អតីតរដ្ឋមន្ត្រីការពារជាតិចិន២រូប ដែលជាប់ព័ន្ធក្នុងសំណុំរឿងពុករលួយ អាចនឹងប្តូរពីទោសប្រ.ហារជី.វិត មកជាប់គុកមួយជីវិតវិញ
N
Nary Vann
08 ឧសភា 2026 01:30 PM

រដ្ឋធានីប៉េកាំង៖ តុលាការប្រទេសចិន បានសម្រេចកាត់ទោសប្រហារជីវិតអតីតរដ្ឋមន្ត្រីការពារជាតិពីររូប គឺលោក វ៉េ ហ្វឹងហឺ (Wei Fenghe) និងលោក លី សាងហ្វូ (Li Shangfu) ពីបទពុករលួយ និងទទួលសំណូកយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ ទោសប្រហារជីវិតនេះ មិនមែនត្រូវបានអនុវត្តភ្លាមៗនោះ គឺត្រូវបានព្យួរ ឬពន្យារពេល២ឆ្នាំ។



លោក វ៉េ ហ្វេងហឺ (ឆ្វេង) និងលោក លី សាងហ្វូ
លោក វ៉េ ហ្វេងហឺ (ឆ្វេង) និងលោក លី សាងហ្វូ

សូមកុំយល់ច្រឡំថា ២ឆ្នាំក្រោយ អតីតរដ្ឋមន្រ្តីការពារជាតិទាំង២នាក់នេះ នឹងត្រូវប្រហារជីវិត។ ផ្ទុយមកវិញ ផ្អែកតាមនីតិវិធីក្នុងសំណុំរឿង និងការព្យួរទោសបែបនេះ ដែលគេធ្លាប់ឃើញនៅចិន ជាទូទៅ អ្នកជាប់ទោស បែរអាចមានឱកាសរួចផុតពីទោសប្រហារជីវិត មកជាអ្នកទោសជាប់ពន្ធនាគារមួយជីវិតវិញ បើក្នុងរយៈពេលព្យួរទោសនេះ អ្នកទោសនោះ មានឥរិយាបថល្អ និងមិនត្រូវបានរកឃើញទោសកំហុសធ្ងន់ធ្ងរណាផ្សេងទៀត។ ក្រៅពីការដាក់ទោសនេះ លោកទាំង២ ក៏ត្រូវបានដកហូតសិទ្ធិនយោបាយអស់មួយជីវិត និងរឹបអូសទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់ផងដែរ។

គេមើលឃើញថា ការដាក់ទោសធ្ងន់ធ្ងរចំពោះអតីតរដ្ឋមន្រ្តីការពារជាតិទាំង២នេះ គឺជាការបោសសម្អាតផ្ទៃក្នុងកងទ័ពដ៏សាហាវបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍ ក្រោមបញ្ជារបស់លោកប្រធានាធិបតី ស៊ី ជីនពីង ដើម្បីលុបបំបាត់អំពើពុករលួយក្នុងជួរកងទ័ពចិន។ តាមរបាយការណ៍ពីទីភ្នាក់ងារព័ត៌មានស៊ិនហួ លោក លី សាងហ្វូ អតីតរដ្ឋមន្រ្តីការពារជាតិ ត្រូវបានរកឃើញថា បានទទួលសំណូកយ៉ាងមហាសាល និងបានប្រើប្រាស់អំណាចដើម្បីស្វែងរកលាភសក្ការៈផ្ទាល់ខ្លួន ខណៈលោក វ៉េ ហ្វឹងហឺ ដែលជាអតីតរដ្ឋមន្រ្តីការពារជាតិដែរនោះ ហើយក៏ធ្លាប់កាន់តំណែងជាមេបញ្ជាការកងកម្លាំងរ៉ុកកែត ក៏ត្រូវបានចោទប្រកាន់ពីបទស្រដៀងគ្នា ដែលបង្កឱ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់កងទ័ពជាតិ។ 

ការធ្លាក់ខ្លួនរបស់មេទ័ពដ៏មានឥទ្ធិពលទាំងពីររូបនេះ ដែលធ្លាប់ជាមនុស្សជំនិតបំផុតរបស់លោក ស៊ី ជីនពីង បានបង្ហាញឱ្យឃើញពីបញ្ហាពុករលួយដ៏ស៊ីជម្រៅនៅក្នុងរចនាសម្ព័ន្ធយោធាចិន ជាពិសេសនៅក្នុងកងកម្លាំងរ៉ុកកែតដែលគ្រប់គ្រងអាវុធនុយក្លេអ៊ែរ។ អ្នកវិភាគយល់ថា ការបោសសម្អាតជាបន្តបន្ទាប់នេះ បានធ្វើឱ្យរចនាសម្ព័ន្ធបញ្ជាការដ្ឋានរបស់កងទ័ពចិនមានភាពរង្គោះរង្គើ និងអាចប៉ះពាល់ដល់ប្រសិទ្ធភាពនៃការត្រៀមលក្ខណៈធ្វើសង្រ្គាម ក្នុងកំលុងពេលដែលចិនកំពុងព្យាយាមធ្វើទំនើបកម្មយោធារបស់ខ្លួនឱ្យឈានដល់កម្រិតកំពូលនៃពិភពលោក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត