
រដ្ឋធានីហ្សាការតា៖ ក្នុងឱកាសនៃការចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការ រយៈពេលពីរថ្ងៃនៅក្នុងប្រទេសឥណ្ឌូណេស៊ី នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានឈានទៅរកការសម្រេចកិច្ចព្រមព្រៀងយោធាដ៏ធំមួយ ដោយឥណ្ឌានឹងផ្គត់ផ្គង់មីស៊ីលតម្រង់ទិសល្បឿនលឿនជាងសំឡេង BrahMos និងមីស៊ីលវាយប្រហារពីលើអាកាសប្រភេទ Astra ឱ្យទៅកាន់រដ្ឋធានីហ្សាការតា ក្នុងទំហំទឹកប្រាក់ប្រហែល ៦៣០លានដុល្លារអាម៉េរិក។

កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ នឹងធ្វើឱ្យឥណ្ឌូណេស៊ីក្លាយជាប្រទេសទី៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីហ្វីលីពីន និងវៀតណាម ដែលបានបញ្ជាទិញប្រព័ន្ធមីស៊ីលលឿនបំផុតមួយក្នុងលោក BrahMos ដែលជាបច្ចេកវិទ្យារួមគ្នារវាងឥណ្ឌា និងរុស្ស៊ី។ មីស៊ីលប្រភេទនេះ មានសមត្ថភាពអាចបាញ់បង្ហោះបានទាំងពីលើគោក លើទឹក និងលើអាកាស ខណៈមីស៊ីលប្រភេទ Astra នឹងត្រូវយកទៅបំពាក់បញ្ចូលជាមួយយន្តហោះចម្បាំងល្បឿនលឿន Sukhoi (ផលិតដោយរុស្ស៊ី) របស់កងទ័ពអាកាសឥណ្ឌូណេស៊ី។ ផ្អែកតាមប្រភពព័ត៌មាន លោក ម៉ូឌី នឹងជួបពិភាក្សាផ្ទាល់ជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) ដើម្បីជំរុញកិច្ចសហការឧស្សាហកម្មការពារជាតិ សន្តិសុខដែនសមុទ្ទ និងការបណ្ដុះបណ្ដាលបច្ចេកទេសរយៈពេលវែង។

ការសម្រេចចិត្តលក់អាវុធយុទ្ធសាស្ត្រធុនធ្ងន់ឱ្យទៅឥណ្ឌូណេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេក្នុងអាស៊ាននាពេលនេះ គឺជាការបោះជំហានពង្រីកឥទ្ធិពលយោធាដ៏គួរឱ្យកត់សម្គាល់របស់ឥណ្ឌា ក្រោមនយោបាយ «Act East»។ ជំហរនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនតុល្យភាពអំណាច និងប្រជែងឥទ្ធិពលជាមួយប្រទេសចិន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ចំពេលបណ្តាប្រទេសក្នុងតំបន់ កំពុងបង្កើនការចាប់អារម្មណ៍លើអាវុធរបស់ឥណ្ឌាយ៉ាងខ្លាំង បន្ទាប់ពីរដ្ឋធានីញូវដេលីយកមីស៊ីល BrahMos ទៅប្រើប្រាស់ក្នុងសមរភូមិជាក់ស្តែងកាលពីឆ្នាំមុន ក្នុងជម្លោះព្រំដែនរយៈពេល៤ថ្ងៃជាមួយប៉ាគីស្ថាន៕



