លោក ដូណាល់ ត្រាំ ដាក់ឱសានវាទឱ្យអ៊ីរ៉ង់ចុះកិច្ចព្រមព្រៀង បើមិនចង់ជួបសង្រ្គាមធំ
N
Nary Vann
12 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចេញមុខព្រមានកងទ័ពអ៊ីរ៉ង់ចំៗថា រដ្ឋធានីវ៉ាស៊ីនតោនមានជម្រើសតែ២គត់សម្រាប់រដ្ឋធានីតេហេរ៉ង់ គឺការ«ព្រមចុះកិច្ចព្រមព្រៀងសន្តិភាព ឬមួយត្រូវរងការកម្ទេចឱ្យហ្មត់»។ ការគំរាមកំហែងខាងយោធានេះ ធ្វើឡើងចំពេលកិច្ចចរចាសន្តិភាពរវាងប្រទេសទាំងពីរ បានបញ្ចប់ទៅដោយគ្មានលទ្ធផល អំឡុងពេលបទឈប់បាញ់៦០ថ្ងៃ ដែលជិតផុតកំណត់...។

នៅក្នុងសន្និសីទសារព័ត៌មាន នៅការិយាល័យរាងពងក្រពើ លោក ត្រាំ បានថ្លែងសង្កត់ធ្ងន់ដោយមិនលាក់លៀមថា៖«យើងនឹងត្រូវចុះកិច្ចព្រមព្រៀង ឬមួយក៏យើងត្រូវបញ្ចប់ការងាររបស់យើងឱ្យរួចរាល់។ ហើយវាមិនមែនជាការងារពិបាកនោះឡើយ ក្នុងការកម្ទេចពួកគេ។ ខ្ញុំចង់បានកិច្ចព្រមព្រៀងជាង ព្រោះខ្ញុំមិនចង់ឱ្យប៉ះពាល់ដល់ជីវិតមនុស្ស ៩១លាននាក់នោះទេ។ យើងអាចកម្ទេចស្ពានរបស់ពួកគេទាំងអស់ត្រឹមពេល១ម៉ោង និងផ្តាច់ការផ្គត់ផ្គង់ថាមពលរបស់ពួកគេទាំងស្រុង..។ ឥឡូវនេះ..ពួកគេគ្មានលុយសល់សូម្បីតែមួយកាក់ឡើយ»

ភ្លាមៗ អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់ លោក មហាម៉េដ បាគើ ហ្សុលកាឌ្រ៍ (Mohammad Baqer Zolqadr) បានវាយបកភ្លាមៗដោយចាត់ទុកសម្ដីលោក ត្រាំ ថាជាការរវើរវាយទាំងថ្ងៃ។ លោកបានថ្លែងតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា ប្រជាជនអ៊ីរ៉ង់មិនចេះស្ដាប់ភាសាគំរាមកំហែងនោះទេ ដូច្នេះ សូមនិយាយដោយការគោរព បើមិនដូច្នោះទេ អ៊ីរ៉ង់នឹងឆ្លើយតបវិញដោយការប្រើប្រាស់ភាសាផ្សេង (អាវុធ) វិញមិនខាន។ ភាពតានតឹងនេះ បានផ្ទុះឡើងវិញភ្លាមៗ បន្ទាប់ពីពិធីបុណ្យសពអតីតមេដឹកនាំកំពូល លោក ខាមេណី ទើបតែបញ្ចប់ទៅ ដោយមហាជនអ៊ីរ៉ង់រាប់លាននាក់មិនបានបង្ហាញភាពទន់ជ្រាយឡើយ ប៉ុន្តែបែរជាបង្ហាញការរួបរួមគ្នាយ៉ាងរឹងមាំ និងត្រៀមខ្លួនរួចជាស្រេច ដើម្បីតតាំងជាមួយអាម៉េរិក និងអ៊ីស្រាអែល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត