
រដ្ឋធានីប៉ារីស៖ ដូចរឿងតែមួយ...ទើបតែកើតឡើងនៅអាម៉េរិក ក៏ស្រាប់តែកើតឡើងនៅបារាំងដែរ! យន្តហោះខ្នាតតូច១គ្រឿង ដឹកអ្នកលោតឆត្រយោង៥នាក់ និងគ្រូបង្វឹកលោតឆត្រយោង៥នាក់ បានធ្លាក់ ហើយផ្ទុះឆេះខ្ទេចខ្ទី នៅភាគខាងកើត ប្រទេសបារាំង កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។ ABC និងសារព័ត៌មានបរទេសជាច្រើនផ្សេងទៀត ផ្សាយដូចគ្នាថា មនុស្សទាំងអស់ក្នុងយន្តហោះ រួមទាំងអ្នកបើកម្នាក់ផង សុទ្ធតែបាត់បង់ជីវិត។

យន្តហោះនេះ ធ្លាក់ភ្លាមៗ នៅពេលទើបតែហោះឡើងបានបន្តិចប៉ុណ្ណោះ។ អ្វីដែលគួរឱ្យសង្វេគ គឺក្រុមគ្រួសារខ្លះរបស់ជនរងគ្រោះ បានឈរមើលការហោះហើរនោះ ហើយក៏បានឃើញផ្ទាល់ភ្នែកពីទិដ្ឋភាពនៃការធ្លាក់យន្តហោះ។ គេមិនទាន់ដឹងពីមូលហេតុលដែលនាំឱ្យយន្តហោះធ្លាក់ឡើយ ខណៈពេលនេះ ក្រុមមន្រ្តីជំនាញកំពុងបន្តស្រាវជ្រាវ។

ថ្វីបើនៅបារាំងពេលនេះ អាកាសធាតុក្តៅខ្លាំង ប៉ុន្តែមិនទាន់មានការអះអាងថា ការធ្លាក់យន្តហោះនេះ អាចពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុនោះទេ។ មន្រ្តីជំនាញ លើកឡើងថា ការធ្លាក់យន្តហោះដឹកអ្នកលោតឆត្រយោងនេះ គឺជាហេតុការណ៍ដែលទើបកើតមានក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់ប្រទេសបារាំង។

ហេតុការណ៍ធ្លាក់យន្តហោះនៅបារាំងនេះ គឺដូចគ្នាបេះបិទតែម្តង ទៅនឹងហេតុការណ៍ធ្លាក់យន្តហោះនៅអាម៉េរិក។ កាលពីថ្ងៃទី១៤ ខែមិថុនាថ្មីៗនេះ ក៏ទើបតែមានយន្តហោះ១គ្រឿង ដឹកក្រុមអ្នកលោតឆត្រយោង បានធ្លាក់នៅពេលទើបតែហោះឡើង នៅក្នុងរដ្ឋមីសស៊ូរី (Missouri) សហរដ្ឋអាម៉េរិក។ អ្នកលោតឆត្រយោង១១នាក់ បូករួមទាំងអ្នកបើកម្នាក់ សុទ្ធតែស្លាប់ទាំងអស់។

ដូចករណីនៅបារាំងដែរ ការធ្លាក់យន្តហោះដឹកអ្នកលោកតឆត្រនៅអាម៉េរិក គឺមានគ្រួសារខ្លះរបស់ជនរងគ្រោះ បានឈរមើល និងបានឃើញទិដ្ឋភាពនៃគ្រោះថ្នាក់ផ្ទាល់នឹងភ្នែក។ សមាគមលោតឆត្រយោងអាម៉េរិក អះអាងថា ករណីធ្លាក់យន្តហោះលោតឆត្រយោងដែលមានមនុស្សស្លាប់ច្រើនបែបនេះ គឺជារឿងកម្រកើតមានណាស់៕



