អឺរ៉ុបប្តូរយុទ្ធសាស្ត្រធ្វើស.ង្គ្រា.ម និងសម្រុកផលិតដ្រូនតម្លៃថោកទប់ទល់រុស្ស៊ី
ហៀប ស៊ីថេត
8 ម៉ោងមុន

រាជធានីឡុងដ៍៖ មន្ត្រីយោធាជាន់ខ្ពស់អឺរ៉ុបបានអះអាងថា បណ្តាប្រទេសសម្ព័ន្ធមិត្តអឺរ៉ុប ចាំបាច់ត្រូវធ្វើការកែទម្រង់យ៉ាងស៊ីជម្រៅលើសមត្ថភាពប្រយុទ្ធរបស់ខ្លួន សម្រាប់យុគសម័យសង្គ្រាមបែបថ្មី ព្រមទាំងបានព្រមានអំពីការគំរាមកំហែងដែលអាចកើតមានពីសំណាក់ប្រទេសរុស្ស៊ី។

នៅក្នុងសន្និសីទការពារជាតិមួយ នារាជធានីឡុងដ៍ក្នុងសប្តាហ៍នេះ មេបញ្ជាការរងនៃកងកម្លាំងសម្ព័ន្ធមិត្តណាតូ(NATO) ប្រចាំតំបន់អឺរ៉ុប លោក ចននី ស្ទ្រីងហ្គើ (Johnny Stringer) បានសង្កត់ធ្ងន់លើតម្រូវការក្នុងការផ្លាស់ប្ដូរមកប្រើប្រាស់ឧបករណ៍ ដែលមានតម្លៃថោក និងអាចផលិតបានក្នុងបរិមាណច្រើន ដូចជា ដ្រូន និងប្រព័ន្ធស្ទាក់ចាប់អាវុធ ដោយកាត់បន្ថយការពឹងផ្អែកលើគ្រឿងយុទ្ធោបករណ៍ទំនើបៗ ដែលមានតម្លៃថ្លៃហួសហេតុ និងត្រូវចំណាយពេលច្រើនឆ្នាំក្នុងការផលិត។ លោកបានលើកឡើងថា ក្នុងចំណោមអាទិភាពផ្សេងទៀត គឺសមត្ថភាពក្នុងការវាយប្រហារច្បាស់ៗរយៈចម្ងាយឆ្ងាយ និងសង្គ្រាមអេឡិចត្រូនិក ព្រមទាំងការពង្រឹងប្រព័ន្ធការពារដែនអាកាស រួមទាំងការការពារប្រឆាំងនឹងអាវុធដែលមានចម្ងាយបាញ់រាប់ពាន់គីឡូម៉ែត្រ។

មេបញ្ជាការកងទ័ពអាកាសរូបនេះ បានប្រាប់អ្នកចូលរួមថា៖«ការគំរាមកំហែងដែលយើងកំពុងប្រឈមមុខ គឺនៅជុំវិញខ្លួន ៣៦០ដឺក្រេ។ យើងចាំបាច់ត្រូវសម្លឹងមើលទៅទិសខាងជើងឱ្យបានឆ្ងាយជាងមុន ជុំវិញចម្ងាយបាញ់ ដែលយើងត្រូវដោះស្រាយជាមួយយន្តហោះចម្បាំងរយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី ព្រមទាំងការគំរាមកំហែងដ៏មានឥទ្ធិពលលើផ្ទៃទឹក និងក្រោមទឹក ដែលបាញ់ចេញពីកងនាវាភាគខាងជើង[នៃកងទ័ពជើងទឹករុស្ស៊ី]»។ មន្ត្រីជាន់ខ្ពស់អឺរ៉ុបមួយចំនួនបានលើកឡើងថា រុស្ស៊ីអាចនឹងស្តារកងទ័ពរបស់ខ្លួនឡើងវិញបានយ៉ាងរឹងមាំគ្រប់គ្រាន់ ដើម្បីគំរាមកំហែងដល់ទឹកដីរបស់ណាតូ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត