
រាជធានីបាងកក៖ ប៉ូលិសអូស្ត្រាលី បានចាប់ខ្លួននារីបុគ្គលិកបម្រើការលើយន្តហោះម្នាក់ ជាជនជាតិថៃ នៅលើជើងហោះហើរអន្តរជាតិមួយ នៅឯព្រលានយន្តហោះទីក្រុងមែលប៊ន (Melbourne) បន្ទាប់ពីការពិនិត្យកាំរស្មីអ៊ិចដោយមន្ត្រីកងកម្លាំងព្រំដែនអូស្ត្រាលី រកឃើញថ្នាំញៀនហេរ៉ូអ៊ីនទម្ងន់១គីឡូក្រាម លាក់ទុកនៅក្នុងកាបូបយួរដៃរបស់ស្ត្រីរូបនោះ...។

ប៉ូលិសសហព័ន្ធអូស្ត្រាលី(AFP) បានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ខ្លួននៅថ្ងៃចន្ទទី២៩ ខែមិថុនានេះថា ស្ត្រីវ័យ២៦ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួននៅឯព្រលានយន្តហោះ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយនៅក្នុងកាបូបយួរដៃចំនួន១២របស់នាង បានរកឃើញម្សៅពណ៌សលាក់នៅក្នុងស្រទាប់ខាងក្នុងកាបូប។ លទ្ធផលតេស្តបានបញ្ជាក់ថា វាជាថ្នាំញៀនហេរ៉ូអ៊ីន ដែលមានទម្ងន់សរុប១គីឡូក្រាម។ តម្លៃលក់នៅលើទីផ្សារងងឹត ត្រូវបានប៉ាន់ប្រមាណថា មានចំនួនដល់ទៅ១១,៥លានបាត ឬប្រហែល៣៣០០០០ដុល្លារអាម៉េរិក។ ទោះជាយ៉ាងណា ខាងប៉ូលិសសហព័ន្ធអូស្ត្រាលី មិនបានបញ្ចេញឈ្មោះ ឬតួនាទីការងាររបស់ស្ត្រីរូបនោះ ឬឈ្មោះក្រុមហ៊ុនអាកាសចរណ៍នោះទេ។

សូមជម្រាបថា ស្ត្រីរូបនេះកំពុងប្រឈមមុខនឹងការចោទប្រកាន់ចំនួន២ករណីគឺ៖ ការនាំចូល និងការកាន់កាប់គ្រឿងញៀនខុសច្បាប់។ បទល្មើសនីមួយៗអាចប្រឈមនឹងការជាប់ពន្ធនាគារអតិបរមារហូតដល់២៥ឆ្នាំ។ សេចក្តីប្រកាសបានឱ្យដឹងថា ស្ត្រីរូបនេះ ត្រូវបានឃុំខ្លួនបណ្តោះអាសន្នកាលពីថ្ងៃសុក្រ២៦ ខែមិថុនា ហើយនឹងត្រូវឡើងតុលាការក្រុងមែលប៊នម្ដងទៀត នៅថ្ងៃទី១៤ ខែកញ្ញា។ មេបញ្ជាការកងកម្លាំងព្រំដែនអូស្ត្រាលី (ABF) លោក គ្លីន ស៊ីមស៍ (Clint Sims) បានលើកឡើងថា បុគ្គលិកបម្រើការលើយន្តហោះផ្សេងទៀត អាចនឹងលួចលាក់នាំចូលគ្រឿងញៀនខុសច្បាប់ទៅកាន់ប្រទេសអូស្ត្រាលី។ មេបញ្ជាការរូបនេះ បានព្រមានថា៖«ជនណាក៏ដោយ ដែលព្យាយាមនាំចូលគ្រឿងញៀនខុសច្បាប់មកកាន់ប្រទេសអូស្ត្រាលី ដោយមិនគិតពីឋានៈ ឬតួនាទីនោះទេ នឹងត្រូវកំណត់ជាគោលដៅ និងប្រឈមមុខនឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុត»៕




