
រដ្ឋធាប៉េកាំង៖ ការបង្កើនសមត្ថភាពវិស័យការពារជាតិ និងសន្តិសុខកម្ពុជា បានក្លាយជារឿងរ៉ាវដ៏ក្ដៅគគុក និងជារបៀបវារៈដ៏សំខាន់មិនអាចខ្វះបាន នៅក្នុងជំនួបកំពូលរវាងមេដឹកនាំបក្សកុម្មុយនីស្ដចិន លោក ស៊ី ជីនពីង និងមេដឹកនាំគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅរដ្ឋធានីប៉េកាំង កាលពីពេលថ្មីៗ បាននិងកំពុងធ្វើឱ្យមេដឹកនាំថៃតាមដានយ៉ាងយកចិត្តទុកដាក់បំផុត...។

នៅក្នុងជំនួបជាប្រវត្តិសាស្ត្រនេះ មេដឹកនាំនៃប្រទេសទាំង២ បានព្រមព្រៀងគ្នាជំរុញសម្ព័ន្ធភាពយុទ្ធសាស្ត្រលើវិស័យយោធា និងសន្តិសុខជាតិឱ្យឈានដល់កម្រិតកំពូល ក្រោមក្របខណ្ឌ «សហគមន៍វាសនារួមគ្រប់កាលៈទេសៈក្នុងយុគសម័យថ្មី» ដើម្បីឆ្លើយតបទៅនឹងស្ថានភាពតំបន់ ដែលបាននិងកំពុងប្រែប្រួលយ៉ាងស្មុគស្មាញ ជាពិសេស សកម្មភាពរបស់យោធាថៃបើកការឈ្លានពានលើដែនអធិតតេយ្យកម្ពុជា។ លោកប្រធានាធិបតី ស៊ី ជីនពីង បានសង្កត់ធ្ងន់ថា ប្រទេសចិន ត្រៀមខ្លួនជាស្រេចក្នុងការបង្កើតភាពជាដៃគូសន្តិសុខដ៏រឹងមាំជាមួយកម្ពុជា ដើម្បីការពារស្ថិរភាពរយៈពេលវែងរបស់ប្រទេសទាំង២។

អ្វីដែលជាចំណុចរបត់ដ៏សំខាន់នោះ គឺការប្រែក្លាយកិច្ចសហប្រតិបត្តិការសន្តិសុខ ដែលធ្លាប់តែធ្វើឡើងតាមករណីដាច់ដោយឡែក ឱ្យទៅជាក្របខណ្ឌស្ថាប័នដែលមានលក្ខណៈជាប្រព័ន្ធ និងទៀងទាត់។ តាមរយៈការវិភាគរបស់មន្ត្រីជំនាញចិន យន្តការការពារជាតិ និងសន្តិសុខរវាងរាជធានីភ្នំពេញ និងរដ្ឋធានីប៉េកាំង ត្រូវបានពង្រឹងជាស្ថាប័នតាមរយៈយន្តការសន្ទនា«២+២» ដែលជាការពិភាក្សាជាទៀងទាត់រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ។ លើសពីនេះ ក៏មានសំណើបង្កើតយន្តការ«៣+៣» ថ្មី ដែលជាយន្តការសម្របសម្រួលកម្រិតខ្ពស់ ដោយផ្តោតជាសំខាន់លើវិស័យអនុវត្តច្បាប់ និងសន្តិសុខផ្ទៃក្នុង។

ក្រៅពីកិច្ចសហប្រតិបត្តិការយោធាប្រពៃណី សន្តិសុខឌីជីថល និងការបង្ក្រាបបទល្មើសឆ្លងដែន បានក្លាយជាអាទិភាពខ្ពស់បំផុតនៅក្នុងជំនួបនោះ ក៏នៅមានជំនួបពិសេសៗផ្សេងទៀត ដែលប្រមុខដឹកនាំបក្សទាំងពីរបានជួបពិភាក្សាបិទទ្វារ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងច្បាស់ថា ការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងអនឡាញស្គេម គឺជាអាទិភាពចម្បងបំផុតនៅក្នុងរបៀបវារៈបច្ចុប្បន្នរបស់កម្ពុជា។ ជាការឆ្លើយតប លោក ស៊ី ជីនពីង បានសម្ដែងការកោតសរសើរយ៉ាងខ្លាំងចំពោះការប្តេជ្ញាចិត្ត និងសកម្មភាពម៉ឺងម៉ាត់របស់កម្ពុជា ព្រមទាំងបានបញ្ជាក់ថា ចិននឹងបន្តផ្តល់ការគាំទ្រ និងរក្សាកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់យ៉ាងជិតស្និទ្ធ ដើម្បីលុបបំបាត់ភេរវកម្មសង្គមដ៏កាចសាហាវនេះ ឱ្យអស់ឫសគល់ពីទឹកដីកម្ពុជា។

អ្នកវិភាគអន្តរជាតិ បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់រដ្ឋធានីប៉េកាំង ក្នុងតួនាទីជាប្រធានព្រឹទ្ធសភាផង និងជាប្រមុខដឹកនាំបក្សផងនេះ គឺជាការបញ្ជូនសារនយោបាយដ៏សំខាន់មួយទៅកាន់ពិភពលោក។ នោះគឺមានន័យថា ទោះបីជា សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាមេដឹកនាំជំនាន់ក្រោយក៏ដោយ ប៉ុន្តែគោលនយោបាយការពារជាតិ និងសម្ព័ន្ធភាពសន្តិសុខរវាងកម្ពុជា និងចិន មិនមានការប្រែប្រួលឡើយ។ សូមជម្រាបថា សម្តេចតេជោ គឺជាតួអង្គដ៏សំខាន់បំផុត ក្នុងការរក្សាទំនាក់ទំនងយុទ្ធសាស្ត្រការពារជាតិជាមួយរដ្ឋធានីប៉េកាំងឱ្យនៅរឹងមាំដូចដែកថែប ក្នុងសម័យបច្ចុប្បន្ន បន្តបេសកកម្មពីអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិកម្ពុជា។ ជាមួយគ្នានេះ កម្ពុជាក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះរាល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការការពារអធិបតេយ្យភាពជាតិ រួមទាំងការប្រឆាំងដាច់ខាតចំពោះរាល់សកម្មភាពអបគមន៍នៃឯករាជ្យភាពតៃវ៉ាន់ផងដែរ។

អ្នកជំនាញមើលឃើញថា ការពង្រឹងវិស័យការពារជាតិរវាងកម្ពុជា-ចិន នៅពេលនេះ មិនត្រឹមតែជាខែលការពារផលប្រយោជន៍ស្នូលរបស់បក្សសម្ព័ន្ធទាំង២ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការដាក់ចេញនូវគំរូសន្តិសុខបែបថ្មីសម្រាប់ទំនាក់ទំនងរវាងចិន ចំពេលមានការប្រឈមមុខនឹងឥទ្ធិពលភូមិសាស្ត្រនយោបាយសកលលោក ជាពិសេស សកម្មភាពអ៊ុងអាត់បង្កអរិភាពរបស់ភាគីថៃ ដែលបានបើកការឈ្លានពាន និងបន្តរុលចូលកាន់កាប់ជ្រៅលើដែនអធិបតេយ្យភាពកម្ពុជាដោយខុសច្បាប់ ដោយមិនកោតញញើតច្បាប់អន្តរជាតិ។ ទោះយ៉ាងណា មានសំណួរជាច្រើចោទសួរថា តើនៅក្នុងដំណើរទស្សនកិច្ចរបស់បុរសខ្លាំងនៅកម្ពុជាលើកនេះ អាចមានកិច្ចព្រមព្រៀងផ្តល់ ឬលក់សព្វាវុធសម្ងាត់ដល់កម្ពុជា ដើម្បីការពារខ្លួនពីការឈ្លានពានរបស់ចោរខ្មាំងតជំនាន់ ឬក៏អត់ទេ...? ខណៈដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជាលើកនេះ កំពុងទទួលការចាប់អារម្មណ៍តាមដាន និងស៊ើបអង្កេតជាខ្លាំងពីសំណាក់មេដឹកនាំថៃ៕


