ក្រុមខ្មាន់កាំភ្លើងវាយឆ្មក់បំផ្ទុះ និងដុតស្ថានីយប្រេងធំៗពីរកន្លែងនៅខេត្តប៉ាតានី ភាគខាងត្បូងប្រទេសថៃ
N
Nary Vann
11 ម៉ោងមុន

រាជធានីបាងកក៖ ក្រុមខ្មាន់កាំភ្លើងលាក់មុខ បានបើកការវាយប្រហារដោយការបំផ្ទុះគ្រាប់បែក និងដុតបំផ្លាញស្ថានីយប្រេងឥន្ធនៈចំនួនពីរកន្លែង នៅក្នុងស្រុកយ៉ារីង (ยะหริ่ง) និងស្រុកសៃបុរី (สายบุรี) នៃខេត្តប៉ាតានី ភាគខាងត្បូងប្រទេសថៃ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទទី២៩ ខែមិថុនានេះ បណ្ដាលឱ្យមនុស្សពីរនាក់រងរបួស និងបង្កការខូចខាតទ្រង់ទ្រាយធំ ដែលអាជ្ញាធរសង្ស័យថា ជាស្នាដៃរបស់ក្រុមឧទ្ទាមបំបែកខ្លួនក្នុងតំបន់...

យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់សមត្ថកិច្ចថៃ បានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ទីមួយ មានក្រុមកាំភ្លើងធំប្រដាប់អាវុធប្រមាណ៧ទៅ៨នាក់ ជិះម៉ូតូ៤គ្រឿងប្រដាប់ដោយបាវធំៗ បានសម្រុកចូលស្ថានីយប្រេងតាមបណ្តោយផ្លូវជាតិលេខ៤២ រួចហើយបានបាញ់កាំភ្លើងឡើងលើ ដើម្បីគំរាមបង្ខំឱ្យបុគ្គលិក និងអតិថិជនរត់ចេញពីទីនោះ មុនពេលពួកគេដាក់គ្រាប់បែកច្នៃបំផ្ទុះក្បាលបូមប្រេងទាំង ៨គ្រឿង បណ្ដាលឱ្យដំបូលស្ថានីយបាក់ស្រុត និងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ហេតុការណ៍នេះ បានបណ្ដាលឱ្យបុគ្គលិកគិតលុយម្នាក់ និងបុគ្គលិកម្នាក់ទៀតរងរបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យ ខណៈស្ថានីយប្រេងមួយនេះ ត្រូវបានកត់ត្រាថា រងការវាយប្រហារជាលើកទី៤ ហើយគិតចាប់តាំងពីឆ្នាំ២០១៨មក។

ដោយឡែក នៅក្នុងពេលប្រហាក់ប្រហែលគ្នានោះដែរ នៅឯស្ថានីយប្រេងមួយកន្លែងទៀតក្នុងស្រុកយ៉ារីង ក្រុមខ្មាន់កាំភ្លើងមានគ្នាជាង១០នាក់ បិទមុខជិត និងកាន់អាវុធយោធាគ្រប់ដៃ បានប្រើល្បិចស្រដៀងគ្នា ដោយបានដេញមនុស្សចេញ រួចដាក់គ្រាប់បែកច្នៃទម្ងន់១៥គីឡូក្រាមនៅចំកណ្តាលស្ថានីយ ព្រមទាំងបានបើកបង្ហូរប្រេងសាំងស្រោចពេញតំបន់នោះ ដើម្បីបង្កើនកម្លាំងផ្ទុះ និងភ្លើងឆេះបំផ្លាញហាងទំនិញ និងបន្ទប់ថ្វាយបង្គំខ្ទេចខ្ទី មុនពេលបាចបន្លាដែក ពេញផ្លូវថ្នល់ដើម្បីរារាំងឡានសមត្ថកិច្ច រួចរត់គេចខ្លួនបាត់ស្រមោល។ បច្ចុប្បន្ន កងកម្លាំងសន្តិសុខថៃកំពុងសហការគ្នាពិនិត្យលើប្រព័ន្ធកាមេរ៉ាសុវត្ថិភាព និងប្រមូលភស្តុតាង ដើម្បីតាមប្រមាញ់ក្រុមសង្ស័យដែលមានដីកាចាប់ខ្លួនស្រាប់ ដោយសន្និដ្ឋានបឋមថា ជាការធ្វើឡើងក្នុងបំណងបំផ្លាញសេដ្ឋកិច្ច និងបង្កើតភាពវឹកវរនៅក្នុងខេត្តព្រំដែនភាគខាងត្បូង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត