ឥទ្ធិពលខ្យល់ព្យុះ! អាជ្ញាធរអប្សរា ណែនាំភ្ញៀវទេសចរធ្វើដំណើរក្នុងរមណីយដ្ឋានអង្គរប្រុងប្រយ័ត្ន ព្រោះអាចមានហានិភ័យនានាកើតឡើង
L
Linda Sorn
9 ម៉ោងមុន

ក្រុងសៀមរាប៖ អាជ្ញាធរជាតិអប្សរា អំពាវនាវឱ្យពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិ បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ក្នុងពេលធ្វើដំណើរក្នុងរមណីដ្ឋានអង្គរ ក្រោយសន្និដ្ឋានថា ខ្យល់ព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ អាចបង្កជាគ្រោះថ្នាក់ណាមួយជាយកថាហេតុ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា នាថ្ងៃចន្ទទី១៣មេសា ឆ្នាំ២០២៦។

ភ្ញៀវទេសចរចូលទស្សនាប្រាសាទនានា អំឡុងពេលភ្ញៀងធ្លាក់
ភ្ញៀវទេសចរចូលទស្សនាប្រាសាទនានា អំឡុងពេលភ្ញៀងធ្លាក់

ការអំពាវនាវរបស់អាជ្ញាធរអប្សរា ធ្វើឡើងក្រោយ​ កម្ពុជាទទួលរងឥទ្ធិពលព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ ធ្វើឱ្យបណ្តាខេត្តនានានៅកម្ពុជា រួមទាំងខេត្តសៀមរាបផងនោះ អាចមានភ្លៀងធ្លាក់ រួមជាមួយខ្យល់កន្រ្តាក់ រយៈពេលជាង១០ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥​ ខែមេសា ឆ្នាំ២០២៦។ អាជ្ញាធរបញ្ជាក់ថា៖«រមណីយដ្ឋានអង្គរ អាចនឹងទទួលរងផលប៉ះពាល់មួយចំនួន កើតចេញពីឥទ្ធិពលខ្យល់ព្យុះនេះ ដែលអាចបង្កឱ្យមានភ្លៀងធ្លាក់ ផ្គរ រន្ទះ លាយឡំជាមួយខ្យល់កន្ត្រាក់ជាហេតុបណ្ដាលឱ្យដីជ្រាយ ងាយរលំ ឬបាក់មែកឈើនានា នៅតាមទីតាំងមួយចំនួន»។

ដើមឈើក្នុងរមណីយដ្ឋានអង្គរ ត្រូវបានខ្យល់បក់ដួលចំកណ្ដាលផ្លូវ កាលពីកន្លងទៅ
ដើមឈើក្នុងរមណីយដ្ឋានអង្គរ ត្រូវបានខ្យល់បក់ដួលចំកណ្ដាលផ្លូវ កាលពីកន្លងទៅ

អាជ្ញាធរ បានអំពាវនាវដល់សាធារណជន, ភ្ញៀវទេសចរជាតិ-អន្តរជាតិ, អ្នកបើកបរយានគ្រប់ប្រភេទ និងអ្នកដឹកភ្ញៀវទេសចរទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅក្នុងអំឡុងពេលធ្វើដំណើរ ឬទស្សនាប្រាសាទនានា នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាពិសេសក្នុងអំឡុងពេលមានព្យុះនេះ ដោយមិនត្រូវចតយានយន្តគ្រប់ប្រភេទ ឬឈប់ជ្រកក្រោមដើមឈើ ដើម្បីបង្ការនូវហានិភ័យនានា ដែលអាចបណ្ដាលឱ្យរងរបួស ឬខូចខាតទ្រព្យសម្បត្តិ ឬអាចឈានទៅដល់ប៉ះពាល់អាយុជីវិតផងដែរ។ គួរកត់សម្គាល់ថា កាលពីពេលកន្លងទៅ ជាពិសេស​នារដូវវស្សា ឥទ្ធិពលទឹកភ្ញៀង និងខ្យល់កន្ត្រាក់ តែងធ្វើឱ្យដើមឈើមួយចំនួនដួលរលំ ឬបាក់មែកបង្កការជាគ្រោះថ្នាក់ដល់ភ្ញៀវទេសចរជារឿយៗ។​

ដើមឈើនានាក្នុងរមណីយដ្ឋានអង្គរ ត្រូវបានខ្យល់បក់ដួលចំកណ្ដាលផ្លូវ កាលពីកន្លងទៅ
ដើមឈើនានាក្នុងរមណីយដ្ឋានអង្គរ ត្រូវបានខ្យល់បក់ដួលចំកណ្ដាលផ្លូវ កាលពីកន្លងទៅ

ជាក់ស្តែង កាលពីថ្ងៃទី២៣កក្កដា ឆ្នាំ២០២៤កន្លងទៅ មានដើមឈើមួយចំនួនបានបាក់ និងដួលរលំ ដោយសារឥទ្ធិពលនៃកំណើនទឹកភ្លៀងរួមផ្សំជាមួយផ្គរ រន្ទះ ស្ថិតនៅចំណុចខ្លោងទ្វារខាងត្បូងនៃប្រាសាទបាយ័ន បានឆក់យកជីវិតភ្ញៀវទេសចរម្នាក់ និងមនុស្សចំនួន៣នាក់ ទៀតរងរបួសធ្ងន់ស្រាល។ ដោយឡែក ថ្ងៃទី១កញ្ញា ឆ្នាំ២០២៤ នៅចំណុចស្ពានបុរាណប្រាសាទនាគព័ន្ធ ក៏មានករណីដើមក្រឡាញ់ និងពពេល ចំនួន២ដើម ត្រូវបានខ្យល់បក់ដួលចំកណ្ដាលផ្លូវ៕

  ដើមឈើបាក់ស្ថិតនៅចំណុចខ្លោងទ្វារខាងត្បូង នៃប្រាសាទបាយ័ន បានឆក់យកជីវិតភ្ញៀវទេសចរម្នាក់ និងមនុស្សចំនួន៣នាក់ ទៀតរងរបួសធ្ងន់ស្រាល  
  ដើមឈើបាក់ស្ថិតនៅចំណុចខ្លោងទ្វារខាងត្បូង នៃប្រាសាទបាយ័ន បានឆក់យកជីវិតភ្ញៀវទេសចរម្នាក់ និងមនុស្សចំនួន៣នាក់ ទៀតរងរបួសធ្ងន់ស្រាល  
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត