អ្នកលោតឆត្រយោង១១នាក់ និងអ្នកបើកម្នាក់ សុទ្ធតែបាត់បង់ជីវិត ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះដ៏រន្ធត់នៅអាម៉េរិក
N
Nary Vann
មួយថ្ងៃមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ មនុស្សចំនួន១២នាក់ ក្នុងនោះមានអ្នកលោតឆត្រយោង១១នាក់ និងអ្នកបើកបរយន្តហោះម្នាក់ បានបាត់បង់ជីវិតទាំងអស់ នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះឯកជនមួយ កាលពីថ្ងៃទី១៤ ខែមិថុនា នៅជិតព្រលានយន្តហោះ បាត់ឡឺ ម៉េម័ររៀល (Butler Memorial) ក្នុងរដ្ឋមីសស៊ូរី (Missouri) សហរដ្ឋអាម៉េរិក។

យោងតាមអាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុន Skydive Kansas City (ស្កាយដាយ កាន់សាស ស៊ីធី) ដែលជាអ្នកប្រតិបត្តិការការលោតឆត្រយោងនេះ បានឱ្យដឹងថា យន្តហោះខ្នាតតូចប្រភេទម៉ាស៊ីនទោល Pacific Aerospace 750XL (ប៉ាស៊ីហ្វិក អ៊ែរ៉ូស្ពេស 750XL) បានហោះហើរឡើងនៅវេលាម៉ោងប្រហែល១១:២០នាទីព្រឹក (ម៉ោងនៅអាម៉េរិក) ប៉ុន្តែមិនអាចបង្កើតកម្ពស់ហោះហើរបានឡើយ រួចក៏បានបត់ឆ្វេងយ៉ាងគំហុក និងធ្លាក់ចម្ងាយប្រហែល២៧០ម៉ែត្រពីផ្លូវរត់។ អ្វីដែលកាន់តែខ្លោចចិត្តនោះ គឺសមាជិកគ្រួសារជនរងគ្រោះមួយចំនួន បានឃើញទិដ្ឋភាពនៃការធ្លាក់យន្តហោះដ៏រន្ធត់នេះផ្ទាល់នឹងភ្នែក។

បច្ចុប្បន្ន ក្រុមស៊ើបអង្កេតមកពីគណៈកម្មាធិការជាតិសុវត្ថិភាពដឹកជញ្ជូន និងរដ្ឋបាលអាកាសចរណ៍សហព័ន្ធ បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ ខណៈអភិបាលរដ្ឋមីសស៊ូរី បានសម្ដែងការសោកស្ដាយ និងបានបញ្ជូនក្រុមការងារជំនាញចុះជួយសម្របសម្រួលផ្លូវចិត្តដល់ក្រុមគ្រួសារសព។ សមាគមលោតឆត្រយោងអាម៉េរិក អះអាងថា ករណីធ្លាក់យន្តហោះលោតឆត្រយោងដែលមានមនុស្សស្លាប់ច្រើនបែបនេះ គឺជារឿងកម្រកើតមានណាស់៕ 

រូបតំណាង មិនមែនស្ថិតក្នុងហេតុការណ៍នេះទេ 
រូបតំណាង មិនមែនស្ថិតក្នុងហេតុការណ៍នេះទេ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត