនួនច្រើន ដើម្បីលួចរត់ពន្ធបន្តទៅក្រៅប្រទេស។

ហាងលក់កញ្ឆានៅប្រទេសថៃ។
ហាងលក់កញ្ឆានៅប្រទេសថៃ។

នៅក្នុងប្រទេសថៃមួយរយៈចុងក្រោយនេះ អាជ្ញាធរបានរកឃើញបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំៗជាច្រើន ជាពិសេស ការបង្ក្រាបរោងចក្រប្រមាណជា១០ ដែលលួចផលិតគ្រឿងញៀនដល់ទៅ៥០តោន (ប្រទេសនេះ ផលិតគ្រឿងញៀនស្ទើរតែដូចផលិតស្រូវអង្ករទៅហើយ)។ ជាមួយគ្នា ថៃត្រូវអាម៉ាសមុខមួយកម្រិតទៀត បន្ទាប់ពីស្ត្រីជនជាតិថៃម្នាក់ ជាអ្នកបម្រើការលើយន្តហោះ ទើបត្រូវបានប៉ូលិសអូស្ត្រាលីចាប់វ៉ៃខ្នោះ ពីបទជួញដូរគ្រឿងញៀន មានតម្លៃជាង៣០ម៉ឺនដុល្លារ។ មិនមែនត្រឹមតែគ្រឿងញៀននោះទេ អំពើឆបោកអនឡាញវិញ ក៏មានស្អេកស្កះដូចសម្បុកពីងពាងដែរ។ របាយការណ៍មួយ បង្ហាញថា ក្នុងរយៈពេល៩ខែចុងក្រោយ អាជ្ញាធរថៃ ចាប់ជនល្មើសពាក់ព័ន្ធនឹងអំពើឆបោកអនឡាញដល់ទៅ៣ម៉ឺននាក់ឯណោះ៕    

សមត្ថកិច្ចថៃ រៀបចំបណ្តេញជនបរទេសដែលប្រព្រឹត្តអំពើឆបោកអនឡាញ ទៅប្រទេសកំណើតវិញ កាលពីពេលកន្លងទៅ។
សមត្ថកិច្ចថៃ រៀបចំបណ្តេញជនបរទេសដែលប្រព្រឹត្តអំពើឆបោកអនឡាញ ទៅប្រទេសកំណើតវិញ កាលពីពេលកន្លងទៅ។

 


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត